ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ រឿងអាស្រូវនយោបាយនៅអូទ្រីសបញ្ជាក់ថា EU ពិតជាអយុត្តិធម៌ចំពោះកម្ពុជា!

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40
លិខិតមិត្តអ្នកអាន៖  រឿងអាស្រូវនយោបាយនៅអូទ្រីសបញ្ជាក់ថា EU ពិតជាអយុត្តិធម៌ចំពោះកម្ពុជា! លិខិតមិត្តអ្នកអាន៖ រឿងអាស្រូវនយោបាយនៅអូទ្រីសបញ្ជាក់ថា EU ពិតជាអយុត្តិធម៌ចំពោះកម្ពុជា!

អ្នកតាមដាននយោបាយអន្តរជាតិ ពិតជាបានដឹងហើយអំពីរឿងអាស្រូវនយោបាយផ្ទុះឡើង នៅប្រទេសអូទ្រីសដែលជា សមាជិកសហភាពអឺរ៉ុប។ 

រឿងអាស្រូវនយោបាយមួយនេះកំពុងក្លាយជាព្យុះសង្ឃរាបោក បក់ប្រទេសអូទ្រីសយ៉ាងពេញទំហឹងហើយបាននិងកំពុងធ្វើឲ្យរង្គើពេញសហភាពអឺរ៉ុបទាំង មូល។ ដើម្បីយល់ថា តើរឿងអាស្រូវនៅអូទ្រីសអាចឆ្លុះបញ្ចាំងអ្វីខ្លះពីរឿងអាស្រូវនយោបាយនៅកម្ពុជា? ហើយតើជំហររបស់សហភាពអឺរ៉ុបចំពោះកម្ពុជានិងចំពោះរឿងដូចគ្នាដែលកើតមាន នៅក្នុងប្រទេសសមាជិករបស់ខ្លួន ខុសគ្នាបែបណា? 

ដើម្បីមើលធ្លុះបញ្ហានេះ ខ្ញុំសូម រម្លឹកសាច់រឿងអាស្រូវនយោបាយដ៏ក្តៅគគុកនៅអូទ្រីសដូចខាងក្រោម៖ 

បញ្ហានេះបានផ្ទុះឡើងនៅ ថ្ងៃទី១៧ឧសភា២០១៩បន្ទាប់ពីមានវីដេអូមួយបានបែកធ្លាយដោយសារពត៍មានអាល្លឺម៉ង់។ វីដេអូនោះត្រូវបានគេលួចថត បានដោយសម្ងាត់នៅក្នុងផ្ទះវីឡា មួយនៅលើកោះ Ibiza ប្រទេសអេស្ប៉ាញ។ ក្នុងវីដេអូនោះ លោក Heinz-Christian Strache មេបក្សស្តាំជាតិនិយមជ្រុលនិងជាអនុអធិកាបតីអូទ្រីសបាន និយាយនៅពេលផឹកស៊ីស្រវឹងទៅកាន់ស្ត្រីម្នាក់ដែលអះអាងថាខ្លួនជាមនុស្សស្និទនឹងអ្នកមានអំណាចនៅរុស្ស៊ី។ មេបក្ស

ជាតិនិយមជ្រុលអូទ្រីសរូបនេះក៍បានសន្យាជាមួយ  ស្ត្រីនោះ ថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបើកផ្លូវឲ្យរុស្ស៊ីវាយលុកការរកស៊ីនៅក្នុងប្រទេសអូទ្រីស បើសិនជារុស្ស៊ីជួយជ្រោមជ្រែងអោយបក្សរបស់លោកបានឈ្នះឆ្នោត។ មិនត្រឹមតែប៉ុណ្ណោះ មេបក្សរូបនេះក៍បានលើកឡើងអំពីយុទ្ធសាស្ត្រវាយលុកនិងគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានដោយយកគំរូដូចនៅហុងគ្រី។

ក្រោយការបែកធ្លាយនូវវីដេអូនេះ លោក Heinz-Christian Strache បានបង្ខំចិត្តលាលែងចេញពីតំណែងអនុអធិកាបតី។ មិនត្រឹមតែប៉ុណ្ណោះទេ អធិកាបតីអូទ្រីស លោក Sebastian Kurz ថែមទាំងបានទាមទារឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Herbert Kickl ដែលជាអនុប្រធានបក្សស្តាំជាតិនិយមជ្រុលក៏ត្រូវតែចុះចេញពីតំណែងផងដែរដើម្បីបើកផ្លូវឲ្យមានការ ស៊ើបអង្កេតលើសំណុំរឿង នេះឲ្យមានតម្លាភាព។ 

ប្រតិកម្មទៅនឹងបញ្ហានេះ លោកស្រី អង់ហ្គេឡា មែរគែល អធិកាបតីអាល្លឺម៉ង់បានព្រមានថា រឿងអាស្រូវវីដេអូនៅអូទ្រីស គឺជាមេរៀនមួយប្រាប់ទៅអ្នកនយោបាយទាំងអស់ឲ្យប្រុងប្រយត្ន័និងកុំអោយលក់ក្បាលឲ្យប្រទេសផ្សេងដែលគេចង់បំផ្លាញអឺរ៉ុប។ 

រឿងឃុបឃិតជាមួយបរទេសដើម្បីបើកដៃឲ្យបរទេសលូកដៃ ចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួនគឺជា រឿងរសើបខ្លាំងណាស់នៅអឺរ៉ុប ក៏ដូចជានៅសហរដ្ឋអាមេរិកដែរ។ រឿងអាស្រូវឃុបឃិតជាមួយបរទេសនៅអូទ្រីសនឹងត្រូវគេ បើកការស៊ើបអង្កេតដ៏ធំមួយដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្ត។ 

នេះគ្រាន់តែការបែកធ្លាយវីដេអូដែលគេលួចថតបានដោយសម្ងាត់និងនិយាយត្រឹមតែការពឹងពាក់បរទេសឲ្យជួយជ្រោមជ្រែងឲ្យខ្លួនឈ្នះឆ្នោតជាថ្នូរនឹងការបើកឲ្យបរទេសនោះបោះទុន រកស៊ីនៅក្នុងស្រុកផងក៏ធ្វើឲ្យរំជើបរំជួលពេញពិភពអឺរ៉ុបដល់ម្លឹងដោយអ្នកខ្លះចាត់ទុកថាជាភ្នំភ្លើងដែលបាក់សង្កត់ប្រទេសអូទ្រីស និងអឺរ៉ុបទាំងមូល។ 

ឥឡូវនេះយើងងាកមកប្រៀបធៀបនឹងរឿងអាស្រូវនយោបាយនៅកម្ពុជាវិញម្តង។ 

1. រដ្ធាភិបាលលោកហ៊ុន សែនអត់មានបានបញ្ជាអោយទៅលួចថតការនិយាយរបស់កឹម សុខាទេហើយពេលលោកកឹម សុខាឈរនិយាយក៍អត់មានផឹកស្រវឹងដូចករណីអាស្រូវនៅអូទ្រីសដែរ។

2. ការបែកធ្លាយវិដេអូអួតអាងសារភាពរបស់លោកកឹម សុខាប្រកាសក្តែងៗប្រាប់អ្នកគាំទ្ររបស់ខ្លួនថា ខ្លួន       បានទទួលការហ្វឹកហាត់ពី បរទេសអស់ជាច្រើនឆ្នាំដើម្បីរៀបចំផែនការធ្វើបដិវត្តន៍ ពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរបៀបនៅអតីប្រទេស សែរប៊ីនិង យូហ្កូស្លាវីក៍ដោយសារទូរទស្សន៍អនឡាញ CBN នៅប្រទេសអូស្ត្រាលី មិនមែនបណ្តាញផ្សព្វ្សាយ ពត៍មានរបស់រដ្ធាភិបាល លោកហ៊ុន សែន នោះដែរ។ តើត្រូវគេចាត់ទុកជាអ្វីដែរ? 

ដូច្នេះ ខ្ញុំយល់ថាទំហំនៃទោស កំហុសរបស់កឹម សុខានេះពិតជាត្រឹមត្រូវនិងសមណាស់ដែល រដ្ធអំណាចត្រូវតែវាយខ្នោះទាំងកណ្តាលយប់អាធ្រាតពីព្រោះវាជារឿងធំមហិមា។ 

រឿងរ៉ាវដែលកើតឡើងនៅអូទ្រីសនៅពេលនេះក៏ជាកញ្ចក់ ឆ្លុះបញ្ចាំងឲ្យឃើញថា ចំណាត់ការរបស់អាជ្ញាធរកម្ពុជាពិតជាត្រឹមត្រូវហើយគ្មានប្រទេសណាមួយគេអាចអនុគ្រោះដល់អ្នកនយោបាយដែលលក់ក្បាលឲ្យបរទេសដើម្បីបើកដៃឲ្យបរទេសបំផ្លាញប្រទេសខ្លួនឯង នោះឡើយ។

ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយនិងហួសចិត្តបំផុតនោះគឺ នៅពេលដែលរឿងកើតនៅកម្ពុជា សហភាពអឺរ៉ុបបែរជាខំការពារអ្នកប្រព្រឹត្តរឿងអាស្រូវដែល មានចារឹកជាការក្បត់ជាតិដ៏ធំនេះហើយងាកមកដាក់កំហុស លើ រដ្ឋាភិបាលដែលគ្រាន់តែចាត់ វិធានការដើម្បីការពាររដ្ធធម្នុញ និងអធិបតេយ្យភាពជាតិខ្លួនទៅវិញ? 

ឥឡូវដល់ពេលរឿងដូចគ្នានេះកើតមាននៅក្នុងប្រទេសសមាជិករបស់ខ្លួនហើយប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួន ស្រាប់តែអឺរ៉ុបនាំគ្នាស្រែកថ្កោលទោសអ្នកនយោបាយអូទ្រីស ដែលឃុបឃិតជាមួយបរទេស និងកំពុងចាត់វិធានការក្តៅគគុកដូចភ្នំភ្លើងផ្ទុះ។

ទេវតារក្សាទ្វីបលោកនេះពិតជាចង់ផ្តល់កិច្ចគាំពារដល់កម្ពុជាហើយទើបបានជាធ្វើឲ្យមានរឿងអាស្រូវនេះចំបេះដូងអឺរ៉ុបតែម្តងខណៈដែលសហភាពអឺរ៉ុបកំពុងគំរាមព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ នេះហើយដែលគេហៅថា តម្រិះជិះកឯង។

តើអឺរ៉ុបដែលអួតថាជាបិតាប្រជាធិបតេយ្យ បិតាសិទ្ធិមនុស្ស និងជាអ្នកស្រឡាញ់យុត្តិធម៌នោះ មានអ្វីមកបង្ហាញជាគំរូដល់ប្រទេសក្រីក្រតូចតាចដូចកម្ពុជា? តើសហភាពអឺរ៉ុបមានស្តង់ដារ ប៉ុន្មាន? សហរដ្ឋអាមេរិកវិញក៏ មិនខុសគ្នាដែរ។ មហាអំណាចលោកខាងលិច មួយនេះក៏បានស្រែករិះគន់កម្ពុជា និងកំពុងគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ  GSP ពីកម្ពុជាដែរដោយ សារចំណាត់ការរបស់រដ្ឋាភិបាលរបស់លោកហ៊ុន សែនទៅលើ មេបក្ស្រឆាំងនិងអតីតអង្គការចាត់តាំងនយោបាយដែលបានឃុបឃិតជាមួយបរទេស ខណៈពេលដែលប្រទេសរបស់ខ្លួនបាននិងកំពុងបន្តចាត់វិធានការក្តៅគគុកចំពោះសំណុំរឿងអ្នកនយោបាយឃុបឃិតជាមួយបរទេស(រុស្ស៊ី)។

ដូច្នេះ ពីអំណឹះតទៅ ទាំងសហភាពអឺរ៉ុប ទាំងសហរដ្ឋអាមេរិក ពិតជាមិនអាចមានពាក្យអ្វីមកនិយាយជាមួយកម្ពុជាទៀតបានឡើយប្រសិនបើពួកគេជាអ្នកថ្លៃថ្នូរនិងចេះអៀនខ្មាស។ ការប្រើប្រាស់ស្តង់ដារពីរមិនមែនជាគំរូល្អដែលត្រូវបង្ហាញដល់អ្នកដទៃឡើយ។ ហើយការបន្ត នយោបាយស្តង់ដារពីរនេះ «Deux poids Deux Mesures រឺ Double Standards » ទៀតសោតនឹងធ្វើឲ្យអានុភាពរបស់ មហាអំណាចលោកខាងលិចធ្លាក់ចុះខ្សោយជាបន្តបន្ទាប់នៅចំពោះមុខប្រទេសតូចតាច និងក្រីក្រ។ ភាពអយុត្តធម៍របស់សហភាពអឺរ៉ុប និងសហរដ្ឋ អាមេរិកចំពោះកម្ពុជាល្មមដល់ពេលបិទបញ្ចប់ហើយប្រសិនបើមហាអណាចលោកខាងលិចចង់រក្សាភាពជាមហាអំណាច ជាបិតាប្រជាធិបតេយ្យ និងបិតាសិទ្ធិមនុស្សតទៅទៀត។ នេះជាសារដ៏សំខាន់មួយដែលស្តែងចេញពីរឿងអាស្រូវនយោបាយនៅអូទ្រីស។ សារសំខាន់ម្យ៉ាងទៀតគឺ អ្នកនយោបាយដែលលក់ក្បាលឲ្យបរទេសដើម្បីបំផ្លាញជាតិខ្លួនឯងគឺជាកំហុសធ្ងន់ប៉ុនមហាមេឃដែលគ្មានប្រទេសណាទទួលយកបានឡើយរាប់ទាំងប្រទេសដែលមានអំនួតថាជាបិតាប្រជាធិបតេយ្យទាំងឡាយផង។ 

ដូច្នេះ លោកបណ្ឌិត អ្នកវិភាគ និងអង្គការសង្គមស៊ីវិល ក៏ដូចជាប្រព័ន្ធផ្សាយព័ត៌មានលម្អៀងទាំងឡាយ គួរល្មមភ្លឺភ្នែកហើយចំពោះសំណុំរឿងឃុបឃិតជា មួយបរទេស៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ