ខ្មែរប៉ុស្ដិ៍ Close

ប្រធានាធិបតីហុងគ្រី ប្រកាសគោលជំហរក្នុងការបន្តគាំទ្រប្រទេសកម្ពុជាប្រឆាំងនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 48
ប្រធានាធិបតីហុងគ្រី ប្រកាសគោលជំហរក្នុងការបន្តគាំទ្រប្រទេសកម្ពុជាប្រឆាំងនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ប្រធានាធិបតីហុងគ្រី ប្រកាសគោលជំហរក្នុងការបន្តគាំទ្រប្រទេសកម្ពុជាប្រឆាំងនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA

លោក Janos Ader ប្រធានាធិបតីហុងគ្រី បានប្រកាសជំហរថា រដ្ឋាភិបាលហុងគ្រី ក្នុងនាមជាសមាជិកអឺរ៉ុប នឹងនៅតែបន្តគាំទ្រដល់ប្រទេសកម្ពុជា ហើយប្រឆាំងចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ពីប្រទេសកម្ពុជា។ ការប្រកាសជំហរនេះ បានធ្វើឡើងក្នុងឱកាសដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលជួបសម្តែងការគួរសមជាមួយលោកប្រធានាធិបតីហុងគ្រី នៅប្រទេសហុងគ្រី នារសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩។

នៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកចំណុចមួយចំនួនពាក់ព័ន្ធនឹងបញ្ហា EBA ដោយបានស្នើលោកប្រធានាធិបតីហុងគ្រី បន្តជួយកម្ពុជាពាក់ព័ន្ធនឹងបញ្ហា EBA ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកបានគូសបញ្ជាក់ថា ការសម្រេចយ៉ាងណា អាស្រ័យទៅលើសហភាពអឺរ៉ុប ប៉ុន្តែធ្វើយ៉ាងណាឱ្យសហភាពអឺរ៉ុប ធ្វើការសម្រេចប្រកបដោយយុត្តិធម៌សម្រាប់កម្ពុជា។

ប្រធានាធិបតីហុងគ្រី បានឆ្លើយតបថា ប្រទេសហុងគ្រីគឺជាសម្ព័ន្ធមិត្តរបស់ប្រទេសកម្ពុជា ហើយមានតែរដ្ឋាភិបាលហុងគ្រីតែមួយគត់ ដែលបានបោះឆ្នោតប្រឆាំងមិនគាំទ្រឱ្យមានការដក EBA ពីកម្ពុជា ក្នុងនោះដែរ លោកប្រធានាធិបតីបានមានប្រសាសន៍ថា បើសិនជាសមាជិក EU ផ្សេងទៀតប្រកាសគាំទ្រជារឿងល្អណាស់ ហើយរដ្ឋាភិបាលហុងគ្រី នៅតែបន្តគាំទ្រប្រទេសកម្ពុជា ទៅលើបញ្ហា EBA នេះ។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ សហភាពអឺរ៉ុបបានប្រកាសអំពីការចាប់ផ្តើមដំណើរការនីតិវិធី ដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធនេះ។ ប្រព័ន្ធ EBA អាចនឹងលុបចោលប្រសិនបើរកឃើញថាប្រទេសទទួលផលនេះមិនគោរពសិទិ្ធមនុស្ស និងសិទ្ធិការងារសំខាន់ៗ។ ការផ្តួចផ្តើមគំនិតនេះ មិនមានន័យថា សហភាពអឺរ៉ុបចាប់ផ្តើមព្យួរប្រព័ន្ធអនុគ្រោះពន្ធភ្លាមៗ ឬជាស្វ័យប្រវត្តិនោះឡើយ គ្រាន់តែជាពេលវេលា ដែលចាប់ផ្តើមបើកនីតិវិធីពិគ្រោះយោបល់ជាផ្លូវការតែប៉ុណ្ណោះ។

កម្ពុជា មានរយៈពេល៦ខែ ក្នុងការជជែកតវ៉ា និងលើកហេតុផលផ្សេងៗ ពន្យល់ទៅគណៈកម្មការអឺរ៉ុប។ ប្រសិនបើគណៈកម្មការអឺរ៉ុប មិនទទួលយកការពន្យល់របស់កម្ពុជា ហើយនៅតែសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន គឺត្រូវប្រើរយៈពេលចំនួន១៨ខែ គិតចាប់ពីថ្ងៃចាប់ផ្តើម (១២ កុម្ភៈ ២០១៩) រហូតដល់ការចូលជាធរមាន ពោលទំនិញរបស់កម្ពុជានៅតែបន្ត នាំចូលទៅកាន់សហភាពអឺរ៉ុប ដោយមិនជាប់ពន្ធរយៈពេលជាង១ឆ្នាំទៀតមុននឹងមានការសម្រេចជាថ្មី។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ទុកថា ការសម្រេចចិត្តអឺរ៉ុបនេះជារឿងភាពអយុត្តិធម៌បំផុត។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងដាក់ចេញនូវយន្តការផ្សេងៗទៀត ដើម្បីឆ្លើយតបនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ផងដែរ៕

អត្ថបទទាក់ទង