ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «លោក ហ៊ុន សែន ក្លាយជានិមិត្តរូបសន្តិភាពសម្រាប់ពិភពលោក»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 71
លិខិតមិត្តអ្នកអាន៖ «លោក ហ៊ុន សែន ក្លាយជានិមិត្តរូបសន្តិភាពសម្រាប់ពិភពលោក» លិខិតមិត្តអ្នកអាន៖ «លោក ហ៊ុន សែន ក្លាយជានិមិត្តរូបសន្តិភាពសម្រាប់ពិភពលោក»

ថ្ងៃ ១២ កុម្ភៈ ២០២២ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏កក្រើកមួយទៀតដែលបានចារក្នុងក្រាំងមាសរបស់កម្ពុជា ក៏ដូចជាក្រាំងមាសរបស់ពិភពលោកទាំងមូល។ នោះគឺ វីរៈបុរសខ្មែរមួយរូបដែលជាស្ថាបនិកសន្តិភាពឈ្មោះ តេជោ ហ៊ុន សែន បានទទួលពានរង្វាន់ «សន្តិភាពស៊ុនហាក់» ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូលនៃ សាធារណៈរដ្ឋកូរ៉េ។ ពានរង្វាន់នេះគឺជាមហាកិត្តិយសដ៏ធំធេងមិនត្រឹមតែសម្រាប់រូបលោក ហ៊ុន សែនផ្ទាល់និងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែ គឺសម្រាប់ប្រទេសជាតិនិងប្រជាជនខ្មែរទាំងមូលផងដែរ។

អ្វីដែលគួរឲ្យកត់សម្គាល់ថែមទៀត នោះ គឺពានរង្វាន់សន្តិភាព ស៊ុនហាក់ត្រូវបានប្រគល់ជូនប្រមុខដឹកនាំកម្ពុជានាពេលនេះបានធ្វើឡើងក្នុងខណៈដែលពិភពលោកកំពុងប្រឈមមុខនឹងភាពតានតឹង និងតំបន់ខ្លះ ឬប្រទេសខ្លះកំពុងស្ថិតនៅពីមុខគ្រោះថ្នាក់នៃសង្គ្រាម។នេះគឺជាសារមួយយ៉ាងច្បាស់លាស់ដែលអ្នកផ្តល់ពានរង្វាន់សន្តិភាពនេះចង់ពញាក់ស្មារតីមេដឹកនាំពិភពលោកទាំងឡាយឲ្យងាកមកចាប់អារម្មណ៍និងផ្តល់តម្លៃលើសន្តិភាពដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមិនអាចកាត់ថ្លៃបានសម្រាប់ពិភពលោក និងសម្រាប់មនុស្ស ជាតិនៅលើភពផែន ដីទាំងមូល។

នៅក្នុងវីដេអូខ្លីមួយដែលម្ចាស់ពានរង្វាន់បានផលិតឡើងនិងចាក់ផ្សាយនៅក្នុងឱកាសនោះ គេបាន រំលេចយ៉ាងច្បាស់នូវវីរភាពនិងការលះបង់ដ៏ធំធេងរបស់តេជោ ហ៊ុន សែន ដើម្បីស្វែងរកសន្តិភាពជូនប្រទេសជាតិនិងប្រជាជនរបស់ខ្លួន បន្ទាប់ពីភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍បានឆក់យកជីវិតពលរដ្ឋខ្មែរអស់ជាច្រើនលាននាក់។ ខ្សែវីដេអូខ្លីតែ មានន័យជ្រៅបានធ្វើឲ្យថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនានា និងអ្នកចូលរួមក្នុងពិធី នោះកោតស្ងប់ស្ញែង យ៉ាងក្រៃលែងនូវវីរភាពរបស់ប្រមុខដឹកនាំកម្ពុជាដើម្បីសន្តិភាពដែលពិតជា ស័ក្តិសមឥតខ្ចោះក្នុងការទទួលបានពានរង្វាន់ដ៏វិសេសវិសាលនេះ។

លោក Newton Leroy Gingrich អតីតប្រធានសភាតំណាងរាស្ត្រទី ៥០ របស់សហរដ្ឋអាមេរិកពីឆ្នាំ ១៩៩៥ ដល់ ១៩៩៩ បានថ្លែងសុន្ទរកថាកោតស្ញប់ស្ញែងលោក ហ៊ុន សែន ជាពន់ពេក។ លោកបានគូសបញ្ជាក់ថា ពេលវេលាដែលយើងកំពុងស្ថិតនៅនេះ គឺមាន ការប្រឈមណាស់ ប៉ុន្តែ ជួនកាលវាក៏គួរឱ្យកត់សម្គាល់ដែរ។ យើងបានស្តាប់លឺឧទារហរណ៍ពីកិច្ចខិតខំប្រឹងប្រែងទាំងស្រុងស្តីពីការចាក់វ៉ាក់សាំង នៅទូទាំងពិភពលោក បានកាត់បន្ថយអត្រា ស្លាប់របស់ក្មេងយ៉ាងច្រើន។ អ្នកបានលឺអំពីមនុស្សមានទេពកោសល្យដែលបានចំណាយ ពេល និងបានបង្កើតឱកាសសម្រាប់ពានរង្វាន់ពេញមួយជីវិត នេះដើម្បីឆ្លើយតបនឹង វិបត្តិកូវីដ ១៩។ អ្នកបានលឺពីអ្នកស្នេហាជាតិ មួយរូបគឺសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្តូរផ្តាច់ជាមួយកិច្ចសន្ទនា ហើយជាអ្នកដែលបាន នាំប្រទេសគាត់ចេញពីសង្គ្រាមស៊ីវិលដ៏អាក្រក់ ។ នៅក្នុងប្រទេសផ្ទាល់ខ្លួនរបស់ខ្ញុំ (សហរដ្ឋអាមេរិក) ដែលគួរតែមានឱកាសដ៏អស្ចារ្យនោះ យើងបាត់បង់ មនុស្សប្រហែល ៤៦.០០០ នាក់ ក្នុងមួយឆ្នាំ ដោយសារគ្រឿងញឿន និង ៤៦.០០០ នាក់ ផ្សេងទៀតធ្វើអត្តឃាត។ លោកគូសបញ្ចាក់ថា សន្តិភាព វិបុលភាព សុវត្ថិភាពនិងសេរីភាពគឺអាចទៅរួច ហើយខ្ញុំចង់និយាយថា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គួរឱ្យមានមោទនភាពណាស់ ពីព្រោះខ្ញុំដឹងពីអ្វីដែលគាត់ត្រូវឆ្លងកាត់ជាបុរសវ័យក្មេង និងរបៀបដែលគាត់បន្តព្យាយាមសូម្បីនៅ ពេលគាត់ហាក់ដូចជាអស់សង្ឃឹម។ លោកបន្តថា ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាគ្រឹះនៃអនាគតនៃសន្តិភាព វិបុលភាព សុវត្ថិភាព និងសេរីភាពនោះ។

ខ្ញុំសូមបញ្ចប់ដោយរំលឹកអ្នកទាំងអស់គ្នាអំពីចក្ខុវិស័យ ការប្តេជ្ញាចិត្ត ៣៦៥ ថ្ងៃ ក្នុងមួយឆ្នាំរបស់បណ្ឌិត Hak Ja Han Moon ដែលជំរុញឱ្យយើងដើរទៅមុខ និងបង្កើតឱកាសដើម្បីនាំជាតិសាសន៍មនុស្សមករួមគ្នា។ សុន្ទរកថានេះ សបញ្ជាក់អំពីចំណាប់អារម្មណ៍របស់ឥស្សរជននានានៅ លើពិភពលោកមកលើវីរភាពរបស់ តេជោ ហ៊ុន សែន ដើម្បីបុព្វហេតុ សន្តិភាព។ មានតែសន្តិភាពទេដែលបង្កើតភាពសុខដុមរមនារបស់មនុស្សនៅ លើភពផែនដីនេះបាន។ អ្វីដែលជាលក្ខណៈពិសេសរបស់ស្ថាបនិកសន្តិភាពនៅកម្ពុជាហើយដែលកម្រមានអ្នកណាធ្វើបានគឺការបញ្ចប់សង្គ្រាមដោយមិនធ្វើសង្គ្រាម។ ទស្សនាទាននេះហើយដែលតេជោ ហ៊ុន សែន បានចែករំលែកទៅកាន់មេដឹកនាំជាច្រើននៅក្នុងពិភពលោក។ បច្ចុប្បន្ន ប្រមុខដឹកនាំកម្ពុជាក៏កំពុងខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកដោយមិនខ្លាចនឿយហត់ក្នុងការស្វែងរកសន្តិភាព ក្នុងតំបន់និងនៅក្នុងឧបទ្វីបកូរ៉េ។ ទាំងអស់នេះគឺជាកិច្ចខិតខំប្រឹងប្រែងដែលស័ក្តិសមបំផុតនឹងទទួលបានពានរង្វាន់នៅថ្ងៃនេះ។

ពានរង្វាន់សន្តិភាពស៊ុនហាក់ដែលតេជោ សែន ទទួលបាននៅ ថ្ងៃនេះពិតជាមានអត្ថន័យមហាធំធេងសម្រាប់ប្រជាជាតិខ្មែរផង និងសម្រាប់ពិភពលោកផង។ សម្រាប់ប្រជាជាតិខ្មែរដែលបានហែលឆ្លងកាត់សង្គ្រាមស៊ីវិលដ៏អាក្រក់រហូតធ្លាក់ក្នុងវាលពិឃាត តើមាន ពលរដ្ឋខ្មែរណាម្នាក់ដែលប្រាថ្នាចង់ឃើញសង្គ្រាមវិលវិញជាថ្មី? សម្រាប់ពិភពលោកវិញដែលបានឆ្លងកាត់សង្គ្រាមលោកលើកទី ១ និងលើកទី២ និងសង្គ្រាមក្នុងបណ្តាប្រទេសជា ច្រើនទៀតដែលកើតឡើងនៅពេលថ្មីៗ ពិតជាគ្មានមនុស្សជាតិណាម្នាក់ប្រាថ្នាចង់ជួបសង្គ្រាមនោះឡើយ។

ដូច្នេះ មេដឹកនាំនិងស្ថាបនិកសន្តិភាព កម្ពុជាឈ្មោះ តេជោ សែន ជាមួយនឹហការ ទទួលបានរង្វាន់សន្តិភាព ស៊ុនហាក់នៅថ្ងៃនេះកំពុង
ក្លាយជានិមិត្តរូបនៃសន្តិភាពសម្រាប់ពិភពលោកទាំងមូល ដែលគ្មាននរណាអាចប្រកែកបដិសេធ បានឡើយ៕

ដោយ:អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង