លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី ១៥៦ ទិវាកាកបាទក្រហមពិភពលោក
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ព្រមទាំង សមាជិក សមាជិកា ព្រឹទ្ធសភា អ្នកតំណាងរាស្រ្ដមណ្ឌលតាកែវ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងភរិយា ព្រមទាំងប្រតិភូអមដំណើរ ជាច្រើនរូប នាព្រឹកថ្ងៃសៅរ៍ទី៤ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមអបអរសាទរខួបលើកទី ១៥៦ ទិវាកាកបាទក្រហមពិភពលោក និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា» ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តតាកែវ។
ពិធីនេះក៏មានការ អញ្ជើញចូលរួមពីសំណាក់ លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងលោក លោកស្រី អភិបាល អភិបាលរងក្រុងស្រុកទាំងអស់ ព្រមទាំងសប្បុរសជន ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ជាច្រើនរូបផងដែរ។
សូមបញ្ជាក់ដែរថា ថវិកាដែលសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ទទួលបានពីសប្បុរសជនជាតិ និងអន្តរជាតិ ដែលបានចូលរួមក្នុងខួបលើកទី ១៥៦ ទិវាកាកបាទក្រហមពិភពលោក និងអឌ្ឍចន្ទក្រហម នៅសាលាខេត្តតាកែវ មានចំនួនតួរលេខបណ្ដោះអាសន្ន ចំនួនជាង ២៣ម៉ឺន ដុល្លារសហរដ្ឋមេរិក ដែលមានការកើនឡើងជាងឆ្នាំមុនឆ្នាំ២០១៨ មានចំនួនជាង ១៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕