លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់ និងរន្ទះនាពេលខាងមុខ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះខ្យល់កន្ត្រាក់ និងរន្ទះដែលអាចនឹងកើតមាននៅពេលខាងមុខដោយសារអាចនឹងមានភ្លៀងធ្លាក់ខ្លាំងនាពេលខាងមុខដែលអាចនឹងធ្វើឱ្យមានការខូចខាតដោយប្រការណាមួយ។ លោកបានថ្លែងដូចនេះនៅថ្ងៃចន្ទទី១ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាចំនួនជាង៣ពាន់នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវដល់កាកបាទក្រហមកម្ពុជា និងអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ហើយកងកម្លាំងប្រដាប់អាវុធត្រូវត្រៀមចុះជួយអន្តរាគមន៍រៀបចំកន្លែងស្នាក់នៅដែលមានសុវត្ថិភាព កុំទុកឱ្យប្រជាជនជួបការលំបាក៕