ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន អញ្ជើញប្រារព្ធមីទ្ទិញរំលឹកខួបទី៤១ ទិវាជ័យជំនះ ៧មករា ១៩៧៩-៧មករា ២០២០ នៅខេត្តតាកែវ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 54
លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន អញ្ជើញប្រារព្ធមីទ្ទិញរំលឹកខួបទី៤១ ទិវាជ័យជំនះ ៧មករា ១៩៧៩-៧មករា ២០២០ នៅខេត្តតាកែវ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន អញ្ជើញប្រារព្ធមីទ្ទិញរំលឹកខួបទី៤១ ទិវាជ័យជំនះ ៧មករា ១៩៧៩-៧មករា ២០២០ នៅខេត្តតាកែវ

មីទ្ទិញរំលឹកខួបទី៤១ នៃទិវាជ័យជំនះ ៧ មករា (៧មករា១៩៧៩-៧មករា ២០២០) បានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ។ មីទ្ទិញអបអរ សាទរខួបអនុស្សាវរីយ៍លើកទី៤១នៃទិវាជ័យជម្នះ ៧មករា១៩៧៩-៧មករា ២០២០នេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណជិត១ម៉ឺននាក់។

លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានអានសន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាដោយបានគូសបញ្ជាក់ថា ថ្ងៃនេះ ជាថ្ងៃគម្រប់ខួបទី៤១ នៃទិវាជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍របស់បន ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នងបំផុតនេះបានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ជាមួយគ្នានេះ នៅក្នុងថ្ងៃជាប្រវត្តិសាស្ត្រនេះដែរ ប្រជាជនកម្ពុជាយើងនៅគ្រប់ទិសទី ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស កំពុងអបអរសាទរយ៉ាងក្លៀវក្លានូវខួបអនុស្សាវរីយ៍នៃទិវាជ័យជន្នះជាប្រវត្តិសាស្ត្រនេះ ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើនឥតគណនា ដែលបានប្រយុទ្ធធ្វើពលីកម្មយ៉ាងអង់អាច ដើម្បីរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។

លោក ប៊ិន ឈិន បានបញ្ជាក់បន្តថា បច្ចុប្បន្ន ប្រជាជាតិយើងកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមពន្លឺនៃសន្តិភាព និងការអភិវឌ្ឍក្តី ក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចនូវអតីតកាលដ៏ឈឹចាប់ និងខ្មៅងងឹតបំផុតរបស់ជាតិយើង ដែលបណ្តាលមកពីភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងបំផុត។ បន្ទាប់ពីសង្គ្រាម៥ឆ្នាំ កម្ពុជាបានបន្តធ្លាក់ចូលក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ថែមទៀត ដែលបង្ករឡើងដោយពួកឃាតករ ប៉ុល ពត ធ្វើឲ្យមាតុភូមិកម្ពុជា ត្រូវបំផ្លិចបំផ្លាញខ្ទេចខ្ទីដល់ចំណុចសូន្យ។ ប្រជាជនកម្ពុជា ជាង៣លាននាក់ត្រូវបានសម្លាប់រង្គាលយ៉ាងព្រៃផ្សៃបំផុត ឯអ្នកនៅរស់ក៏រង់ចាំតែពេលត្រូវគេយកទៅសម្លាប់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ បើគ្មានរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ដែរ ហើយនិរន្តរភាពជាតិ ក៏មិនត្រូវកាត់ផ្តាច់ ប្រជាជនកម្ពុជានឹងបានបន្តរស់ក្នុងសន្តិភាព និងភាពសម្បូរសប្បាយ។

សន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ ដែលទើបតែកន្លងផុតទៅនេះ សភាពការណ៍ទូទៅរបស់កម្ពុជា មានការវិវត្តន៍យ៉ាងល្អដែលផ្តល់ភាពអនុគ្រោះដល់ការសម្រេចគោលដៅរបស់យើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ទោះបីជាសភាពការណ៍អន្តរជាតិនៅតែបន្តប្រែប្រួលយ៉ាងស្មុគស្មាញក្តី។ ៤១ឆ្នាំ្នកន្លងទៅនេះ គឺ៤១ឆ្នាំ នៃសាមគ្គីភាព វីរភាព និងជ័យជម្នះ។ការពុះពារផ្តូរផ្តាច់របស់យើងក្នុងរយៈពេល៤១ឆ្នាំនេះបានកែប្រែមាតុភូមិយើងពីគំនរផេះផង់ឲ្យឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយមោទនភាពបំផុត។ នៅលើកំណាត់ផ្លូវដ៏វែងនេះ គណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំការប្រយុទ្ធតស៊ូសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍បានឋិតនៅ រួមសុខរួមទុក្ខជានិច្ចជាមួយប្រជាជន ធ្វើជាបង្អែករបស់ប្រជាជននៅគ្រប់កាលៈទេសៈទាំងក្នុងបុព្វហេតុការពារជាតិ ការពារការរស់ឡើងវិញរបស់ប្រជាជន ទាំងបុព្វហេតុសន្តិភាព និងបង្រួបបង្រួមជាតិ និងទាំងបុព្វហេតុស្តារ កសាង និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។

បន្ទាប់ពីមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានសូត្រកំណាព្យ ថ្ងៃ៧មករា ចារក្រាំងមាស រួចមក នៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤១ នៃថ្ងៃជ័យជម្នះ៧មករា ១៩៧៩- ៧មករា ២០២០ នេះដែរ តំណាងសមាជិក សមាជិកា អង្គពិធី ក៏បានឡើងមានចំណាប់អារម្មណ៍ដោយបានសម្តែងភាពរំភើបរីករាយ គ្មានអ្វីប្រៀបផ្ទឹមបានឡើយដែលបានចូលរួមពិធីខួបអនុស្សាវរីយ៍លើកទី៤១នៃថ្ងៃជ័យជម្នះ៧មករា ដ៏មហោឡារឹកនេះ។ ឆ្លងកាត់រយៈពេល៤១ឆ្នាំ បន្ទាប់ពីជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ប្រជាជាតិមួយដែលរងការសម្លាប់រង្គាល បានងើបឈរឡើងវិញយ៉ាងរឹងប៉ឹង និងស្រស់បំព្រង ប្រកបដោយមោទនភាពខ្ពស់បំផុត ក្រោមកម្លាំងមហាសាមគ្គីរបស់ប្រជាជនជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា មហាជ័យជម្នះ៧មករា ពិតជាមានអត្ថន័យ និងជាប្រវត្តិសាស្រ្ដដ៏ជ្រាលជ្រៅ ដែលបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតបំផុត នៃកម្ពុជា ហើយបានបើកឡើងវិញនូវទំព័រសករាជថ្មីនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងបានធ្វើឲ្យរាល់តម្លៃ ទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជាតិខ្មែរ ដែលបានកសាង ពូនជ្រុំអស់រយៈកាលរាប់ពាន់ឆ្នាំមកហើយនៃប្រវត្តិសាស្រ្ដរបស់ខ្លួនក្នុងនោះមានកេរដំណែលវប្បធម៌ អរិយធម៌ អង្គរដ៏រុងរឿង បានរស់ឡើងវិញនិងបន្តរីកចម្រើនឥតឈប់ឈរ៕

អត្ថបទទាក់ទង