ខ្មែរប៉ុស្ដិ៍ Close

ប្រាក់អឺរ៉ូមិនមែនជាទីជម្រកសុវត្ថិភាពទេ ខណៈពេលដែលចិនកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 61
ប្រាក់អឺរ៉ូមិនមែនជាទីជម្រកសុវត្ថិភាពទេ ខណៈពេលដែលចិនកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូមិនមែនជាទីជម្រកសុវត្ថិភាពទេ ខណៈពេលដែលចិនកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក

ជាមួយនឹងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅអឺរ៉ុប «តើចិនគួរពិចារណាអំពីការធ្វើពិពិធកម្មហានិភ័យរូបិយបណ្ណរបស់ខ្លួនចេញឆ្ងាយពីប្រាក់អឺរ៉ូដែរឬទេ?» បើទោះបីជាប្រាក់អឺរ៉ូបានឈានដល់តម្លៃស្មើគ្នាជាមួយនឹងប្រាក់ដុល្លារអាមេរិកនៅក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះក៏ដោយ។

សង្គ្រាមនៅអ៊ុយក្រែន, វិបត្តិថាមពលសកល និងហានិភ័យនៃព្រឹត្តិការណ៍ឥណទាននៅអឺរ៉ុប អាចធ្វើឱ្យប្រាក់អឺរ៉ូវិលត្រឡប់ទៅរកកម្រិតទាបជាប្រវត្តិសាស្ត្រឡើងវិញបើធៀបនឹងប្រាក់ដុល្លារ ប្រសិនបើស្ថានភាពវិវឌ្ឍទៅកាន់តែដុនដាប។

ប្រទេសចិនកំពុងជាប់គាំងនៅក្នុងជម្រើសដ៏តិចតួចពាក់ព័ន្ធនឹងការផ្លាស់ប្តូរចេញពីរូបិយបណ្ណអាមេរិកដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រាក់ដុល្លារ។ នៅពេលដែលលក្ខខណ្ឌពាណិជ្ជកម្មអន្តរជាតិកាន់តែមានការប្រកួតប្រជែង វិនិយោគិនអន្តរជាតិនឹងមានទំនោរកាត់បន្ថយហានិភ័យ តាមរយៈការងាកទៅរករូបិយបណ្ណដែលមានសុវត្ថិភាព ដែលអាចរួមមានប្រាក់ដុល្លារអាមេរិក (US Dollar) ប្រាក់ហ្វ្រង់ស្វីស (Swiss Franc) និងប្រាក់យ៉េនជប៉ុន (Japanese Yen)។

នៅពេលកើតមានចលាចលនៅក្នុងទីផ្សារនៅពេលថ្មីៗនេះ ប្រាក់ដុល្លារអាមេរិកនៅតែមានស្ថានភាពល្អដែលនេះក៏ដោយសារតែហានិភ័យទាប, ភាពរឹងមាំនៃសេដ្ឋកិច្ចអាមេរិក បូករួមនឹងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដោយធនាគារកណ្តាលអាមេរិក។

ដោយសារការកើនឡើងនៃអត្រាការប្រាក់របស់អាមេរិកក្នុងកម្រិតខ្ពស់ជាងរូបិយបណ្ណផ្សេងទៀតសន្ទស្សន៍ជញ្ជីងពាណិជ្ជកម្ម (Trade-weighted Index) របស់ប្រាក់ដុល្លារធៀបនឹងរូបិយបណ្ណសំខាន់ៗផ្សេងទៀត បានកើនឡើង ២១% ចាប់តាំងពីខែមករា ឆ្នាំ ២០២១ ដោយសារតម្រូវការសម្រាប់រូបិយបណ្ណដែលមានសុវត្ថិភាពមានការកើនឡើង។

គេក៏មិនអាចព្រងើយកន្តើយបានដែរចំពោះផលចំណេញដែលទទួលបានពីប្រាក់ដុល្លារអាមេរិក។ ធនាគារកណ្តាលអាមេរិកអាចនឹងដំឡើងអត្រាការប្រាក់កាន់តែខ្ពស់ដល់ ៤% នៅឆ្នាំ ២០២៤ ហើយអាចនឹងកាន់តែខ្ពស់ជាងនេះ ប្រសិនបើបញ្ហាអតិផរណានៅតែបន្តកើតមាន។ ផ្អែកលើសេណារីយ៉ូនេះផលប្រយោជន៍ដែលទទួលបានពីអត្រាការប្រាក់របស់អាមេរិកនឹងបន្តមានភាពកាន់តែរឹងមាំ។ នៅក្នុងទីផ្សារប្រាក់ (Money Market) ប្រាក់ដុល្លារមានបុព្វលាភ ២,២៨% ច្រើនជាងប្រាក់យ៉េន, ២,៣៥% ច្រើនជាងប្រាក់អឺរ៉ូ និង ២,៥៣% ច្រើនជាងប្រាក់ហ្វ្រង់ស្វីស។

ការប្ដេជ្ញាចិត្តរបស់ធនាគារកណ្តាលចំពោះគោលនយោបាយរូបិយវត្ថុកាន់តែម៉ឺងម៉ាត់ជាងពេលបច្ចុប្បន្ននឹងបន្តធ្វើឱ្យប្រាក់ដុល្លារអាមេរិកកាន់តែមានភាពរឹងមាំដោយសារតែធនាគារកណ្តាលអឺរ៉ុប, ធនាគារជាតិស្វីស និងធនាគារជប៉ុន ក៏កំពុងព្យាយាមបង្កើនអត្រាការប្រាក់ក្នុងស្រុករបស់ពួកគេឱ្យបានកាន់តែឆាប់រហ័សផងដែរ។

ទិន្នផលរតនាគាររបស់អាមេរិក (US Treasury Yields) កំពុងត្រូវបានជួញដូរក្នុងអត្រា ១,៨៦% ខ្ពស់ជាងមូលបត្របំណុលរបស់រដ្ឋាភិបាលអាល្លឺម៉ង់, ២,៣៤% ខ្ពស់ជាងមូលបត្របំណុលរបស់រដ្ឋាភិបាលស្វីស និង ២,៦៤% ខ្ពស់ជាងបំណុលរបស់រដ្ឋាភិបាលជប៉ុន។

ខណៈពេលដែលប្រាក់ដុល្លារអាមេរិកបាននិងកំពុងផ្តល់នូវទិន្នផលខ្ពស់ ហើយរូបិយបណ្ណអាមេរិកក៏អាចមានភាពកាន់តែរឹងមាំ ប្រសិនបើលក្ខខណ្ឌតម្រូវការសុវត្ថិភាពនៅតែបន្តកើតមានដូចបច្ចុប្បន្ន វានឹងក្លាយជារឿងដ៏លំបាកសម្រាប់វិនិយោគិនអន្តរជាតិ ដែលកំពុងស្វែងរកជម្រើសរូបិយបណ្ណជំនួសដែលមានហានិភ័យទាបជាង និងដែលអាចផ្តល់ទិន្នផលខ្ពស់ជាងប្រាក់ដុល្លារអាមេរិក។

សម្រាប់អ្នកគ្រប់គ្រងទុនបម្រុងរូបិយបណ្ណរបស់ចិន ដែលកំពុងស្វែងរកការបែងចែកឡើងវិញនូវរូបិយបណ្ណបរទេសផ្លូវការរបស់ចិនចំនួន ៣,១ ទ្រីលានដុល្លារ វានឹងក្លាយជារឿងកាន់តែលំបាកជាពិសេសប្រសិនបើចិននៅតែមានបំណងចង់កាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកក្នុងរយៈពេលវែង។

យោងតាមទិន្នន័យរបស់ក្រសួងរតនាគារអាមេរិក «មូលបត្ររបស់រដ្ឋាភិបាលអាមេរិក ដែលកានកាប់ដោយប្រទេសចិនបានធ្លាក់ចុះនៅក្រោម ១ ទ្រីលានដុល្លារជាលើកដំបូង បើគិតចាប់តាំងពីឆ្នាំ ២០១០ ដោយបានធ្លាក់មកនៅត្រឹម ៩៨០,៨ ពាន់លានដុល្លារនៅក្នុងខែឧសភា»។ ប្រទេសចិនប្រហែលជាចង់កាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើទីផ្សាររតនាគារអាមេរិក ក៏ប៉ុន្តែការស្វែងរកជម្រើសជំនួសនៅតែជាបញ្ហាប្រឈម។

យោងតាមទិន្នន័យរបស់មូលនិធិ រូបិយវត្ថុអន្តរជាតិ «ភាគហ៊ុនរបស់ប្រាក់ដុល្លារអាមេរិកនៅក្នុងទុនបម្រុងរូបិយបណ្ណបរទេសសកលបានធ្លាក់ចុះដល់កម្រិតទាបបំផុត (៥៩%) ក្នុងរយៈពេល ២៦ ឆ្នាំ»។ ទោះជាយ៉ាងណាក៏ដោយ វានៅតែជាអ្នកដឹកនាំទីផ្សារដ៏មានឥទ្ធិពល ដោយបាននាំមុខភាគហ៊ុន ២០% របស់ប្រាក់អឺរ៉ូ។

ប្រាក់យ៉េនជប៉ុន, ប្រាក់ផោនអង់គ្លេស, ប្រាក់ដុល្លារអូស្ត្រាលី និងប្រាក់ដុល្លារកាណាដាមិនបានទាក់ទាញរូបិយប័ណ្ណបម្រុងច្រើននោះទេ ដោយសារកង្វះសាច់ប្រាក់ងាយស្រួលនៅក្នុងទីផ្សារបើធៀបនឹងប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូ។ ទន្ទឹមនឹងនេះដែរប្រាក់អឺរ៉ូក៏កំពុងជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនផងដែរនៅពេលនេះ។

ប្រទេសចិន ប្រហែលជានឹងត្រូវធ្លាក់ទៅក្នុងស្ថានភាពដ៏លំបាកជាមួយនឹងក្តីសង្ឃឹមថា «ប្រាក់អឺរ៉ូនឹងមិនធ្លាក់តម្លៃកាន់តែខ្លាំងទៀតទេដើម្បីអាចទាញផលចំនេញពីប្រាក់ដុល្លារអាមេរិកបានកាន់តែច្រើន»៕

South China Morning Post

អត្ថបទទាក់ទង