រយៈពេល៣ថ្ងៃនៃបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរណ៍ចេញទស្សនានៅទូទាំងប្រទេសមានជាង ១លាន៤សែននាក់
លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ មានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស មានចំនួន ១,៤៣៧,៩៨៨នាក់ កើនឡើង ៣៧.២៥%។
លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលដើរកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ២៧-២៩ ខែកញ្ញា ឆ្នាំ២០១៩នេះ មានចំនួន ១,៤៣៧,៩៨៨នាក់ កើនឡើង ៣៧.២៥% ក្នុងនោះភ្ញៀវជាតិមានចំនួន ១,៣៦១,២៤០នាក់ កើនឡើង ៣៤.៩១% ចំណែកភ្ញៀវអន្តរជាតិមានចំនួន ៧៦,៧៤៨នាក់ កើនឡើង ៩៨.១៤%។ លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ចំនួនជាក់ស្តែងអាចច្រើនជាងនេះ ពីព្រោះប្រជាពលរដ្ឋក៏បានទៅកម្សាន្តនៅតាមកន្លែង ដែលមានសក្តានុពលទេសចរណ៍ ដូចជា បឹង ស្ទឹង ប្រឡាយ ទំនប់ និងរមណីយដ្ឋានកែច្នៃខ្នាតតូចនានា។
លោករដ្ឋមន្រ្តី ថោង ខុន បានអះអាងថា យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ក្រុមការងារសង្កេតឃើញថា៖
- ការរៀបចំរមណីយដ្ឋាន និងគោលដៅទេសចរណ៍មានការរីកចម្រើនកាន់តែប្រសើរ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរណ៍មានការកើនឡើង ទោះបីជាតំបន់ខ្លះមានភ្លៀងធ្លាក់ក៏ដោយ។
- អាចទប់ស្កាត់ការដំឡើងថ្លៃហួសហេតុលើម្ហូបអាហារ និងសេវាកម្មទេសចរណ៍ ដោយមានការបិទតម្លៃជម្រាបជូនភ្ញៀវជាមុនបានត្រឹមត្រូវ ស្របតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍។
- បើទោះបីនៅតែជាបញ្ហាស្មុគស្មាញតែបញ្ហាបរិស្ថានអនាម័យល្អប្រសើរជាងមុន ដោយភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានការយល់ដឹងនិងភ្ញាក់រលឹក ដោយមានការចុះអប់រំណែនាំពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។
- បញ្ហាសន្តិសុខសុវត្ថិភាពក៏មានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍បានសហការណ៍យ៉ាងជិតស្និទ្ធជាមួយកម្លាំងមានសមត្ថកិច្ច ចាត់តាំងក្រុមការងារប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងមានការលើកស្លាកសញ្ញាគ្រោះថ្នាក់នៅតាមតំបន់ដែលងាយរងគ្រោះ។
លោក ថោង ខុន បានបន្ថែមថា កត្តាដែលជំរុញឱ្យមានកំណើនទេសចរណ៍នេះ គឺកត្តាសន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋាននៃការអភិវឌ្ឍ នាំមកនូវការរីកចម្រើនខាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕