ខ្មែរប៉ុស្ដិ៍ Close

ខេត្តសៀមរាបចងសម្ព័ន្ធភាពជាមួយម៉ាកាវ ជំរុញកំណើនភ្ញៀវទេសចរ និងដៃគូពាណិជ្ជកម្ម

ដោយ៖ ទេព សុបញ្ញា ​​ | ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 40
ខេត្តសៀមរាបចងសម្ព័ន្ធភាពជាមួយម៉ាកាវ ជំរុញកំណើនភ្ញៀវទេសចរ និងដៃគូពាណិជ្ជកម្ម ខេត្តសៀមរាបចងសម្ព័ន្ធភាពជាមួយម៉ាកាវ ជំរុញកំណើនភ្ញៀវទេសចរ និងដៃគូពាណិជ្ជកម្ម

រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ បានរៀប​ចំ​ពិធី​ចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងដៃគូពាណិជ្ជកម្ម។ ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ឃឹម ប៊ុនសុង អភិបាលខេត្ត និងលោក ឆួយ ស៊ឺអាន (Chui Sai On) នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសម៉ាកាវ។

ឯកឧត្តម អភិបាលខេត្តសៀមរាបបានថ្លែងថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិននេះ នឹងជំរុញកំណើនភ្ញៀវទេសចរ និងដៃគូពាណិជ្ជកម្មជនជាតិចិន ព្រោះម៉ាកាវជាដែនដីសម្បូរភ្ញៀវទេសចរ និងវិនិយោគិន។

ទន្ទឹមគ្នានេះ រដ្ឋបាលខេត្តសៀមរាប បានស្នើសុំឲ្យមានការផ្លាស់ប្តូរពាណិជ្ជកម្ម ជំរុញការអភិវឌ្ឍលើវិស័យទេសចរណ៍ កសិកម្ម អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលដៅបង្កើនកំណើនសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈគម្រោង វិនិយោគ និងការតភ្ជាប់ជើងហោះហើរត្រង់រវាងតំបន់រដ្ឋបាលពិសេសម៉ាកាវមកកាន់ខេត្តសៀមរាប។

ក្នុងនាមក្រុមប្រឹក្សាគណៈអភិបាលខេត្ត និងខ្លួនលោកផ្ទាល់ ឯកឧត្តម​ ឃឹម ប៊ុនសុង បានសម្តែងសេចក្តីរីករាយចំពោះពិធីចុះហត្ថលេខាដ៏មានអត្ថន័យនេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែគាំទ្រ និងជួយឧបត្ថម្ភគ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជា នាពេលកន្លងមក ហើយនៅតែបន្តគាំទ្រដល់ការអភិឌ្ឍមាតុភូមិកម្ពុជាឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

បើតាមឯកឧត្តម ឃឹម ប៊ុនសុង ខេត្តសៀមរាបបានបង្កើតចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុង នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន២៣ខេត្ត-ក្រុង។ ផ្លែផ្កាដែលកើតចេញពីភាពជាបងប្អូននេះ បាននាំមកនូវការរីកចម្រើន ថ្មីថែមទៀត ទើបមានក្រុមហ៊ុនអាកាសចរចំនួន១២ក្រុមហ៊ុន បានធ្វើការហោះហើរត្រង់ពីចិនមកសៀមរាប ក្នុងចន្លោះ១២-១៥ជើងក្នុងមួយថ្ងៃ ទាំងនេះជំរុញឲ្យមានភ្ញៀវទេសចរកើនឡើងជាបន្តបន្ទាប់ ជាពិសេសគឺភ្ញៀវទេសចរជនជាតិចិន។

ឯកឧត្តម​ ឃឹម ​ប៊ុនសុង​ បាន​បន្ថែម​ថា​ ជាក់ស្តែងឆ្នាំ២០១៧ កន្លងទៅនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាខេត្តសៀមរាប មានចំនួន ៥.៥៤៣.៤៣៥នាក់ កើនឡើង ៩.៩៣% ក្នុងនោះភ្ញៀវទេសចរចិន មានចំនួន ៩១០.១០៧នាក់ ស្នើនឹង ៣៧.០៣% ដោយឡែករយៈពេល២ខែ (មករា និងខែកុម្ភៈ) ក្នុងឆ្នាំ២០១៨ កន្លងទៅ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបចំនួន ៨៥២.២៧៦នាក់ ហើយភ្ញៀវទេសចរបរទេសមានចំនួនសរុប ៥៣៩.០៥៤នាក់ ក្នុងនោះ ភ្ញៀវទេសចរជនជាតិចិន ចំនួន ២៣១.៨១១នាក់ ស្ថិតនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោមភ្ញៀវទេសចរទាំងអស់៕

អត្ថបទទាក់ទង