ប្រមុខគណបក្សប្រជាជនកម្ពុជា៖ កម្ពុជាមិននៅក្រោមការត្រួតត្រារបស់បរទេស ហើយក៏មិនផ្តល់ឱកាសឱ្យបរទេសមកជ្រៀតជ្រែកផ្ទៃក្នុងនោះឡើយ
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា នៅចំពោះសមាជិក សមាជិការរបស់ខ្លួនរាប់ម៉ឺននាក់បានអះអាងថា កម្ពុជាមិននៅក្រោមការត្រួតត្រារបស់ប្រទេសណាមួយនោះឡើយ ហើយក៏មិនផ្តល់ឱកាសសម្រាប់ឱ្យបរទេស មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់កម្ពុជា។
ការអះអាងនេះត្រូវបានគេមើលឃើញ ជាការឆ្លើយតបទៅនឹងការចោទប្រកាន់មួយចំនួន ដែលតែងចោទប្រកាន់ថា គណបក្សកាន់អំណាចមួយនេះ ស្ថិតនៅក្រោមឥទ្ធិពលរបស់ប្រទេសវៀតណាម។
ក្នុងពិធីអបអរសាទរខួបកំណើតបក្សលើក៦៨នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោប្រមុខគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ដូច្នេះ «យើងមិនត្រូវឱនក្បាលចំពោះមុខការគាបសង្កត់ ឫការគំរាមកំហែងណាមួយឡើយ។ យើងធ្លាប់ទទួលរងរួចហើយនូវការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌បំផុត ពីសំណាក់ប្រទេសក្រៅ។ ការមិនឱនក្បាលរបស់យើង វាជាកិត្តិយសជាតិរបស់យើង»។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្តាប្រទេសមួយចំនួនឱ្យគោរពដល់អធិបតេយ្យ និងសិទ្ធិស្វ័យសម្រេចរបស់កម្ពុជា។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គូសបញ្ជាក់បន្ថែមថា «យើងសង្ឃឹមថា ប្រទេសមួយចំនួនដែលមានទស្សនៈខុសឆ្គងចំពោះដំណើរប្រព្រឹត្តទៅដ៏ល្អ និងត្រឹមត្រូវនៃប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ហើយបានប្រើប្រាស់ហេតុផលនយោបាយ មកដាក់ជាលក្ខខណ្ឌផ្សេងៗឱ្យយើងធ្វើតាម ដែលមិនស្របទៅនឹងស្ថានភាពពិតនៅកម្ពុជា ក៏ដូចជាបំណងប្រាថ្នារបស់ប្រជាជននោះ នឹងទទួលយកការពិតគោរពដល់អធិបតេយ្យ និងសិទ្ធិស្វ័យសម្រេចរបស់កម្ពុជា ហើយរួមវិភាគទានពិតប្រាកដទៅក្នុង ដំណើរការពង្រឹងសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា»។
បើទោះបីជាយ៉ាងណាលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការរស់ឡើងវិញ និងការរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេល ៤០ឆ្នាំមកនេះ ហើយកំពុងបន្តពង្រីកនូវកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយកម្ពុជា ដើម្បីជួយជំរុញការអភិវឌ្ឍកម្ពុជាផង និងដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ វឌ្ឍនភាព និងវិបុលភាពជាសកលផង។
ឆ្លៀតក្នុងឱកាសនេះប្រមុខគណបក្សកាន់អំណាច ដែលតែងតែរងការចោទប្រកាន់ថាព្យាយាមបំបាត់លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សជាដើមនោះ បានអះអាងពីការបន្តដើរទៅមុខឥតងាករេលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ដែលស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា ដែលនោះគឺជាសិទ្ធិពេញ និងអាចរំលោភពបំពានបានរបស់ប្រជាជនកម្ពុជាក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍របស់ខ្លួន។
លោកនាយករដ្ឋមន្រ្ដី បញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមគូសបញ្ជាក់ថា ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពពិតប្រាកដ គឺស្ថិតនៅក្នុងដំណើររស់ឡើងវិញរបស់ប្រជាជាតិជោគជ័យ នៃដំណើរការសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ព្រមទាំងការប្រតិបត្តិនូវរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា ពុំមែនស្ថិតលើពាក្យសំដីវាយតម្លៃដោយអគតិរបស់បុគ្គល ឬមជ្ឈដ្ឋានណានោះឡើយ។ ប្រជាជនកម្ពុជា បានទទួល បានថែរក្សាពូនជ្រំលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ខ្លួនរយៈពេល ៤០ឆ្នាំមកហើយ ដូច្នេះយើងដឹងហើយថា យើងត្រូវធ្វើដូចម្តេច ដើម្បីការពារ និងពង្រឹងប្រជាធិបតេយ្យទៅមុខ» ៕