ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា ចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិឆ្នាំ២០១៩ ដើម្បីបង្ហាញសក្តានុពលបេតិកភណ្ឌវប្បធម៌ និងធនធានធម្មជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 53

ដើម្បីផ្សព្វផ្សាយពីបេតិកភណ្ឌវប្បធម៌ និងធនធានធម្មជាតិ សំដៅលើកស្ទួយកិត្តិនាមព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ ក្រសួងពាណិជ្ជកម្ម តាមរយៈអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានចូលរួមពិព័រណ៍សាកវប្បកម្មអន្តរជាតិឆ្នាំ២០១៩ ដែលរៀបចំឡើងនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ «រស់នៅកាន់តែល្អប្រសើរ រស់នៅជាមួយបរិស្ថានបៃតង»

ពិធីកាត់ខ្សែបូរសម្ពោធសួនកម្ពុជា និងពន្លាជាតិ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៩ នៅក្នុងវេទិកា «ខ្សែក្រវ៉ាត់ និងផ្លូវ» លើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់កម្ពុជា-ចិន ប្រមាណជាង ១០០នាក់។

បើតាមការឱ្យដឹងពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអគ្គស្នងការតំណាងកម្ពុជា រដ្ឋាភិបាលចិន បានផ្តល់ដីក្នុងការសាងសង់សួនជានិម្មិតរូបនៃប្រទេសនីមួយៗ ដែលជាប្រទេសដៃគូសហប្រតិបត្តិការ «ខ្សែក្រវ៉ាត់ និងផ្លូវ» ហើយកម្ពុជា បានជ្រើសរើសយករចនាបថខ្មែរសម័យក្រោយអង្គរ ដោយផ្សារភ្ជាប់គ្នារវាងបេតិកភណ្ឌវប្បធម៌ និងធនធានធម្មជាតិ ដើម្បីបង្ហាញពិភពលោក ស្គាល់កាន់តែច្បាស់អំពីទំនៀមទម្លាប់ និងវប្បធម៌ប្រពៃណីរបស់ប្រជាជន ព្រមទាំងរុក្ខជាតិតំណាងឱ្យអត្តសញ្ញាណខ្មែរ ដូចជាដើមត្នោត ដើមស្លា និងផ្កាភ្ញី។

ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់លើការគាំពារបរិស្ថាន និងធនធានធម្មជាតិ ដើម្បីផ្សារភ្ជាប់បរិស្ថានបៃតងទៅនឹងការរស់នៅរបស់ប្រជាជន និងពិភពលោក ហើយតាមរយៈការចូលរួមព្រឹត្តិការណ៍ពិព័រណ៍នេះ ក៏នឹងជួយទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិន ចូលទៅទស្សនាប្រទេសកម្ពុជាកាន់តែច្រើន ដើម្បីស្វែងយល់អំពីសក្តានុពលនានា និងធ្វើធុរកិច្ចថែមទៀត។

នៅក្នុងឱកាសនោះដែរ គណៈប្រតិភូកម្ពុជាដឹកនាំដោយសម្តេចតជោ ក៏បានអញ្ជើញទស្សនាសួន និងពន្លាជាតិកម្ពុជា ដែលមានរៀបចំតុបតែងលម្អដោយឧបករណ៍កសិកម្ម វត្ថុសិល្បៈ រូបចម្លាក់បុរាណ ផ្ទាំងគំនូរអំពីរុក្ខជាតិ និងបុប្ផាកម្ពុជា (ផ្កាចំប៉ី ផ្កាចំប៉ា ផ្កាក្តាំងងារ ផ្ការំដួល ផ្កាចន្ធូ) កម្រងឯកសារស្តីពីសមិទ្ធផលសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងទំនាក់ទំនងការទូត ព្រមទាំងផលិតផលសក្តានុពល សម្រាប់ធ្វើពិពិធកម្ម និងជំរុញការនាំចេញ ជាដើម។ល។

សូមជម្រាបថា សួនកម្ពុជានឹងបើកឱ្យភ្ញៀវចូលទស្សនារយៈពេល ៦ខែ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។ នៅកំឡុងពេលនេះ ក៏នឹងមានការប្រារព្ធទិវាជាតិកម្ពុជា ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ជាមួយកម្មវិធីសម្តែងសិល្បៈ ការដើរព្យុះហយាត្រា វេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងសកម្មភាពពិសេសៗជាច្រើនទៀត ដើម្បីផ្សព្វផ្សាយសក្តានុពលបេតិកភណ្ឌវប្បធម៌ ធនធានធម្មជាតិ និងតំបន់ទេសចរណ៍របស់កម្ពុជា ទៅកាន់ពិភពលោក។

អត្ថបទទាក់ទង