លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តាំទៅអ្នកបន្តវេនជានាយករដ្ឋមន្ត្រី សូមប្រើថវិការវិភាជទៅលើហេដ្ឋារចនាសម្ព័ន្ធ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានមានប្រសាសន៍ឲ្យដឹងថា បើពិនិត្យស្ថានភាពនៃការតភ្ជាប់ស្ពានតំបន់ឬស្សីកែវ ទៅត្រើយម្ខាងជ្រោយចង្វា ធ្វើឱ្យនឹកឃើញដល់អ្នករត់ទូកដរ និងអ្នកបើកសាឡាងទាំងឡាយ ត្រូវបានកាត់ផ្តាច់មុខរបររបស់ពួកគេ។ លោកនាយករដ្ឋមន្ត្រី បន្តថា រដ្ឋមិនអាចតម្រូវចិត្តមនុស្សប៉ុន្មាននាក់ ហើយបំភ្លេចចោលប្រជាពលរដ្ឋរាប់លាននាក់ដែលត្រូវឆ្លងកាត់ស្ពាននោះបានទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា ការតភ្ជាប់មានស្ពានព្រែកក្តាម ស្ពានព្រែកព្នៅ ស្ពានឬស្សីកែវ និងស្ពានជ្រោយចង្វា មានទីពីរ ស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន។ ប៉ុន្តែនៅសល់ស្ពានមួយកន្លែងទៀត ដែលនឹងត្រូវតភ្ជាប់រវាងម្ខាងទន្លេរសាប ត្រូវតភ្ជាប់មកតំបន់ជ្រោយចង្វា និងតភ្ជាប់ទៅអរិយក្សត្រ នេះជាគម្រោងរបស់សាធារណៈរដ្ឋកូរ៉េ ដែលប្រមុខរាជរដ្ឋាភិបាល បានខិតខំស្នើសុំជំនួយម្តងហើយម្តងទៀត រហូតដល់ឆ្លងកាត់ប្រធានាធិបតីកូរ៉េដល់ទៅពីររូប ទើបបានគម្រោងនេះចេញសម្រេចបាន ដែលនឹងបើកការដ្ឋានសាងសង់។
ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ឥឡូវនេះ តំបន់ទីក្រុងភ្នំពេញ គឺត្រូវការស្ពានចំនួន ៣ បន្ថែមទៀត ហើយស្ពានចំនួន ២ អាចនឹងចេញរូបរាងរយៈពេលឆាប់ៗនេះ គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងស្ពានសម្រាប់ផ្លូវល្បឿនលឿន ទើបត្រូវទិញយកស្ពានព្រែកព្នៅពីឯកជន មករដ្ឋគ្រប់គ្រង ដូចនេះប្រជាជនត្រូវឆ្លងកាត់ប៉ុន្មានដងក៏បាន ដោយមិនបាច់បង់លុយនោះទេ។ រីឯស្ពានឆ្លងទន្លេ គឺរដ្ឋជាអ្នកចេញលុយចំណាយតែម្តង ហើយនៅមានស្ពានមួយទៀតគ្រោងនឹងកសាងដែរ គឺស្ពានចាក់អង្រែ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការបែងចែកផ្លែផ្កាប្រកបដោយសមធម៌ធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន និងបានផ្តាំផ្ញើទៅអ្នកបន្តវេនជានាយករដ្ឋមន្ត្រីនៅពេលអនាគត សូមប្រើថវិការវិភាជថវិការទៅលើហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច ដែលប្រើពាក្យថា បែកចែកផ្លែផ្កាប្រកបដោយសមធម៌ និងដឹកនាំក្របខណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍ។ ពាក្យបែងបែងផ្លែផ្កាប្រកបដោយសមធម៌ គឺសំដៅដល់វិភាជថវិការទាំងឡាយ ដើម្បីបម្រើដល់ផលប្រយោជន៍ឱ្យដល់មនុស្សទាំងអស់គ្នា ដូចជាទាក់ទងការធ្វើផ្លូវ ស្ពាន មន្ទីរពេទ្យ សាលារៀន ប្រឡាយទឹក ទាំងអស់នេះគឺជាផ្លែផ្កានៃការបែងចែកកំណើនសេដ្ឋកិច្ចដោយសមធម៌ធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើន៕