ខ្មែរប៉ុស្ដិ៍ Close

    ប្រធានាធិបតីស្រីលង្កា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហាខាងមុខនេះ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 839
    ប្រធានាធិបតីស្រីលង្កា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហាខាងមុខនេះប្រធានាធិបតីស្រីលង្កា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហាខាងមុខនេះ

    តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យសង្គមនិយមស្រីលង្កា នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។

    ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា លោកប្រធានាធិបតី នឹងចូលគាល់ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង និងជួបប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលក្នុងអំឡុងពេលនោះ កិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងវិស័យជាច្រើននឹងត្រូវលើកយកមកពិភាក្សាសំដៅពង្រឹងថែមទៀតនូវចំណងទាក់ទងមិត្តភាព រវាងប្រទេសទាំងពីរដែលបានចងភ្ជាប់គ្នាយ៉ាងជ្រាលជ្រៅតាមរយៈព្រះពុទ្ធសាសនា។ ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភ និងផលប្រយោជន៍រួមផងដែរ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកប្រធានាធិបតី និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។

    ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោកប្រធានាធិបតី នឹងអញ្ជើញទៅកាន់វត្តលង្កា និងប្រគេនសម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះចៅអធិការវត្តលង្កា នូវកូនដើមពោធិ៍នៃមហាពោធិព្រឹក្សពីក្រុងអនុរាធបុរៈ។ បន្ទាប់មក លោក នឹងអញ្ជើញចូលរួមក្នុងពិធីដាំដើមឈើតំណាងប្រទេសស្រីលង្កា នៅមជ្ឈមណ្ឌលវិបស្សនាភ្នំឧត្តុង្គ ដែលទទួលអំណោយដើមឈើប្រភេទនេះចំនួន១០ដើម ពីឯកឧត្តមប្រធានាធិបតី។ ជាមួយគ្នានេះដែរ លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា និងសមាជិកគណៈប្រតិភូ ក៏នឹងអញ្ជើញទៅទស្សនាប្រាសាទនានានៅក្នុងឧទ្យានអង្គរ ក្នុងខេត្តសៀមរាបផងដែរ។

    សូមបញ្ជាក់ថា ទស្សនកិច្ចលើកដំបូងមកកាន់កម្ពុជារបស់លោកប្រធានាធិបតី ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា នាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហ-ប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ រវាងកម្ពុជានិងស្រីលង្កា៕

    អត្ថបទទាក់ទង