ខ្មែរប៉ុស្ដិ៍ Close

ប្រធានាធិបតីស្រីលង្កា វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ស្រីលង្កា ឲ្យកាន់តែល្អប្រសើរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 23
ប្រធានាធិបតីស្រីលង្កា វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ស្រីលង្កា ឲ្យកាន់តែល្អប្រសើរ ប្រធានាធិបតីស្រីលង្កា វាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ស្រីលង្កា ឲ្យកាន់តែល្អប្រសើរ

ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ការលើកឡើងរបស់ប្រធានាធិបតីស្រីលង្កា បានធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព នៅរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ។

លោក អ៊ាង សុផល្លែត បានថ្លែងប្រាប់អំពីលទ្ធផលនៃជំនួបនេះ ដល់ក្រុមអ្នកសារព័ត៌មានថា លោកប្រធានាធិបតីស្រីលង្កា បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីផងដែរថា ក្នុង ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នៅពេលនេះគឺដើម្បីពង្រីក និងពង្រឹងចំណងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះលោកក៏បានលើកឡើង ដោយធ្វើយ៉ាងណាជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈវិស័យអប់រំ, វប្បធម៌, ទេសចរណ៍, ពាណិជ្ជកម្ម, អាកាសចរណ៍ស៊ីវិល និងពិសេសជំរុញឲ្យមានការហោះហើរត្រង់ មកកាន់ប្រទេសកម្ពុជា ឬពីប្រទេសកម្ពុជា ទៅប្រទេសស្រីលង្កាជាដើម។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ស្របទាំងស្រុងជាមួយ លោកប្រធានាធិបតី នូវអ្វីដែលលោកបានលើកឡើង ពាក់ព័ន្ធកិច្ចការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកក៏បានផ្ដល់នូវអនុសាសន៍ដល់ភាគីទាំងពីរថា កម្ពុជា និងស្រីលង្កា កន្លងមកគឺបានរក្សានូវទំនាក់ទំនងកាទូតយ៉ាងល្អ ហើយតាមរយៈការចុះហត្ថលេខាលើអនុស្សារណៈកន្លងមកនេះ លោកបានស្នើសុំឲ្យមានពិភាក្សាគ្នាឲ្យបានឆាប់ ដើម្បីឲ្យមានការចុះហត្ថលេខាលើអនុស្សារណៈ
ទី១៖ជំរុញឲ្យមានកិច្ចព្រមព្រៀងគាំពារអ្នកវិនិយោគរវាងប្រទេសទាំងពីរ,
ទី២៖ជំរុញឲ្យមានកិច្ចពិភាក្សាកិច្ចព្រមព្រៀមមិនឲ្យយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរ
និងទី៣៖ ជំរុញឲ្យមានកិច្ចព្រមព្រៀងលើវិស័យអាកាសចរណ៍ស៊ីវិលផងដែរ។

បន្ថែមពីនេះលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច និងវិស័យពាណិជ្ជកម្ម។ លោកបានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺនៅទាបនៅឡើយ ដូច្នេះប្រទេសទាំងពីរគប្បីពិនិត្យមើលលទ្ធភាព ដើម្បីជំរុញឲ្យមានទំហំពាណិជ្ជកម្មកាន់តែធំ និងវិនិយោគកាន់តែច្រើនឡើងថែមទៀត។

ពាក់ព័ន្ធវិស័យអប់រំវិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រទេសស្រីលង្កា ដែលកន្លងមកបានផ្ដល់នូវការបណ្ដុះបណ្ដាល ដល់មន្ដ្រីកម្ពុជា ព្រះសង្ឃកម្ពុជាផងដែរ។ លោក ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម របស់ប្រទេសស្រីលង្ក នៅក្នុងវេទិកាអាស៊ាន ដែលជាការចូលរួមចំណែកមួយ ក្នុងការរក្សាសន្ដិភាព ស្ថេរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕

អត្ថបទទាក់ទង