ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី៖ កម្ពុជាជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់ក្នុងការនាំចេញទំនិញមកសិង្ហបុរី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 36
រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី៖ កម្ពុជាជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់ក្នុងការនាំចេញទំនិញមកសិង្ហបុរី រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី៖ កម្ពុជាជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់ក្នុងការនាំចេញទំនិញមកសិង្ហបុរី

នៅក្នុងដំណើរទស្សនកិច្ចការងារនៅប្រទេសសិង្ហបុរី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោក ឆាន ឈុនស៊ីង (Chan Chun Sing) រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានផ្ដល់កិត្តិយសរៀបចំអាហារថ្ងៃត្រង់ជូនលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាការងារមួយចំនួន ដោយមានការចូលរួមពីវិស័យឯកជនរបស់សិង្ហបុរីចំនួនពីរផងដែរគឺ ក្រុមហ៊ុន NTUC Fairprice និងក្រុមហ៊ុន Enterprise Singapore។

នៅក្នុងកិច្ចប្រជុំនេះ លោក ឆាន ឈុនស៊ីង បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់ក្នុងការនាំចេញទំនិញមកសិង្ហបុរី ប៉ុន្តែការនាំចេញដោយកម្ពុជាមកសិង្ហបុរីក្នុងពេលបច្ចុប្បន្ននៅមានចំនួនតិចតួចនៅឡើយ។ ទោះជាយ៉ាងនោះក្ដី លោកនៅតែមានសង្ឃឹមខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងសិង្ហបុរី ដោយទំនិញដូចជា បន្លែ ផ្លែឈើ ត្រីសាច់ ម្ហូបសមុទ្រ សុទ្ធតែជាទំនិញដែលសិង្ហបុរីមានតម្រូវការខ្ពស់។ ក្រៅពីនេះ កម្ពុជាក៏មានសក្ដានុពលខ្ពស់ក្នុងការនាំចូលមកសិង្ហបុរីនូវបរិក្ខារសំណង់ដូចជាស៊ីម៉ង់ត៍ ខ្សាច់ និងទៅអនាគតអាចផ្គត់ផ្គង់ទឹកស្អាត និងថាមពលផងដែរ។

លោក ប៉ាន សូរស័ក្ដិ បានឯកភាពចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីសិង្ហបុរី ដោយការពង្រឹងកិច្ចសហប្រតិបត្តិការនេះ គឺស្របតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំប្រទេសអាស៊ាន ក្នុងការជំរុញឲ្យរឹតតែច្រើនឡើងនូវការធ្វើពាណិជ្ជកម្មនៅក្នុងអាស៊ាន។ ចំពោះផលិតផលនាំចេញ លោកក៏បានណែនាំបន្ថែមដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រុង ដែលសុទ្ធតែជាផលិតផលកំណត់ភូមិសាស្ត្រ ជាពិសេសម្រេចកំពតដែលជាប្រភេទម្រេចល្អលើសគេ និងមានតម្លៃខ្ពស់។ ក្រៅពីនេះ លោករដ្ឋមន្ត្រីក៏បានណែនាំអំពីផលិតផលស្វាយ និងអង្ករបន្ថែមទៀត ព្រមទាំងអញ្ជើញក្រុមហ៊ុនសិង្ហបុរី ឲ្យមកស្វែងយល់បន្ថែមឲ្យរឹតតែស៊ីជម្រៅពីផលិតផលសក្ដានុពលរបស់កម្ពុជា។

ឆ្លើយតបនឹងការអញ្ជើញនេះ ក្រុមហ៊ុន NTUC Fairprice ដែលជាប្រតិបត្តិករផ្សារទំនើប (Supermarket) ជាច្រើននៅក្នុងប្រទេសសិង្ហបុរី បានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើផលិតផលស្វាយ ម្រេចកំពត និងអង្ករ។ លោកតំណាងក្រុមហ៊ុន បានជម្រាបជូនថាលោកនឹងបញ្ជូនសហការីមកកម្ពុជាក្នុងពេលឆាប់ៗនេះ ដើម្បីសិក្សាលម្អិតក្នុងការនាំផលិតផលទាំងនោះមកសិង្ហបុរី។ ក្រុមហ៊ុន Enterprise Singapore ក៏មានចំណាប់អារម្មណ៍ខ្ពស់ ព្រមទាំងសង្ឃឹមចូលរួមក្នុងការប្រឹក្សាលើការងារដូចជានគរូបនីយកម្ម ហេដ្ឋរចនាសម្ព័ន្ធ។ល៕

អត្ថបទទាក់ទង