ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីទាំងអស់មកពីគណបក្ស Freedom Party នៅអូទ្រីស លាលែងចេញពីតំណែង ខណៈរឿងអាស្រូវរបស់ប្រធានគណបក្សមួយនេះដែលពឹងពាក់ប្រទេសរុស្ស៊ី ជួយឲ្យគណបក្សខ្លួនឈ្នះឆ្នោត កំពុងកក្រើកអឺរ៉ុបទាំងមូល

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 42
រដ្ឋមន្ត្រីទាំងអស់មកពីគណបក្ស Freedom Party នៅអូទ្រីស លាលែងចេញពីតំណែង ខណៈរឿងអាស្រូវរបស់ប្រធានគណបក្សមួយនេះដែលពឹងពាក់ប្រទេសរុស្ស៊ី ជួយឲ្យគណបក្សខ្លួនឈ្នះឆ្នោត កំពុងកក្រើកអឺរ៉ុបទាំងមូល រដ្ឋមន្ត្រីទាំងអស់មកពីគណបក្ស Freedom Party នៅអូទ្រីស លាលែងចេញពីតំណែង ខណៈរឿងអាស្រូវរបស់ប្រធានគណបក្សមួយនេះដែលពឹងពាក់ប្រទេសរុស្ស៊ី ជួយឲ្យគណបក្សខ្លួនឈ្នះឆ្នោត កំពុងកក្រើកអឺរ៉ុបទាំងមូល

រដ្ឋមន្ត្រីទាំងអស់មកពីគណបក្សFreedom Party (FPÖ) នៅក្នុងសប្ដាហ៍នេះបានសម្រេចចិត្តលាលែងចេញពីតំណែងទាំងអស់គ្នាក្រោយរដ្ឋមន្ត្រីមហាផ្ទៃមកពីបក្សមួយនេះគឺលោកហ៊ឺប៊ឺតឃីក(Herbert Kickl) ត្រូវបានបណ្ដេញចេញពីតំណែងតាមសំណើរបស់អធិការបតីអូទ្រីសលោកសេបាស្ទានឃើស(Sebastian Kurz)ការលាលែងពីតំណែងជាកញ្ចប់នេះបាននាំទៅរកការដួលរលំនៃរដ្ឋាភិបាលចម្រុះរវាងគណបក្សFreedom Party (FPÖ) និងគណបក្សAustrian People’s Party របស់លោកKurz

* ដើមហេតុនៃវិបត្តិ

កាលពីថ្ងៃសុក្រសប្ដាហ៍មុនសារព័ត៌មាននៅក្នុងប្រទេសអាល្លឺម៉ង់ស៊ីដដឺតជេហ្សៃតាំង(Süddeutsche Zeitung) និងស្ពីជែល(Spiegel) បានចេញផ្សាយនូវវីដេអូដ៏អាស្រូវសំខាន់មួយពាក់ព័ន្ធនឹងអនុអធិការបតីអូទ្រីសនិងជាប្រធានគណបក្សFPÖ លោកហេនស៍គ្រីស្ទានស្ត្រាច(Heinz-Christian Strache) ដែលទើបឲ្យបង្ខំចិត្តលាលែងពីតំណែង។

វីដេអូរបស់លោកStrache ត្រូវថតនៅឯផ្ទះលំហែមួយក្នុងតំបន់ទេសចរណ៍អ៊ីលប៊ីហ្សា(Ibiza) ក្នុងប្រទេសអេស្ប៉ាញកាលពីរដូវក្ដៅឆ្នាំ២០១៧កន្លងទៅ។នៅក្នុងវីដេអូនេះបានបង្ហាញពីលោកStrache និងមន្ត្រីបក្សFPÖ ម្នាក់ទៀតឈ្មោះចូហាន់ហ្គូដិននឹស(Johann Gudenus) បានជជែកជាមួយស្ត្រីម្នាក់ដែលគេជឿជាក់ថាជាក្មួយស្រីរបស់មហាសេដ្ឋីរុស្ស៊ីម្នាក់។

បន្ថែមពីលើនេះក្នុងវីដេអូនោះទៀតសោតស្រ្តីដែលជាក្មួយមហាសេដ្ឋីរុស្ស៊ីរូបនេះបានប្រាប់អ្នកទាំងពីរថានាងមានគម្រោងវិនិយោគប្រាក់២៥០លានអឺរ៉ូនៅក្នុងប្រទេសអូទ្រីសព្រមទាំងទិញភាគហ៊ុនសារព័ត៌មានអូទ្រីសដ៏ធំឈ្មោះក្រូណិនហ្សៃថាំង(Kronen Zeitung) ដើម្បីជួយផ្សព្វផ្សាយពីសកម្មភាពល្អៗរបស់គណបក្សFPÖ ត្រៀមសម្រាប់ការបោះឆ្នោតនៅពេលខាងមុខ។

ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ការសន្យារបស់ក្មួយស្រីមហាសេដ្ឋីរុស្ស៊ីទាំងនេះត្រូវបានគេមើលឃើញថាគឺជាការដោះដូរដើម្បីទទួលបានកិច្ចសន្យាវិនិយោគនានាពីរដ្ឋាភិបាលអូទ្រីស។មិនតែប៉ុណ្ណោះពួកគេក៏បានជជែកគ្នាផងដែរថាតើត្រូវធ្វើយ៉ាងដូចម្ដេចទើបអាចបិទបាំងអំណោយខុសច្បាប់ដែលស្រ្តីរូបនេះចង់ប្រើប្រាស់ក្នុងគោលបំណងកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងប្រទេសអូទ្រីសតាមរយៈផែនការរបស់លោកStrache

* ប្រតិកម្មរបស់លោកStrache

នៅក្នុងលិខិតលាលែងចេញពីតំណែងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនអធិការបតីរងអូទ្រីសលោកStrache បានចាត់ទុកថាវីដេអូដែលបែកធ្លាយគឺជាយុទ្ធនាការប្រឆាំងនឹងរូបលោកប៉ុណ្ណោះហើយលោកក៏មិនបានទទួលស្គាល់ចំៗថាបានប្រព្រឹត្តបទល្មើសណាមួយនោះដែរ។

គួរបញ្ជាក់ថាអធិការបតីអូទ្រីសលោកSebastian Kurz បានចោទប្រកាន់គណបក្សFPÖ ថាកំពុងព្យាយាមបំផ្លាញកំណែងទម្រង់របស់លោកហើយលោកបានអំពាវនាវឱ្យមានការបោះឆ្នោតមុនអាណត្តិនៅខែកញ្ញាខាងមុខនេះ។

ប្រតិកម្មទៅនឹងបញ្ហានេះលោកស្រីអង់ហ្គេឡាមែរគែលអធិកាបតីអាល្លឺម៉ង់បានព្រមានថារឿងអាស្រូវវីដេអូនៅអូទ្រីសគឺជាមេរៀនមួយប្រាប់ទៅអ្នកនយោបាយទាំងអស់ឲ្យប្រុងប្រយ័ត្ននិងកុំឲ្យលក់ក្បាលឲ្យប្រទេសផ្សេងដែលគេចង់បំផ្លាញអឺរ៉ុប។រឿងឃុបឃិតជាមួយបរទេសដើម្បីបើកដៃឲ្យបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួនគឺជារឿងរសើបខ្លាំងណាស់នៅអឺរ៉ុបក៏ដូចជានៅសហរដ្ឋអាមេរិកដែរ។រឿងអាស្រូវឃុបឃិតជាមួយបរទេសនៅអូទ្រីសនឹងត្រូវគេបើកការស៊ើបអង្កេតដ៏ធំមួយដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្ត។

នេះគ្រាន់តែការបែកធ្លាយវីដេអូដែលគេលួចថតបានដោយសម្ងាត់និងនិយាយត្រឹមតែការពឹងពាក់បរទេសឲ្យជួយជ្រោមជ្រែងឲ្យខ្លួនឈ្នះឆ្នោតជាថ្នូរនឹងការបើកឲ្យបរទេសនោះបោះទុនរកស៊ីនៅក្នុងស្រុកផងក៏ធ្វើឲ្យរំជើបរំជួលពេញពិភពអឺរ៉ុបដល់ម្លឹងដោយអ្នកខ្លះចាត់ទុកថាជាភ្នំភ្លើងដែលបាក់សង្កត់ប្រទេសអូទ្រីសនិងអឺរ៉ុបទាំងមូល។

ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនិងហួសចិត្តបំផុតនោះគឺនៅពេលដែលរឿងកើតនៅកម្ពុជាករណីលោកកឹមសុខាប្រកាសក្តែងៗថាបានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាបែរជាសហភាពអឺរ៉ុបខំការពារអ្នកប្រព្រឹត្តរឿងអាស្រូវដែលមានចារឹកជាការក្បត់ជាតិដ៏ធំនេះហើយងាកមកដាក់កំហុសលើរដ្ឋាភិបាលដែលគ្រាន់តែចាត់វិធានការដើម្បីការពាររដ្ឋធម្មនុញ្ញនិងអធិបតេយ្យភាពជាតិខ្លួនទៅវិញ?

ឥឡូវដល់ពេលរឿងដូចគ្នានេះកើតមាននៅក្នុងប្រទេសសមាជិករបស់ខ្លួនហើយប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្លួនស្រាប់តែអឺរ៉ុបនាំគ្នាស្រែកថ្កោលទោសអ្នកនយោបាយអូទ្រីសដែលឃុបឃិតជាមួយបរទេសនិងកំពុងចាត់វិធានការក្តៅគគុកដូចភ្នំភ្លើងផ្ទុះ៕

 

អត្ថបទទាក់ទង