ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពត អាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនតម្លៃជាង ២៦លានដុល្លារសហរដ្ឋអាមេរិក។ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពតនេះ បានចាប់ផ្តើមសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់ជាស្ថាពរកាលពីខែសីហា ឆ្នាំ២០១៨។ តាមរយៈប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងជួយឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត មានសមត្ថភាពផលិតទឹកស្អាតសរុប ប្រមាណ១៣,២៦០ម៉ែត្រគូបក្នុងមួយថ្ងៃ គឺស្មើនឹងជាង២ដងនៃសមត្ថភាពផលិតពីមុន។ វត្តមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ រួមជាមួយបណ្តាញចែកចាយសរុបប្រវែង ១៧៦.៩គីឡូម៉ែត្រ ធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពតអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដោយគិតជាថ្លៃមធ្យម ១៤០០រៀលក្នុង១ម៉ែត្រគូប ជូនប្រជាពលរដ្ឋនៅក្រុងកំពត និងស្រុកទឹកឈូ សរុបប្រមាណ ១៣,០០០គ្រួសារ។
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ក៏ជាការរួមចំណែកធ្វើឱ្យអង្គភាពរដ្ឋាករទឹកខេត្តកំពត សម្រេចបាននូវគោលនយោបាយរបស់រដ្ឋាភិបាលដែលបានកំណត់ថា «ត្រូវពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ត្រឹមឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំដែងនូវក្តីរីរាយចំពោះការអញ្ជើញមកចូលរួមក្នុងពីធីសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពតនាពេលនេះ និងបានអបអរសាទរនៃសមិទ្ធផលនៃប្រព័ន្ធទឹកស្អាតសំរាប់ប្រជាពលរដ្ឋនៅខេត្តកំពតនេះផងដែរ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាលតែងតែងតែផ្តល់ជំនួយជួយមកដល់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជាក្នុងការជួយសាងសង់ កសាង និងអភិវឌ្ឍន៍នូវសមិទ្ធផលជាតិសំខាន់ដល់ប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ការកើតមានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តកំពត ដែលកើតចេញពីជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុននាពេលនេះ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ជាពិសេសក៏ជាការទាក់ទាញឱ្យមានការវិនិយោគ កាន់តែច្រើនបន្ថែមទៀតនៅទីក្រុងឆ្នេរសមុទ្រមួយនេះផងដែរ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពតមានការប្រែប្រួលរីកចម្រើនខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តគួរឱ្យកត់សម្គាល់ និងកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ខេត្តកំពតនឹងមានកំពង់ផែទឹកជ្រៅក្នុងពេលឆាប់ៗខាងមុខ ក្នុងការបំរើលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងការដឹកទំនិញផលិតផលកម្ពុជា ទៅកាន់ទៅផ្សារបរទេសផងដែរ។
ហើយនៅថ្ងៃនេះ ចំនុចទី១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចឱ្យក្រសួងធនធានទឹកសាងសង់ទំនប់បង្ហៀរនេះដើម្បីបញ្ចៀសការហូរចូលនៃទឹកប្រៃដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងខេត្តកំពតនេះ។ ចំនុចទី២ត្រូវបន្តទាក់ទាញជាមួយដៃគូរវិនិយោគបន្ថែមទៀតមកផ្គត់ផ្គង់បណ្តាញទឹកស្អាតក្នុងខេត្តកំពតឱ្យបានច្រើនបន្ថែមទៀត ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋយើង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានយកឱកាសនេះអបអរសាទរចំពោះសមិទ្ធផលស្ពានជ្រោយចង្វារទី១ដែលត្រូវបានកែលម្អ និងជុសជុលហើយ នឹងត្រូវបើកឱ្យដំណើរការនៅថ្ងៃស្អែកនេះផងដែរ។ ហើយក្នុងនោះ លោកក៏អរគុណចំពោះរដ្ឋាភិបាលជប៉ុនផងដែរ ដែលបានជួយជួសជុល ក៏ដូចជាកសាងថ្មីផងដែរនូវស្ពានជ្រោយចង្វារនេះ សម្រាប់ឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ឡើងវិញ ជាពិសេសមុនឱកាសមុនបុណ្យចូលឆ្នាំថ្មីខាងមុខ៕