ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «អារម្មណ៍ពេលដាច់ភ្លើង អាចឆ្លុះបញ្ចាំងអ្វីខ្លះ?»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 35
លិខិតមិត្តអ្នកអាន៖  «អារម្មណ៍ពេលដាច់ភ្លើង អាចឆ្លុះបញ្ចាំងអ្វីខ្លះ?» លិខិតមិត្តអ្នកអាន៖ «អារម្មណ៍ពេលដាច់ភ្លើង អាចឆ្លុះបញ្ចាំងអ្វីខ្លះ?»

ក្នុងនាមប្រជាពលរដ្ឋអ្នកភ្នំពេញម្នាក់ ខ្ញុំក៏ជាអ្នកជួបប្រទះការដាច់ភ្លើងដូចបងប្អូនទូទៅដែរ។ ដូច្នេះ ខ្ញុំពិតជាយល់អារម្មណ៍ពេលដាច់ភ្លើងថាតើវាយ៉ាងណាពីព្រោះអាកាសធាតុក្តៅស្អុះស្អាប់ ជា ពិសេសដាច់ភ្លើងពេលយប់តែម្តង។ អារម្មណ៍ពិបាកទ្រាំពេលដាច់ភ្លើងក្នុងសម័យនេះដោយសារតែយើងម្នាក់ៗទម្លាប់ទៅនឹងការប្រើកង្ហារ ឬម៉ាស៊ីនត្រជាក់ និងទម្លាប់ជាមួយនឹងការប្រើប្រាស់អំពូលភ្លើងព្រោងព្រាតទាំងក្នុងផ្ទះ ក៏ដូចជានៅតាមទីសាធារណៈ។ បើអ្នកមានឡានហើយធ្វើការក្នុងការិយាល័យវិញ ក្នុងមួយថ្ងៃៗ ពួកគេស្ថិតនៅក្នុងម៉ាស៊ីនត្រជាក់ ស្ទើរតែ ២៤ ម៉ោងទៅហើយពីព្រោះ ទាំងនៅក្នុងរថយន្ត ក្នុងការិយាល័យ និងក្នុងបន្ទប់គេង សុទ្ធតែប្រើម៉ាស៊ីនត្រជាក់តែរហូត។

ដូច្នេះ ពេលដាច់ភ្លើងក៏មានអារម្មណ៍ធុញថប់ភ្លាម ហើយនាំគ្នារអ៊ូររទាំ បង្ហោះហ្វេសប៊ុក ព្រោងព្រាត។ នេះជាសេរីភាព របស់មនុស្សក្នុងសម័យបចេ្ចកវិទ្យាទំនើប។

ទោះជាយ៉ាងណា ប្រសិនបើ យើងគិតសព្វគ្រប់ទៅ ដាច់ភ្លើង នៅស្រុកយើងពេលនេះមិនមែនជាបញ្ហាធ្ងន់ធ្ងរទេ។

យើងដាច់ភ្លើងមួយថ្ងៃតែប៉ុន្មានម៉ោង តែយើងមិនបានដាច់បាយ ដាច់ទឹកឡើយ។ ម្ហូបអាហារ យើងមានពោរពាសសម្រាប់បរិភោគ។ លើសពីនេះទៅទៀត ដាច់ភ្លើងនៅស្រុកយើងខុសពីដាច់ភ្លើងក្នុងបណ្តារប្រទេស មួយចំនួនដែលកើតឡើងដោយ សារតែអំពើវិច្ឆេទកម្ម ភេរវកម្ម ឬដោយសារតែការទម្លាក់គ្រាប់បែកផ្តាច់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន ផ្ទះសម្បែង ឲ្យខ្ទេចខ្ទីគ្មានសល់នោះឡើយ។ ដាច់ភ្លើងរបៀបនេះ គឺដាច់ទាំងភ្លើង ដាច់ទាំងបាយ ដាច់ទាំងអាយុជីវិតមនុស្ស ខ្ទេចខ្ទីរទាំងផ្ទះសម្បែងថែមទៀត។

ប៉ុន្តែ ខុសពីបណ្តារប្រទេសទាំងនោះ ដាច់ភ្លើងនៅស្រុកយើងគឺដោយសារតែសន្ទុះនៃការអភិវឌ្ឍលឿនរហ័សហួសពីការរំពឹងទុក, ដាច់ភ្លើងដោយសារតែការដ្ឋានសំណង់កើនឡើង ៧០០% ដាច់ភ្លើងដោយសារ ពលរដ្ឋប្រើប្រាស់ថាមពលអគ្គិសនីច្រើនជាងមុនដោយសារតែកំណើនជីវភាពនិងតម្រូវការខ្ពស់ខាងផាសុខភាព គួបផ្សំនឹងការប្រែប្រួលអាកាសធាតុដែលគ្មានអ្នកណាអាចប៉ាន់ស្មានបាន។ ម្យ៉ាងវីញទៀត ថ្វីបើភ្លើងដាច់ប៉ុន្មានម៉ោងក្នុងមួយថ្ងៃ ប៉ុន្តែ ប្រទេសយើងស្ថិតក្នុងសុខសន្តិភាពយ៉ាងល្អ និយាយឲ្យចំទៅ ដាច់ភ្លើងធ្វើឲ្យយើងក្តៅស្អុះស្អាប់រាងកាយ និងមួរម៉ៅចិត្តបន្តិចបន្តួចមែន ប៉ុន្តែវាមិនបានធ្វើឲ្យយើងរស់នៅក្នុងសភាពភិតភ័យដូចប្រទេសដែលមានអសន្តិសុខ អំពើភេរវកម្ម និងសង្គ្រាមនោះឡើយ។

ងាកទៅមើលការងាររបស់រដ្ឋាភិបាល និងអាជ្ញាធរអគ្គិសនីវិញ យើងក៏បានឃើញហើយដែរនូវកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហា មិនត្រឹមតែបញ្ហាចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែរដ្ឋាភិបាលក៏មានផែនការអភិវឌ្ឍវិស័យអគ្គិសនីយ៉ាងច្បាស់លាស់ជាយូរមកហើយផងដែរ។

តាមគម្រោង រដ្ឋាភិបាលគ្រោងនឹងផ្គត់ផ្គង់ភ្លើងអគ្គិសនីឲ្យដល់គ្រប់ខ្នងផ្ទះប្រជាពលរដ្ឋនៅ ទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ រដ្ឋាភិបាលបានប្រើប្រាស់គ្រប់រូបភាពដើម្បីទទួលបានប្រភពអគ្គិសនី៖ ការទិញអគ្គិសនីពី ប្រទេសជិតខាង, ការសាងសង់ទំបន់វារីអគ្គិសនី ដោយខ្លួនឯងការសាងសង់រោងចក្រអគ្គិសនី ដោយប្រើថាមពលធ្យូងថ្ម និងការទាញយកថាមពលអគ្គិសនី ដោយប្រើថាមពលព្រះអាទិត្យ។ និយាយឲ្យចំទៅ រដ្ឋាភិបាលបានគិតគូរគ្រប់ទិដ្ឋភាពទាំងអស់ដោយគ្មានរំលងមួយណាឡើយ។ ប៉ុន្តែ ដោយសារតែកត្តាចៃដន្យដូចបានលើកឡើងខាងដើម ទើបបណ្តាលឲ្យកម្ពុជា យើងខ្វះអគ្គិសនីដោយអន្លើៗ នៅពេលនេះ។

យ៉ាងណាក៏ដោយ ខ្ញុំគិតថា នេះគ្រាន់តែជាបញ្ហាបណ្តោះអាសន្ននិងរយៈពេលខ្លីតែ ប៉ុណ្ណោះ។ បន្ទាប់ពីមួយខែពីរខែខាងមុខនេះ អ្វីៗនឹងមានភាពប្រក្រតីនិងល្អប្រសើរឡើងវិញហើយ។

ដូច្នេះ យើងមិនគួរយករឿងនេះ មកធ្វើជាបញ្ហាស្មុគស្មាញ រអ៊ូរទាំ ស្តីបន្ទោសគ្នាដោយឥតប្រយោជន៍ និងនាំឲ្យខូចអារម្មណ៍នោះឡើយ។ និយាយតាមត្រង់ មិនត្រឹមតែមិនខ្ចីរអ៊ូទេ ប៉ុន្តែខ្ញុំបានឆ្លៀតយកឱកាស ពេលដាច់ភ្លើងម្តងៗមកធ្វើជាវិញ្ញាសាដើម្បីពង្រឹងស្មារតីរបស់កូនៗរបស់ខ្ញុំថែមទៀត។ ឧទាហរណ៍ នៅពេលដែលកូនខ្ញុំរអ៊ូថាពិបាកទ្រាំព្រោះក្តៅស្អុះស្អាប់ពេក ខ្ញុំតែងតែប្រាប់ពួកគេថា បើកូនទ្រាំបញ្ហាតូចតាចប៉ុណ្ណឹងមិនបាន កូនមិនអាចសម្រេចកិច្ចការអ្វីធំដុំបាននោះទេទៅថ្ងៃមុខបានទេពីព្រោះក្នុងជីវិតរបស់កូននេះ នឹងជួបប្រទះបញ្ហាធំៗជាងនេះឆ្ងាយណាស់។ ដាច់ភ្លើង កូនមានអារម្មណ៍ក្តៅស្អុះស្អាប់បន្តិចមែន ប៉ុន្តែ កូនមានសំណាងជាងពុកកាលពីក្មេងឆ្ងាយណាស់ពីព្រោះកូនមានអាហារហូបចុកពោរពាស កូនមានសាលារៀន កូនមានសម្លៀបកំពាក់ល្អ កូនមានមធ្យោបាយធ្វើដំណើរស្រួល កូនមិនខ្វល់ពីរឿងរត់ចូលត្រង់សេ មិនខ្វល់ពីខ្វះបាយហូប ដូចកាលពីជំនាន់ពុកនៅក្មេងឡើយ។ ដូច្នេះ គ្រាន់តែដាច់ភ្លើងប៉ុន្មានម៉ោង កុំរអ៊ូឲ្យសោះ ។ ផ្ទុយទៅវិញ កូនត្រូវតែជំនៈបញ្ហាតូចតាចនេះឲ្យបានដើម្បីឈានទៅសម្រេចកិច្ចការធំ និងក្លាយជាមនុស្សរឹងមាំទៅថ្ងៃអនាគត។

សូមកុំភ្លេចថា សម័យនេះ មិនថាតែក្មេងៗទេ សូម្បីមនុស្សចាស់មួយចំនួនក៏បាត់បង់ការអត់ធ្មត់ ការតស៊ូ ភ្លេចអតីតកាលរបស់ខ្លួនដោយសារតែពួកគេរស់នៅស្រួលពេក។

ដូច្នេះ ក្នុងនាមជាឧពុកម្តាយ យើងគួរធ្វើជាគំរូដល់កូន។ ប៉ុន្តែ អ្វីដែលគួរកត់សម្គាល់មានឪពុកម្តាយខ្លះបែរជារអ៊ូមុនកូន រអ៊ូនៅ ក្នុងផ្ទះមិនអស់ចិត្ត ក៏រអ៊ូក្នុងហ្វេស ប៊ុកទៀត។

បើតាមយោបល់ខ្ញុំ នេះមិនមែនជាគំរូល្អសម្រាប់កូនឡើយ។ អ្វីដែលខ្ញុំលើកឡើងនេះមិនមែនក្នុងបំណងជួយការពាររដ្ឋាភិបាលទេ ប៉ុន្តែ ខ្ញុំចង់ចែករម្លែកគំនិតនេះដោយសារខ្ញុំធ្លាប់បានអានសៀវភៅ និងឯកសារជាច្រើនអំពីប្រវត្តិតស៊ូកសាងប្រទេសរបស់ជនតិជប៉ុន និងកូរ៉េ ក្រោយសង្គ្រាមលោកលើកទី២។

ប្រជាជាតិទាំងពីរនេះខិតខំតស៊ូ លំបាកគ្រប់បែបយ៉ាង និងធ្វើការខ្លាំង ហើយអត់ធ្មត់ណាស់ទម្រាំកសាងប្រទេសបានដូចសព្វថ្ងៃ។ ក្នុងន័យនេះ ខ្ញុំចង់ឲ្យខ្មែរយើង យកគំរូតាមជនជាតិជប៉ុននិងកូរ៉េដើម្បីកសាងប្រទេស និងក្រុមគ្រួសាររបស់យើងឲ្យបានរឹងមាំ។ ប្រសិនបើគ្រាន់តែដាច់ភ្លើងបន្តិចបន្តួច នាំគ្នារអ៊ូរទាំយ៉ាងនេះ យើងកំពុងតែបង្ហាញភាពទន់ខ្សោយរបស់យើងខ្លាំងណាស់នៅចំពោះមុខកូនចៅយើងជំនាន់ក្រោយ។

បញ្ហាយើងបានដឹងទាំងអស់គ្នា រីឯដំណោះស្រាយក៏យើងបានដឹងទាំងអស់គ្នាដែរ។ ដូច្នេះ តើយើងនាំគ្នាអង្គុយរអ៊ូបានការអីទៅ? ខ្មែរយើងធ្លាប់កំសត់កម្រណាស់! តែពេលនេះយើងបានសុខស្រួលហើយម្តេចឡើយបញ្ហាបន្តិចបន្តួចទ្រាំមិនបាន? ដូច្នេះ បើយើងស្រមៃចង់ឃើញប្រទេសយើងដូចប្រទេសជប៉ុន និងកូរ៉េ ឬលើសនេះ យើងមិនគួរនាំគ្នាពាក់មុខយក្សដោយសារតែរឿងកំប៉ិកកំប៉ុកដូចជាដាច់ភ្លើងប៉ុន្មានម៉ោងក្នុងមួយថ្ងៃនោះឡើយ!

គួរពុំគួរសូមបងប្អូនទាំងអស់គ្នាយោគយល់ដល់ខ្ញុំផង។

ពីពលរដ្ឋអ្នកភ្នំពេញម្នាក់!