រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាតិ លើកទី៧៤ នៅទីក្រុងញូវយ៉ក
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៤ ក្រោមមូលបទ «ជំរុញកិច្ចប្រឹងប្រែងពហុភាគី សម្រាប់ការលុបបំបាត់ភាពក្រីក្រ ការអប់រំប្រកបដោយគុណភាព សកម្មភាពអាកាសធាតុ និងបរិយាប័ន្ន» និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងញូវយ៉ក។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ប្រមុខការទូតកម្ពុជា នឹងអញ្ជើញធ្វើសេចក្ដីថ្លែងការណ៍ ផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សមិទ្ធិផលសំខាន់ៗឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍ និងកិច្ចប្រឹងប្រែងឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា និងសារៈសំខាន់នៃកិច្ចប្រឹងប្រែងរួម ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ភេរវកម្ម អំពើជ្រុលនិយម និងអចន្តិនិយម និងការគំរាមកំហែងសន្តិសុខមិនប្រពៃណី។
លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងរំលេចបញ្ហាសណ្តាប់ធ្នាប់ពិភពលោកថ្មី ពហុភាគីនិយម តួនាទីច្បាប់អន្តរជាតិ ផលប៉ះពាល់ជាអវិជ្ជមាននៃព័ត៌មានក្លែងបន្លំ និងបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍ និងការព្រួយបារម្ភរួម នៅក្នុងសេចក្ដីថ្លែងការណ៍នេះផងដែរ។
ក្រៅពីអញ្ជើញចូលរួមមហាសន្និបាតនេះ លោកឧបនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយលោក ថូម៉ាស ភេទ្រីសេក (Tomas Petricek) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឆែក និងលោក សឺរហ្គេយ ឡាវរ៉ូវ (Sergey V. Lavrov) រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៉ី និងរំពឹងថា នឹងមានជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្រ្តីការបរទេស នៃប្រទេសមួយចំនួនផ្សេងទៀត រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។
ស្របពេលជាមួយមហាសន្និបាតនេះ គណៈប្រតិភូកម្ពុជា ក៏នឹងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រៅផ្លូវការ នៃសន្និសីទស្ដីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅតំបន់អាស៉ី (CICA) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃចលនាមិនចូលបក្សសម័្ពន្ធ (NAM) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសដៃគូ សហប្រតិបត្តិការអាស៉ី (ACD) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ (IAMM) និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៤ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (IUMM) ព្រមទាំងកិច្ចប្រជុំជាច្រើនទៀត៕