ខ្មែរប៉ុស្ដិ៍ Close

លោក ឃួង ស្រេង ៖ ការបិទខ្ទប់កន្លងមកធ្វើឲ្យយើងលំបាកខ្លះមែន តែធ្វើឱ្យយើងរស់ បើយើងមិនមានវិធានការបែបនេះយើងនឹងស្លាប់ តើយកមួយណា?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 42
លោក ឃួង ស្រេង ៖ ការបិទខ្ទប់កន្លងមកធ្វើឲ្យយើងលំបាកខ្លះមែន តែធ្វើឱ្យយើងរស់ បើយើងមិនមានវិធានការបែបនេះយើងនឹងស្លាប់ តើយកមួយណា? លោក ឃួង ស្រេង ៖ ការបិទខ្ទប់កន្លងមកធ្វើឲ្យយើងលំបាកខ្លះមែន តែធ្វើឱ្យយើងរស់ បើយើងមិនមានវិធានការបែបនេះយើងនឹងស្លាប់ តើយកមួយណា?

គណៈអភិបាលរាជធានីភ្នំពេញបានធ្វើការពិភាក្សាលើសេចក្តីសម្រេចមួយ ស្តីពីការបិទបញ្ចប់បម្រាមគោចរ និងការអនុញ្ញាតជាគោលការណ៍ពិសេសចំពោះអាជីវកម្មដ្ឋានក្នុងតំបន់លឿងនៃភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបន្ទាន់មួយដែលបានធ្វើឡើងនាព្រឹកថ្ងៃទី ២២ ខែឧសភានេះ នៅសាលារាជធានីភ្នំពេញក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា ក្នុងសេចក្តីសំរេចលេខ១១៥​​​​​​​​​​​​​​​​​​/២១ សសរ ត្រង់ប្រការមួយបញ្ជាក់ថា ត្រូវបានបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតិគោលការណ៏ពិសេសចំពោះអាជីវកម្មដ្ឋានមួយចំនួន ក្នុងតំបន់លឿងនៃភូមិសាស្ត្ររាជធានីភ្នំពេញគិតចាប់ពីម៉ោងសូន្យ (០) នាថ្ងៃទី ២២ ខែឧសភាឆ្នាំ២០២១តទៅ។

លោកអភិបាលបានបញ្ជាក់ថា ការដាក់ឲ្យដំណើរការឡើងវិញគឺសំរាប់តែផ្សាររដ្ឋ ឬផ្សាររៀបរយប៉ុណ្ណោះ។ ចំពោះផ្សារមិនរៀបរយ មិនមានការគ្រប់គ្រងច្បាស់លាស់ គឺមិនអនុញ្ញាតឲ្យបើកឡើងវិញនោះទេ។

បម្រាមគោចរក្នុងតំបន់លឿងត្រូវបានបញ្ចប់។ គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងក្នុងបរិវេណអាជីវកម្មឡើងវិញបាន និងបញ្ចប់ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

តែសកម្មភាពទាំងអស់ខាងលើត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ពិសេសអនុវត្តវិធានការ «៣កុំ ៣ការពារ» របស់សម្តេច ហ៊ុន សែន។ ចំពោះសកម្មភាពការងារ មុខរបរ និងអាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ ជាអាទិ៍ខារ៉ាអូខេ រង្គសាល ឌីស្កូថេក និងបៀហ្គាដិន អាជីវកម្មម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសំដែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា ព្រមទាំងអាជីវកម្ម សេវាផ្សេងទៀតដែលមិនទាន់មានគោលការណ៍អនុញ្ញាត ដូចក្នុងប្រការ១នៃសេចក្តីសម្រេចនេះ ត្រូវបន្តផ្អាកដំណើរការជាបណ្តោះអាសន្តរហូតដល់មានការសម្រេចជាថ្មី។

លោក ឃួង ស្រេង បានលើកឡើងបន្តទៀតថា ការបិទខ្ទប់ធ្វើឲ្យយើងលំបាកខ្លះ តែរវាងការលំបាកខ្លះនិងការស្លាប់ តើយើងជ្រើសរើសយកមួយណា? លោកអភិបាលបានណែនាំឲ្យគណៈកម្មការគ្រប់គ្រងផ្សារទូទាំងរាជធានីភ្នំពេញត្រូវដាក់ម៉ាស៊ីនវាស់កំដៅ បាញ់អាលកុល ពាក់ម៉ាស់ និងត្រូវដាក់មេក្រូបំពងសំឡេងតាមមាត់ច្រកចេញចូលផ្សារ និងផ្សព្វផ្សាយសារអប់រំពីការការពារ ការឆ្លងរាលដាលដ៏សាហាវនៃជំងឺកូវីដ-១៩នេះ។

ពាក់ពន្ធ័នឹងការបើកផ្សារលក់ដូរឡើងវិញនេះ គឺសំរាប់តែផ្សាររៀបរយតែប៉ុណ្ណោះ ចំណែកផ្សារមិនរៀបរយ មានរូបភាពរញ៉េរញ៉ៃគ្មានអនាម័យគឺមិនទាន់អនុញ្ញាតឲ្យបើកលក់ទេ ព្រោះស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ នៅតែរីករាលដាលនៅឡើយ។ តែរដ្ឋបាលរាជធានីភ្នំពេញនឹងដកពិសោធន៍ វាយតំលៃ ពិចារណាលើការបន្តបើកផ្សារមិនរៀបរយនៅដំណាក់កាលក្រោយទៀត។

លោកបានបន្តទៀតថា បើយើងដឹងថា បើកផ្សារទៅហើយធ្វើអោយរាលដាលជំងឺកូវីដ-១៩ និងបណ្តាលឲ្យមនុស្សស្លាប់គឺយើងមិនអាចធ្វើបានទេ សុខចិត្តនៅលំបាកមួយរយៈពេលទៀតសិន ដោយមិនប្រថុយប្រថានបើកច្រកមរណៈនោះទេ ដើម្បីយើងបានក្តីសុខទាំងអស់គ្នា។ ម៉្យាងទៀតគណៈគ្រប់គ្រងផ្សារទាំងអស់ត្រូវតែហ្មត់ចត់ ច្បាស់លាស់តាមគោលការណ៍ដែលបានណែនាំ៕

អត្ថបទទាក់ទង