ខ្មែរប៉ុស្ដិ៍ Close

ក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គ ចែកបទពិសោធន៍គ្នាក្នុងការស្ដារវិស័យទេសចរណ៍នាពេល និងក្រោយពេលវិបត្តិកូវីដ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ នគរគំនិត 38
ក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គ ចែកបទពិសោធន៍គ្នាក្នុងការស្ដារវិស័យទេសចរណ៍នាពេល និងក្រោយពេលវិបត្តិកូវីដ ក្រុមប្រទេសមហាអនុតំបន់ទន្លេមេគង្គ ចែកបទពិសោធន៍គ្នាក្នុងការស្ដារវិស័យទេសចរណ៍នាពេល និងក្រោយពេលវិបត្តិកូវីដ

(ភ្នំពេញ)៖ ក្រុមប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ រួមមាន ចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម បានបើកកិច្ចប្រជុំ «The 1st Destination Mekong Summit» តាមរយៈប្រព័ន្ធវីដេអូខន់ហ្វឺរិន ក្នុងគោលបំណងរួម គឺធ្វើយ៉ាងណាត្រូវស្ដារវិស័យទេសចរណ៍ឡើងវិញឱ្យបាន នាកំលុងពេល និងក្រោយពេលវិបត្តិកូវីដ។

ថ្វីដ្បិតកិច្ចប្រជុំនេះជារឿងរបស់ក្រុមប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គក៏ពិតមែន ប៉ុន្តែក្នុងនោះក៏មានអ្នកចូលរួមផ្សេងទៀតមកពីជុំវិញពិភពលោក ដែលមានទាំងស្ថាប័នសាធារណៈ និងផ្នែកឯកជនសរុបប្រមាណ ១,០០០នាក់។ ភាគីកម្ពុជាត្រូវបានដឹកនាំការចូលរួមដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយឯកឧត្តមរដ្ឋមន្ត្រីក៏បានចូលរួមចែករំលែកបទពិសោធន៍ជាច្រើនជូនអង្គប្រជុំអនឡាញ

នេះ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកបង្ហាញថា នៅចំពោះការតស៊ូប្រយុទ្ធប្រឆាំងជាមួយបិសាចកំណាចកូវីដនេះ ប្រទេសកម្ពុជាមិនបាននៅស្ងៀមនោះឡើយ ដោយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រោមការគាំទ្រពីសំណាក់អង្គការសុខភាពពិភពលោកផងនោះ បានដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងយ៉ាងសស្រាក់សស្រាំ និងមានការយកចិត្តទុកដាក់ជាទីបំផុត។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួង ស្ថាប័ន អង្គភាពនានា ព្រមទាំងប្រជាពលរដ្ឋកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺសកលនេះ ក្នុងនោះក្រសួងទេសចរណ៍ក៏តែងចេញធ្វើសកម្មភាពជាប់ជាប្រចាំនៅតាមដែនសមត្ថកិច្ចរបស់ខ្លួន លើការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមតំបន់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ មូលដ្ឋានអាជីវកម្មសេវាកម្មស្នាក់នៅ មូលដ្ឋានអាជីវកម្មសេវាកម្មម្ហូបអាហារ អាជីវកម្មសេវាកម្មដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក។

ការខិតខំនេះគឺដើម្បីធ្វើយ៉ាងណាអាចស្ដារវិស័យទេសចរណ៍ក្នុងប្រទេសបានខ្លះ ដើម្បីជួយកុំ ឱ្យជួបនូវវិបត្តិដុនដាបខ្លាំងពេក ក្នុងនោះក្រសួងទេសចរណ៍បានជំរុញឱ្យមានចលនាទេសចរក្នុងស្រុកខ្លះៗ ដោយភ្ជាប់ជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង៦ផ្នែកខាងលើ ដើម្បីឱ្យដង្ហើមវិស័យទេសចរណ៍ជាតិនៅតែអាចរស់បាន។

សម្រាប់កម្ពុជា ទោះបីមិនទាន់អាចទទួលយកទេសចរអន្តរជាតិបាន ក៏កម្ពុជានៅតែរៀបចំខ្លួនជាប់ជាប្រចាំ ដូចជា ពង្រឹងវិធានសុវត្ថិភាពទេសចរណ៍ ការលើកទឹកចិត្តឱ្យមានការវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងមានសុវត្ថិភាពខ្ពស់ ការជំរុញឱ្យប្រជាពលរដ្ឋចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីដើរឱ្យទាន់នឹងសម័យកាលបដិវត្តឧស្សាហកម្ម ៤.០ ការបង្វឹកបំប៉ន និងបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យទេសចរណ៍បន្ថែម ការលើកស្ទួយ និងជំរុញឱ្យមានការវិនិយោគលើវិស័យកសិកម្ម ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ ពិសេសគឺការទប់ស្កាត់មិនឱ្យឆ្លងចូលទៅក្នុងសហគមន៍ប្រជាពលរដ្ឋ។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ទៅកាន់អង្គប្រជុំ «The 1st Destination Mekong Summit»។

ឯកឧត្តមបណ្ឌិត ថោង ខុន បានបង្ហើបឱ្យដឹងថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យមានការឈប់សម្រាករយៈពេល៥ថ្ងៃ ដើម្បីសងថ្ងៃឈប់សម្រាកកាលពីកំលុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងទៅ ដោយកំលុងពេល៥ថ្ងៃនេះ កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១.៤លាននាក់។ អ្វីដែលឱ្យរីករាយនោះ គឺគ្មានរកឃើញថាមានករណីឆ្លងជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណាម្នាក់នោះឡើយ។

ចំណុចថ្មីមួយទៀតនៅក្នុងកិច្ចប្រជុំខាងលើ គឺប្រទេសថៃបានលើកឡើងពីគម្រោងចង់ពិភាក្សាជាមួយរដ្ឋាភិបាលនៃប្រទេសផ្សេងទៀត ដើម្បីពិនិត្យលើលទ្ធភាពអនុវត្តនយោបាយទេសចរណ៍ «Green Travel Bubble» ជាលក្ខណៈទ្វេភាគី ឬត្រីភាគី ហើយប្រសិនបើជោគជ័យ គេនឹងអាចឈានដល់ពហុភាគីថែមទៀត៕

អត្ថបទទាក់ទង