ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមតិ៖ សត្រូវដ៏ធំបំផុតនៃសុខសន្តិភាព គឺសង្គ្រាម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 46
ទស្សនៈមតិ៖ សត្រូវដ៏ធំបំផុតនៃសុខសន្តិភាព គឺសង្គ្រាម ទស្សនៈមតិ៖ សត្រូវដ៏ធំបំផុតនៃសុខសន្តិភាព គឺសង្គ្រាម

បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា បាននិងកំពុងតែរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ។ បើយើងសង្កេតមើលពីស្ថានភាពទូទៅក្នុងប្រទេសកម្ពុជា គឺពីមួយថ្ងៃទៅមួយថ្ងៃ ភាពរីកចំរើនស្ទើរគ្រប់វិស័យ បានធ្វើឱ្យជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ កាន់តែធូធារឡើង ហើយប្រជាពលរដ្ឋបាននិងកំពុងរស់នៅពោរពេញទៅដោយស្នាមញញឹម។ អ្វីទាំងអស់នេះ គឺកើតចេញពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។ ទោះជាបែបនេះក្តី ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនតូច បានមើលរំលង និងភ្លេចថាអ្វីៗដែលជាភាពល្អប្រសើរ ភាពវិជ្ជមាន និងសេចក្តីសុខសាន្ត ដែលយើងកំពុងតែមាននាពេលនេះ គឺកើតចេញពីតម្លៃនៃសុខសន្តិភាព ហើយបានជ្រុលខ្លួនទៅបម្រើឱ្យនយោបាយទុច្ចរិត របស់ក្រុមប្រឆាំងក្រៅច្បាប់។ បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ដោយសារតែឈ្លក់វង្វែងនឹងការឃោសនានយោបាយបែបប្រជាភិថុតិ ងប់ងុលនឹងការញុះញង់ អុចអាល របស់ក្រុមជនអគតិ ហើយបានធ្លាក់ខ្លួន ទៅជាអ្នកបម្រើនយោបាយដ៏ផ្កាប់មុខ របស់ក្រុមប្រឆាំងក្រៅច្បាប់។ តាមរយៈការដឹកនាំ និងបោកប្រាស់ របស់អ្នកនយោបាយដែលមានចេតនាបំផ្លាញជាតិនេះ បានធ្វើឱ្យបងប្អូនខ្មែរមួយចំនួនតូច បាននិងកំពុងតែចូលរួមក្នុងការបំផ្លាញនូវសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជាតិដោយមិនដឹងខ្លួន។

ក្នុងប្រវត្តិអតីតកាលរបស់កម្ពុជា ក៏មានក្រុមបំផ្លាញជាតិ ដើម្បីតែផលប្រយោជន៍ និងមហិច្ឆតា​ផ្ទាល់ខ្លួននេះដែរ ហើយក្រុមនេះបានធ្វើឱ្យខ្មែរត្រូវរងទុក្ខ ក្នុងអតីតកាលដ៏ជូរចត់ដែលមិនអាចបំភ្លេចបាន។ ចន្លោះទសវត្សរ៍ឆ្នាំ៧០ប្រទេសកម្ពុជាបានធ្លាក់ក្នុង​ភ្លើងសង្គ្រាមយ៉ាងពេញទំហឹង បន្ទាប់ពីពួក លន់ នល់ បានធ្វើរដ្ឋប្រហារផ្តួលរំលំរបបសង្គមរាស្ត្រនិយម ​ដែលដឹកនាំដោយ ព្រះកុរណា សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ តាមខ្សែញាក់របស់បរទេស។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ របបលន់ នល់ ត្រូវបានផ្តួលរំលំ ពេលនោះប្រជាជនកម្ពុជា​សង្ឃឹមថា នឹងបានរស់នៅក្នុងសុខសន្តិភាព ហើយចាប់ផ្តើមស្តារ និងកសាងទឹកដីរបស់ខ្លួនឡើងវិញ ប៉ុន្តែពួក ប៉ុល ពត បានឆក់ប្លន់យកទាំងស្រុងនូវសមិទ្ធផលជ័យជម្នះនេះ បង្កើតឡើងនូវរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានអនុវត្តនយោបាយប្រល័យពូជសាសសន៍ ដ៏យង់ឃ្នងបំផុត ដែលពុំធ្លាប់មាន ក្នុងប្រវត្តិសាស្ត្ររបស់​មនុស្សជាតិ។ ធ្វើឱ្យទឹកដីកម្ពុជាទាំងមូល ក្លាយជាគុកឥតជញ្ជាំង និងជាវាលពិឃាត ជោកជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជនកម្ពុជា។ ប្រជាជនត្រូវពួកឃាតករប្លន់យកអស់នូវសិទ្ធិសេរីភាព ក្លាយជាទាសករ​រស់ដូចសត្វធាតុ ក្នុងភាពភ័យរន្ធត់ រកទីបំផុតគ្មាន។ សង្គមកម្ពុជាត្រូវក្រឡាប់ចាក់ រចនាសម្ព័ន្ធសង្គមជាតិ​ទាំងមូល ត្រូវបំផ្លាញដល់ឫសគល់ ប្រជាជនប្រមាណជិត៣លាននាក់ ត្រូវសម្លាប់យ៉ាងអាណោចអាធ័ម និងអយុត្តិធម៌បំផុត ឯអ្នកដែលនៅសេសសល់ក្នុងប្រទេស គឺរស់ក្នុងសភាពបារម្ភដល់អាយុជីវិតទាំង​យប់ទាំងថ្ងៃ មិនដឹងពេលណាដល់វេនខ្លួនត្រូវយកទៅសម្លាប់។

ពិតប្រាដកណាស់ បើគ្មានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលាទេនោះ ប្រជាជនកម្ពុជា នឹងត្រុវពួកឃាតករបន្តកាប់សម្លាប់រកទីបញ្ចប់គ្មានឡើយ។ នៅក្នុងកាលៈទេសៈគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតនេះ កម្លាំង​អ្នកស្នេហាជាតិដ៏បរិសុទ្ធនៃ​គណបក្សប្រជាជនកម្ពុជា បានធ្វើការតស៊ូសង្គ្រោះជាតិពីរបបដ៏យង់ឃ្នងនេះ។ ក្នុងដំណើរឆ្ពោះទៅការសង្គ្រោះជាតិ ប្រវត្តិសាស្ត្របាន​កត់ត្រា​ទុកនូវព្រឹត្តិការណ៍សំខាន់ៗ​ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះជាតិ។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ លោក ហ៊ុន សែន បានចេញដំណើរ​ភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីស្វែងរកការជួយ​ឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ។ រណសិរ្សសាមគ្គីសង្គ្រោះ​ជាតិកម្ពុជា និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា ដែលមានការគាំទ្រពី​ប្រជាជននៅ​ទូទាំងប្រទេស បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ នេះគឺជាបណ្តាដំណាក់កាលជាប្រវត្តិសាស្ត្រ ដែលប្រជាជាតិយើង បានហែលឆ្លងកាត់ប្រកបដោយទុក្ខវេទនា មហាសោកនាដកម្ម និងការបាត់បង់ ដែលពុំអាចនឹងពណ៌នាបាន។

ប្រជាពលរដ្ឋខ្មែរដែលបានរស់រាន​មាន​ជីវិត​ពី​សង្គ្រាម​ និង​អំពើ​ប្រល័យ​ពូជសាសន៍ខ្មែរក្រហម គឺពិតជា​ធ្លាប់បានដឹងរួចមកហើយពីទំហំនៃការឈឺចាប់ និងសោកនាដកម្មដែលខ្មែរធ្លាប់ជួបប្រទះក្នុងសម័យសង្គ្រាម និងសម័យខ្មែរក្រហម។ នៅក្នុងសម័យកាលដែលកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម ការប្រយុទ្ធគ្នាដ៏សាហាវឃោរ​ឃៅរវាងភាគីមួយ និងភាគីមួយទៀត គឺបាន​នាំមកនូវផលវិបាកដ៏សន្ធឹកសន្ធាប់ វិបត្តិសេដ្ឋកិច្ច ការអត់ឃ្លាននៃប្រជាជន និងទារុណកម្មដ៏ធ្ងន់ធ្ងរ។ ភ្លាមៗបន្ទាប់​ពី​របប​ខ្មែរ​ក្រហម​បាន​ត្រូវផ្តួល​រំលំ ប្រជាពលរដ្ឋខ្មែរបាន​ខិតខំធ្វើគ្រប់បែបយ៉ាង ឱ្យ​តែមាន​អាហារហូបចុក​គ្រប់គ្រាន់​។​ ការចាប់ផ្តើម​កសាងប្រទេសពី​បាត​ដៃ​ទទេ ក្នុង​ពេលវេលា​មួយ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឹង​ងើប​ពី​សង្គ្រាម​ និង​អំពើ​ប្រល័យ​ពូជសាសន៍​ គ្រួសារនៃប្រជាពលរដ្ឋ​កម្ពុជា​ បាន​ប្រឹងប្រែង​កសាង​ជីវិត​​ឡើង​វិញយ៉ាងត្រដាបត្រដួសជាទីបំផុត។ ជា​លទ្ធផល​ ប្រជាជន​កម្ពុជា​បាន​កសាង​ជីវិត​ប្រសើរ​ជាង​មុន ដោយមានមេដឹកនាំដ៏អង់អាចក្លាហាន ប្រកបទៅដោយព្រហ្មវិហារធម៌ និងតែងតែគិតគូ លះបង់សព្វគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។ បើ​ទោះ​បី​ជាបច្ចុប្បន្នកម្ពុជាមិនទាន់ក្លាយជាប្រទេសអ្នកមានក្តី ក៏​យើង​បាន​ចាក​ផុត​អំពី​សេចក្តី​ស្រេកឃ្លាន និងការរងទុក្ខវេទនាដែរ។ ជាពិសេសប្រជាពលរដ្ឋទូទាំងប្រទេសបាននិងកំពុងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍលឿនទៅមុខ។

ប៉ុន្តែសម្រាប់ពួកមេចលនាប្រឆាំងក្រៅច្បាប់វិញ គឺមិនដែលគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរឡើយ ពួកគេមានមហិច្ឆិតាតែមួយគត់ គឺដណ្តើមកាន់កាប់អំណាច ដោយប្រើប្រាស់គ្រប់វិធី ទោះបីជាពួកគេដឹងថា វិធីដែលពួកគេបានប្រើ និងកំពុងតែប្រើ នឹងបំផ្លាញសុខសន្តិភាព បំផ្លាញការអភិវឌ្ឍ បំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក៏ពួកគេមិនខ្លាច ឬញញើតក្នុងការអនុវត្តដែរ។​ ជាក់ស្តែងមានភស្តុតាងជាច្រើន ត្រូវបានបង្ហាញជាសាធារណៈ ព្រមទាំងចម្លើយសារភាពយ៉ាងច្បាស់ក្រឡែត ដោយមិនអាចក្រកែកបាន របស់អតីតមេដឹកនាំនៃអតីតគណបក្សប្រឆាំង កឹម សុខា ដោយអះអាងថា ខ្លួនបានរៀបចំគម្រោងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយអនុវត្តតាមគម្រូបដិវត្តពណ៌នៅប្រទេសយូហ្គោស្លាវី គឺការផ្លាស់ប្តូរតាមទម្រង់បដិវត្តពណ៌ ដោយមានការបណ្តុះបណ្តាល និងជ្រោមជ្រែងពីបរទេស។ មានភស្តុតាងជាច្រើនទៀត ដែលបញ្ជាក់ថាកម្ពុជាពិតជាបានរងនូវការប៉ុនប៉ងបំផ្ទុះបដិវត្តពណ៌យ៉ាងពិតប្រាកដ ប៉ុន្តែមិនទទួលបានជោគជ័យ។ ក្រោយការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣ ក្រុមមេចលនាប្រឆាំង បានអនុវត្តនូវយុទ្ធសាស្ត្របដិវត្តពណ៌របស់ខ្លួន យ៉ាងក្តៅគគុក ក្រោមលេសមិនទទួលយកលទ្ធផលនៃការបោះឆ្នោត និងទាមទារឱ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីដំណែងជាដាច់ខាត។ កុប្បកម្មដែលពួកគេបានហៅថា ជាមហាបាតុកម្ម ដើម្បីផ្លាស់ប្តូរនៅពេលនោះ គឺក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយមានបរទេសនៅពីក្រោយខ្នង។ ពួកមេចលនាប្រឆាំងក្បត់ជាតិ សុខចិត្តធ្វើជាឈ្នាន់ និងជាកូនអុកឱ្យបរទេស អនុវត្តនូវផែនការបដិវត្តពណ៌ដ៏អាក្រក់បំផុតលើប្រទេសជាតិ និងប្រជាជនខ្លួនឯង។

យើងដឹងហើយថា លទ្ធផលនៃបដិវត្តពណ៌វាយ៉ាងណាខ្លះ! ប្រទេសមួយចំនួនដែលត្រូវបានគេធ្វើបដិវត្តពណ៌ដោយជោគជ័យ កំពុងតែស្ថិតក្នុងស្ថានភាពដ៏អាក្រក់បំផុត។ ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសទាំងនោះ គឺកំពុងតែបង្ហូរទឹកភ្នែកស្ទើររាល់ថ្ងៃ។ ឥទ្ធិពលនៃបដិវត្តពណ៌ បានធ្វើឱ្យប្រទេសមួយចំនួនធ្លាក់ក្នុងសង្គ្រាមដ៏រុំាំរ៉ៃ គ្រោះអត់ឃ្លាន ការបែកបាក់ព្រាត់ប្រាស់ ការបង្ហូរឈាមឥតឈប់ឈរ និងសោកនាដកម្មដ៏រន្ធត់ បាននិងកំពុងបន្តកើតឡើងក្នុងប្រទេសមួយចំនួន ដោយមិនដឹងត្រូវបញ្ចប់នៅពេលណា។ ជាក់ស្តែងបដិវត្តពណ៌នៅ ប្រទេសលីប៊ី, ស៊ីរី, យេមែន, អេហ្ស៉ីប, ទុយនេស៊ី, ស៊ូដង់។ល។ ជាលទ្ធផលនោះ គឺជាសោកនាដកម្មដ៏ធំធេង ដោយសារមនុស្សជាច្រើននាក់ត្រូវស្លាប់ បណ្តាប្រទេសទាំងនោះ ត្រូវធ្លាក់ក្នុងស្ថានភាពអស្ថេរភាព ការបំផ្លិចបំផ្លាញខ្ទេចខ្ទី ស្ទើរក្លាយជាផេះផង់។ បដិវត្តន៍ពណ៌ បានបណ្តាលឲ្យមានអំពើហិង្សា និងបានបង្កឲ្យមានការរីកដុះដាលឡើងនូវសង្គ្រាមស៊ីវិល អស្ថេរភាពក្នុងតំបន់ និងសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងដុនដាបបំផុត។ បដិវត្តពណ៌បានកើតឡើងយ៉ាងខ្លាំងក្លាទូទាំងតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងត្បូង។ គេសង្កេតឃើញថា បដិវត្តពណ៌បានបង្កើតជាវិបត្តិនយោបាយ និងបានត្រឹមតែធ្វើឱ្យមនុស្សស្លាប់ តែមិនបានជំរុញឲ្យមានអ្វីផ្លាស់ប្តូរជាវិជ្ជមានទាល់តែសោះ។ សរុបមកវិញ ការផ្លាស់ប្តូរតាមបែបបដិវត្តពណ៌ គឺមិនបានជួយអ្វីដល់ប្រទេសជាតិ និងប្រជាជននៃប្រទេសដែលទទួលរងនូវបដិវត្តពណ៌ឡើយ។​ ផ្ទុយទៅវិញមានតែបង្កវិនាសកម្ម និងការបំផ្លិចបំផ្លាញប្រទេសទាំងនោះដល់ឫសគល់តែម្តង ជាពិសេសគឺសុខសន្តិភាពលែងមានទៀតហើយសម្រាប់ប្រជាជន និងប្រទេសដែលជួបនូវការបំផ្ទុះបដិវត្តពណ៌ដោយជោគជ័យនោះ។

ដោយឡែកសម្រាប់ពួកមេចលនាប្រឆាំងនៅកម្ពុជាវិញ របស់ដែលហៅថា សុខសន្តិភាព និងការអភិវឌ្ឍ គឺជាសត្រូវដ៏ធំបំផុតរបស់ពួកគេ។ អ្វីដែលគេចង់បានបំផុតនោះ គឺការក្តោបក្តាប់អំណាច និងការសងសឹកដោយមិនខ្វល់ពីអ្វីទាំងអស់។ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរដូចគ្នា ខ្ញុំសូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស សូមភ្ញាក់មកវិញពីការវង្វេងជាតិ និងបញ្ឈប់នូវរាល់សកម្មភាពមិនទុច្ចរិតទាំងឡាយណា ដែលនាំទៅដល់ការខូចខាតផលប្រយោជន៍ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរទូទៅ។ សូមងាកមករកសង្គមជាតិយើងវិញ និងសូមកុំចូលរួមធ្វើជាឈ្នាន់នយោបាយ រុញប្រទេសឱ្យធ្លាក់ក្នុងសង្គ្រាម ព្រោះថាភ្លើងសង្គ្រាមគឺគ្មានអ្វីចំណេញដល់ប្រទេសជាតិ និងប្រជាជននោះទេ មានតែការបំផ្លិចបំផ្លាញអ្វីៗដែលយើងកំពុងតែមានប៉ុណ្ណោះ។ សូមចងចាំឱ្យច្បាស់ថា សត្រូវដ៏ធំបំផុតនៃសុខសន្តិភាព គឺសង្គ្រាម។ សូមរួមគ្នាថែរក្សា សុខសន្តិភាព និងការអភិវឌ្ឍ ដើម្បីផលប្រយោជន៍យើងទាំងអស់គ្នា៕

ដោយ៖ ស ជាតិ

អត្ថបទទាក់ទង