ខ្មែរប៉ុស្ដិ៍ Close

ការនាំចេញម្រេចកំពតក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ កើនឡើងលើស ៥០០%

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០២១ ព័ត៌មានទូទៅ 67
ការនាំចេញម្រេចកំពតក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ កើនឡើងលើស ៥០០% ការនាំចេញម្រេចកំពតក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ កើនឡើងលើស ៥០០%

នុងរយៈពេល ៧ខែ ឆ្នាំ២០២១នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញរបាយការណ៍ឲ្យដឹងថា កម្ពុជាបាននាំចេញម្រេចចំនួនជាង ២២.៥៨០តោន កើនឡើងចំនួន ៥៥៨,១៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា ការនាំចេញម្រេចកំពតភាគច្រើនលើសលប់ គឺទៅកាន់ប្រទេសវៀតណាម បន្ទាប់មកមានប្រទេសអាល្លឺម៉ង់, ឥណ្ឌា, បារាំង, ប៊ែលហ្ស៊ិក និងកោះតៃវ៉ាន់។

ប្រធានសមាគមម្រេចកំពត លោក ងួន ឡាយ បានឲ្យដឹងថា នៅពេលនេះ ទីផ្សារសម្រេចកំពត ពុងបង្ហាញសញ្ញាណល្អគួរឲ្យកត់សម្គាល់ បើទោះបីជាទិន្នផលម្រេចកំពត នៅពេញមួយឆ្នាំ២០២០កន្លងទៅ បានធ្លាក់ចុះខ្លះក៏ពិតមែន ប៉ុន្តែបរិមាណនៃការនាំចេញ នៅរក្សាបានក្នុងរង្វង់ជាង ៦០តោន។

លោក បន្តថា ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ឆ្នាំ២០២១នេះ សមាគម បាននាំចេញម្រេចចំនួនជាង ៦០តោន ខណៈដែលសន្ទុះនៃការនាំចេញ មានការកើនឡើង បើប្រៀបធៀបទៅនឹងឆ្នាំមុន បើគិតត្រឹមដំណាច់ខែ កក្កដា ដូចគ្នា។

លោកបន្តទៀតថា ទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ បរិមាណនាំចេញទៅក្រៅប្រទេស មិនបានប៉ះពាល់នោះទេ គឺនៅរក្សាបរិមាណល្អដដែល។ រីឯសម្រាប់ផ្ទៃដីដាំដុះម្រេច ដែលសមាគមមាន គឺប្រមាណ ២៣០ហិកតា និងមានសមាជិកជាផលិតករ ៤៥៧ហិកតា សមាជិកជាក្រុមហ៊ុនចំនួន ៣៨ក្រុមហ៊ុន។

គួរបញ្ជាក់ថា បច្ចុប្បន្នម្រេចខ្មៅមានតម្លៃ ១៥ដុល្លារក្នុង១គីឡូក្រាម, ម្រេចក្រហម ២៥ដុល្លារ ក្នុង១គីឡូក្រាម និងម្រេចស តម្លៃ ២៨ដុល្លារ ក្នុង១គីឡូក្រាម៕ ប្រភព៖ CEN