ខ្មែរប៉ុស្ដិ៍ Close

ជើងហោះហើរត្រង់ភ្នំពេញ-ដាណាង (វៀតណាម) នឹងត្រូវតភ្ជាប់លើកដំបូងនាចុងខែវិច្ឆិកា ឆ្នាំ២០១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 44
ជើងហោះហើរត្រង់ភ្នំពេញ-ដាណាង (វៀតណាម) នឹងត្រូវតភ្ជាប់លើកដំបូងនាចុងខែវិច្ឆិកា ឆ្នាំ២០១៩ ជើងហោះហើរត្រង់ភ្នំពេញ-ដាណាង (វៀតណាម) នឹងត្រូវតភ្ជាប់លើកដំបូងនាចុងខែវិច្ឆិកា ឆ្នាំ២០១៩

នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងទេសចរណ៍ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេ​សចរណ៍ បានជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ដែលដឹកនាំដោយលោកអគ្គនាយកក្រុមហ៊ុន។ ការជួប​ពិភា​ក្សានេះ គឺដើម្បីសុំការគាំទ្រពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំពោះគម្រោងបើកការហោះហើរត្រង់ជាលើកដំបូង ពីរាជធានីភ្នំពេញទៅមកខេត្តដាណាង នៃប្រទេសវៀត​ណាម នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាង​មុខនេះ។

ជាមួយនឹងការអបអរសាទរចំពោះគម្រោងតភ្ជាប់ជើង​ហោះហើរត្រង់នេះ លោក ថោង ខុន បានស្នើឱ្យក្រុមហ៊ុនត្រូវខិតខំពង្រឹងគុណភាពសេវាកម្មឱ្យបានល្អ ពីព្រោះ Cambodia Angkor Air ជាក្រុមហ៊ុនអាកាសចរណ៍របស់ជាតិ។ លោក​ ក៏បានស្នើបន្ថែមឱ្យក្រុមហ៊ុនគិតគូរលើការបង្កើនជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់គោល ដៅទេសចរណ៍សំខាន់ៗរបស់ចិនបន្ថែមទៀត ពិសេសតំបន់ណាដែលកម្ពុជាមានស្ថានអគ្គកុងស៊ុលប្រចាំការនៅទីនោះ ដូចជា ខេត្តស៊ីអាន (ឆាងអាន) ខេត្តឆុងឃីង ទីក្រុងសៀងហៃ ខេត្តក្វាងចូវ និងទីក្រុងប៉េកាំងជាដើម ពីព្រោះកន្លែងដែលមានស្ថានអគ្គកុងស៊ុល ភ្ញៀវទេសចរងាយស្រួលក្នុងការសុំទិដ្ឋការមកកម្ពុជា។

ចំពោះសំណើខាងលើនេះ លោកអគ្គនាយកក្រុមហ៊ុនក៏បានទទួលយកទៅពិចារណាជាមុនសិន ដើម្បីរៀបចំឱ្យមានការសិក្សាលើបញ្ហាពាក់ព័ន្ធបន្ថែមទៀត។

សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ក៏មានជើងហោះហើរត្រង់ពីខេត្តសៀមរាបទៅខេត្តដាណាងរួចមកហើយ។ ក្រៅ ពីនោះ ក្រុមហ៊ុនបាននិងកំពុងបើកការហោះហើរត្រង់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ពីខេត្តព្រះសីហនុទៅទីក្រុងប៉េកាំង ពីខេត្តព្រះសីហនុទៅខេត្តសៀមរាប ពីខេត្តសៀមរាបទៅទីក្រុងហាណូយជាដើម។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ខេត្តដាណាងជាគោលដៅទេសចរណ៍អន្តរជាតិមួយដ៏ធំរបស់វៀត ណាម ដូច្នេះទីនោះនឹងសម្បូរភ្ញៀវទេសចរមកពីប្រទេសទីបីច្រើន ដែលអាចបន្តការហោះហើរត្រង់មកទស្សនាកម្ពុជា ហើយការតភ្ជាប់នេះក៏ជាការងាយស្រួលសម្រាប់ភ្ញៀវទេសចរដែលចង់មកនៅភ្នំពេញ ឬហោះហើរត្រងពីភ្នំពេញទៅដាណាងផងដែរ។ អ្វីដែលសំខាន់ គឺដើម្បីទាក់ ទាញភ្ញៀវទេសចរមកពីប្រទេសទីបី ឱ្យបានកាន់តែច្រើន ៕

អត្ថបទទាក់ទង