ខ្មែរប៉ុស្ដិ៍ Close

ប្រទេសសិង្ហបុរីកំពុងរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការរៀនរស់នៅជាមួយនឹងវីរុសកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 116
ប្រទេសសិង្ហបុរីកំពុងរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការរៀនរស់នៅជាមួយនឹងវីរុសកូវីដ-១៩ ប្រទេសសិង្ហបុរីកំពុងរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការរៀនរស់នៅជាមួយនឹងវីរុសកូវីដ-១៩

ប្រទេសសឹង្ហបុរីនឹងរៀបចំឱ្យប្រជាជនរបស់ខ្លួនរៀនប្រឈមមុខនឹងវីរុសកូវីដ-១៩ ដោយនឹងចាត់ទុកវាជាផ្នែកមួយនៃជីវភាពប្រចាំថ្ងៃរបស់ពួកគេ ដើម្បីអាចឱ្យពួកគេប្រកបការងារ, ធ្វើដំណើរ និងដើរទិញឥវ៉ាន់បានដោយពុំចាំបាច់ប្រឈមមុខនឹងការធ្វើចត្តាឡីស័ក ឬរងនូវការបិទខ្ទប់ណាមួយ បើទោះបីជាវីរុសនេះកំពុងផ្ទុះឡើងនៅក្នុងប្រទេសក៏ដោយ។

សហប្រធានទាំង៣ នៃក្រុមការងារអន្តរក្រសួងស្តីពីការ ប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ របស់រដ្ឋាភិបាលសឹង្ហបុរី បាននិយាយថា «នៅពេលដែលប្រជាជនសឹង្ហបុរីបានចាក់វ៉ាក់សាំងគ្រប់ចំនួន ក្នុងកម្រិតណាមួយហើយនោះ វីរុសកូវីដ-១៩ នឹងអាចគ្រប់គ្រងបាន ដូចជាជំងឺឆ្លងធម្មតាៗដទៃទៀត ដូចជាជំងឺផ្តាសាយធំ និងជំងឺពងបែកដៃ ជើង និងមាត់» ដែរ។

លោក Gan Kim Yong រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម, លោក Lawrence Wong រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក Ong Ye Kung រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាន លើកឡើងនៅក្នុងអត្ថបទមួយដែលត្រូវ បានចុះផ្សាយនៅក្នុងកាសែត The Straits Times នៅថ្ងៃព្រហស្បតិ៍ ទី ២៤ មិថុនានេះថា «អាទិភាពនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ គឺការរៀបចំឱ្យប្រជាជនសិង្ហបុរីរៀនរស់នៅជាមួយវីរុស កូវីដ-១៩ ព្រោះវីរុសនេះនឹងមិនរលាយបាត់ទៅវិញនោះទេ ក៏ប៉ុន្តែវានឹងក្លាយជាវីរុសមួយដែលយើងអាចគ្រប់គ្រងបាន»។

ពួកគេបានលើកឡើងថា «អស់រយៈ ពេល ១៨ ខែហើយចាប់តាំងពីវីរុសរាតត្បាតនេះបានចាប់ផ្តើម ប្រជាជនរបស់យើងមានភាពនឿយហត់នៅក្នុងសមរភូមិនេះណាស់។ ពួកគេទាំងអស់គ្នាកំពុងសួរថា តើការរាតត្បាតនេះនឹងបញ្ចប់នៅពេលណា និងដោយរបៀបណា? តែដំណឹងដ៏អាក្រក់នោះគឺថា វីរុសកូវីដ-១៩ នឹងមិនរលាយបាត់ទៅណានោះទេ ចំណែកឯដំណឹងដែលល្អវិញគឺយើងនឹងអាចរស់នៅជាមួយវាបានដោយធម្មតា»។

ផែនទីបង្ហាញផ្លូវមួយកំពុងត្រូវបានរៀបចំឡើងដើម្បីផ្លាស់ប្តូរទៅរកជីវភាពជាធម្មតាតាមបែបគន្លងថ្មីហើយវានឹងត្រូវធ្វើជាបណ្តើរៗទន្ទឹមនឹងការសម្រេចឱ្យបាននូវទិសដៅសំខាន់ៗពាក់ព័ន្ធនឹងដំណើរការចាក់វ៉ាក់សាំង។

ប្រទេសសឹង្ហបុរីបាននិងកំពុងចាត់វិធានការជាច្រើន ដើម្បីត្រៀមខ្លួនសម្រាប់ពេលវេលាមួយដែលវីរុសកូវីដ-១៩ នឹងក្លាយជាជំងឺឆ្លងធម្មតា ហើយប្រទេសនេះក៏បានបង្កើនការចាក់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួនផងដែរ ដើម្បីកាត់បន្ថយអត្រាឆ្លងដ៏ស្រួចស្រាវនៅក្នុងប្រទេស។

រដ្ឋមន្រ្តីទាំងនោះបានឱ្យដឹងថា «គិតត្រឹមដើមខែក្រោយ ប្រជាជនសិង្ហបុរីចំនួន ២/៣ នឹងទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូស ហើយ​គោលដៅបន្ទាប់ គឺការចាក់វ៉ាក់សាំងឱ្យបាន ២ ដូសដល់ពលរដ្ឋ
ក្នុងចំនួនយ៉ាងហោចណាស់ ២/៣ ឱ្យបាននៅត្រឹមថ្ងៃបុណ្យឯករាជ្យជាតិ (៩ សីហា)។ យើងកំពុងធ្វើការដើម្បីទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ និងដើម្បីពន្លឿនដំណើរការចាក់វ៉ាក់សាំងនេះ»។

រដ្ឋមន្រ្តីទាំងនោះបានបន្តថា «នៅពេលនោះ អ្នកដែលបានឆ្លងវីរុសកូវីដ-១៩ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើការព្យាបាលនៅផ្ទះ។ ដូច្នេះប្រព័ន្ធសុខាភិបាលរបស់យើងនឹងអាចបន្ថយបន្ទុកបានច្រើន។ ចំណែកឯអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអ្នកដែលបានឆ្លងនឹងអាចទិញឧបករណ៍ធ្វើតេស្តនៅតាមឱសថស្ថាន ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ ដោយខ្លួនឯង»។

បន្តិចម្ដងៗ វិធាននៃការគ្រប់គ្រងសុវត្ថិភាព អាចនឹងត្រូវបានបន្ធូរបន្ថយ ហើយការជួបជុំដែលមានលក្ខណៈធំៗ អាចនឹងត្រូវបានអនុញ្ញាតឡើងវិញ ដូចជាការជួបជុំនៅពិធីដង្ហែរក្បួនទិវាបុណ្យឯករាជ្យជាតិ ឬពិធីបុណ្យឆ្លងឆ្នាំជាដើម ខណៈដែលអាជីវកម្មក៏នឹងមិនចាំបាច់ភ័យខ្លាចពីការរំខានដែលបង្កឡើងដោយការបិទខ្ទប់នោះដែរ។

នៅទីបំផុត ដោយមានលិខិតបញ្ជាក់ថាបានចាក់វ៉ាក់សាំងនៅក្នុងដៃ មនុស្សនឹងអាចធ្វើដំណើរបានជាថ្មីឡើងវិញទៅកាន់បណ្តាប្រទេសណា ដែលវីរុសនេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រង និងដែលបានប្រែក្លាយវីរុសនេះទៅជាជំងឺឆ្លងធម្មតា ហើយការធ្វើចត្តាឡីស័កក៏អាចនឹងត្រូវបានលើកលែងផងដែរ។

រដ្ឋមន្ត្រីទាំងនោះ បានបន្ថែមថា «នៅទីបំផុត ការរស់នៅជាមួយវីរុសកូវីដ-១៩ បានឬមិនបាននឹងអាស្រ័យលើការយល់ព្រមទទួលយករបស់ជនជាតិសឹង្ហបុរី ដែលថា វីរុសកូវីដ-១៩ នឹងក្លាយជាជំងឺឆ្លងធម្មតា និងប្រសិនបើយើងទាំងអស់គ្នាចូលរួមចំណែកទទួលខុសត្រូវជាមួយគ្នា ដូចជាកម្មករនិយោជិតមិនចម្លងជំងឺ នេះទៅអ្នករួមការងារ ដោយការស្ម័គ្រចិត្តស្នាក់នៅផ្ទះនៅពេលដែលពួកគេធ្លាក់ខ្លួនឈឺ ហើយនិយោជកក៏មិនចាប់កំហុសបុគ្គលិករបស់ខ្លួនដោយសារបញ្ហានេះ ហើយនៅពេលនោះ សង្គមរបស់យើងនឹង មានសុវត្ថិភាពកាន់តែច្រើនជាងមុន»។

ពួកគេបានបន្តទៀតថា «នៅទីបំផុត វិទ្យាសាស្ត្រ បូករួមនឹងភាពប៉ិនប្រសប់របស់មនុស្សនឹងអាចយកឈ្នះលើវីរុសកូវីដ-១៩ បាន។ ការរួបរួមគ្នា ព្រមទាំងមនសិការសង្គម នឹងអាចធ្វើឱ្យយើងទទួលបានជោគជ័យលឿនជាងមុន។ ហេតុដូច្នេះហើយ យើងរាល់គ្នាត្រូវតែរួមគ្នាបំពេញតួនាទីរបស់យើងរៀងៗខ្លួន» ៕ The Strait Times

អត្ថបទទាក់ទង