លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសារសពវីរយុទ្ធជនដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ដែលរស់នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង។
នៅក្នុងវេលាដ៏ក្រៀមក្រំនោះផងដែរ លោកជំទាវបណ្ឌិត បានពាំនាំនូវប្រសាសន៍ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ព្រមទាំងប្រសាសន៍សួរសុខទុក្ខពីសម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជាការលើកទឹកចិត្ត និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះវីរភាពរបស់អ្នកស្នេហាជាតិ។
ទន្ទឹមនឹងការចុះសួរសុខទុក្ខនោះផងដែរ លោកជំទាវបណ្ឌិត ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន៖ ថវិកាឧបត្ថម្ភ សម្ភារៈប្រើប្រាស់ចាំបាច់និងគ្រឿងឧបភោគបរិភោគជាច្រើនមុខ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ក្រុមគ្រួសារនៃសពឱ្យបានធូរស្រាលមួយកម្រិត។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត ក៏បានគូសបញ្ជាក់អំពីគោលនយោបាយ និងយន្តការយកចិត្តទុកដាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញដើម្បីគាំទ្រដល់គ្រួសារយុទ្ធជនពលី រួមមាន ជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូរបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕




