ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ខ្សែក្រវាត់ និងផ្លូវ» ផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់ការអភិវឌ្ឍកម្ពុជា មិនមែនជាអន្ទាក់បំណុលឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 34
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ខ្សែក្រវាត់ និងផ្លូវ» ផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់ការអភិវឌ្ឍកម្ពុជា មិនមែនជាអន្ទាក់បំណុលឡើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «ខ្សែក្រវាត់ និងផ្លូវ» ផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់ការអភិវឌ្ឍកម្ពុជា មិនមែនជាអន្ទាក់បំណុលឡើយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអះអាងដោយម៉ឹងម៉ាត់ថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់កម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងទៀតថា គំនិតផ្តួចផ្តើមមួយនេះមិនមែនជាការដាក់អន្ទាក់បំណុលដូចការលើកឡើងរបស់មតិមួយចំនួននោះឡើយ។

ការគូសបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងនៅចំពោះមុខប្រធានាធិបតីចិន រួមនឹងបណ្តាមេដឹកនាំ និងតំណាងមកពីបណ្តាប្រទេសជាង ១០០នៅលើពិភពលោកក្នុងពិធីបើកវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះនៅទីក្រុងប៉េកាំង ប្រទេសចិន។
ក្នុងវេទិកានោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលជាគម្រោងវិនិយោគដ៏ធំរបស់ចិនគឺជាសក្ខីភាពមួយយ៉ាងច្បាស់នៃការកសាងគម្រោងផែនការសហប្រតិបត្តិការ «ខ្សែក្រវាត់ និងផ្លូវ» រវាងប្រទេសទាំងពីរ។ លោកបន្តថា គម្រោងទាំងនេះទទួលបានជោគជ័យល្អប្រសើរ ហើយបច្ចុប្បន្នមានក្រុមហ៊ុនចំនួន១៦១ កំពុងធ្វើសហប្រតិបត្តិការ។ ក្នុងនោះមានក្រុមហ៊ុនចិនចំនួន១៤៨ និងបង្កើតការងារជូនប្រជាជនកម្ពុជាជាង ២ម៉ឺននាក់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងដែរថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រុងព្រះសីនុជំហ៊ានពីរអាចនឹងបង្កើតការងារជូនប្រជាជនប្រមាណ ៨ម៉ឺននាក់បន្ថែមទៀត។ការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលនឹងក្លាយទៅជាកម្លាំងចលករមួយចូលរួមកែប្រែវិមាត្រសេដ្ឋកិច្ចកម្ពុជា និងបង្កើនការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែប្រសើរឡើង ក៏ជាសមិទ្ធផលដ៏សំខាន់មួយដែលកើតចេញពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នេះផងដែរ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។
គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន ត្រូវបានប្រទេសមហាអំណាចសេដ្ឋកិច្ចទី១លើលោក គឺសហរដ្ឋអាមេរិក និងប្រទេសនៅតំបន់អឺរ៉ុបផង បានបង្ហាញទស្សនៈអវិជ្ជមានទៅលើគំនិតផ្តួចផ្តើមនេះ។ ប្រទេសទាំងនេះ តែងតែបានព្រមានទៅដល់ប្រទេសជាសមាជិកនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»ថា ការផ្តល់ហិរញ្ញប្បទាននានាស្ថិតក្រោមគំនិតផ្តួចផ្តើមនេះ គឺជាអន្ទាក់បំណុល។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា គំនិតផ្តួចផ្តើមនេះ មិនមែនជាអន្ទាក់បំណុល ដូចការលើកឡើងទាំងនេះនោះឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ដោយឈរលើស្មារតីខិតខំរួមគ្នា ចែករំលែកផលប្រយោជន៍ជាមួយគ្នា និងទទួលបានឱកាសដូចគ្នា។ ខ្ញុំយល់ថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នឹងមិនផ្តល់ផលប៉ះពាល់ជាអវិជ្ជមានដល់ប្រទេសណាមួយឡើយ។ ក្នុងនាមជាប្រទេសដែលមានអធិបតេយ្យ យើងមានសិទ្ធិ និងជម្រើសក្នុងការសម្រេចយកតែអ្វីដែលយើងចង់បាន និងប្រភេទហិរញ្ញប្បទានណាដែលយើងត្រូវការ ហើយអនុវត្តន៍គម្រោងទាំងនោះដោយឈរលើគោលការណ៍នៃការពង្រឹងភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំការអភិវឌ្ឍជាតិរបស់ខ្លួន»។
លោកនាយករដ្ឋមន្ត្រី បន្តថា «ជាក់ស្តែងស្ថានភាពបំណុលរបស់កម្ពុជាមកដល់ពេលនេះស្ថិតក្នុងលក្ខណៈល្អប្រសើរ ដោយសារយើងមានគោលនយោបាយ និងបានអនុវត្តន៍ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈប្រកបដោយវិន័យហ្មត់ចត់តឹងរឹង ព្រមទាំងផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិយ៉ាងច្បាស់ដោយផ្តល់អាទិភាព និងការរៀបចំអភិវឌ្ឍន៍តាមលំដាប់លំដោយជាប្រព័ន្ធប្រទាក់ក្រឡាគ្នា និងធានាសង្គតិភាពរវាងផែនការសកម្មភាព និងគម្រោងថ្នាក់ជាតិជាមួយនឹងផែនការសកម្មភាព និងគម្រោងថ្នាក់ក្រោមជាតិ ក៏ដូចជាធានាសង្គតិភាពជាមួយផែនការសកម្មភាព និងគម្រោងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីទាំងអស់ ដើម្បីធានាឱ្យបាននូវភាពជាក់ស្តែងនិយមឆ្លើយតបទៅនឹងអាទិភាព និងប្រសិទ្ធភាពនៃការអនុវត្តន៍ផងដែរ»។

លោកនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាមិនត្រឹមតែអាចចរចា និងរៀបចំគម្រោងទាំងឡាយ ដោយឈរលើស្មារតីការពារផលប្រយោជន៍ជូនជាតិ និងប្រជាជនរបស់ខ្លួនដោយស្មើភាព និងស្មើសិទ្ធិប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងសម្រេចបាននូវការធ្វើវិស្វកម្មហិរញ្ញវត្ថុមួយ ដែលមិនបង្កើតបន្ទុកហិរញ្ញវត្ថុ និងបំណុលសាធារណៈដល់រដ្ឋថែមទៀតផង៕

អត្ថបទទាក់ទង