ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងពិចារណាក្នុងការបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅភូមិភាគឥសាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 30
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងពិចារណាក្នុងការបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅភូមិភាគឥសាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងពិចារណាក្នុងការបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅភូមិភាគឥសាន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមានប៉ូលសេដ្ឋកិច្ចសំខាន់៣ ដែលប៉ូលទី១គឺទីក្រុងភ្នំពេញ ប៉ូលទី២គឺខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចទី៣គឺខេត្តសៀមរាប ហើយយើងនឹងអាចមានប៉ូលទី៤មួយទៀតគឺខាងប៉ែកភូមិភាគឥសាន គឺជាប៉ូលសេដ្ឋកិច្ចខាងផ្នែកកសិ-ឧស្សាហកម្ម។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលរូបលោក និងលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន អញ្ជើញជាអធិបតីរួមគ្នាក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន(Express Way) ភ្នំពេញ-ព្រះសីហនុ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសារផ្លូវនេះត្រូវបញ្ចប់ការសាងសង់នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៣ ដូច្នេះនៅថ្ងៃនេះ លោកបានប្រកាសថា កម្ពុជានឹងរៀបធ្វើជាម្ចាស់ផ្ទះ SEA Games នៅក្នុងអំឡុងឧសភា ២០២៣ ផងដែរ គឺពេលដែលយើងទទួលបានផ្លូវស្អាតហើយនោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ផ្លូវល្បឿនលឿននេះ គឺជាបណ្តាញមួយតភ្ជាប់ផ្លូវទូទាំងប្រទេសរបស់ជាតិ និងអន្តរជាតិរាប់ពាន់គីឡូម៉ែត្រ ជាមួយរបៀងសេដ្ឋកិច្ចខាងត្បូងរបស់មហាអនុតំបន់មេគង្គ អនុរបៀងសេដ្ឋកិច្ចខាងត្បូង និងរបៀងសេដ្ឋកិច្ចឆ្នេរខាងត្បូងក៏ដូចជា តភ្ជាប់ផ្លូវហាយវេអាស៊ាន ជាពិសេស តភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ទាំង៣ ដែលនឹងបម្រើជាមជ្ឈមណ្ឌលទីបណ្តុំនៃប្រជាជន ជាទីឆ្លងកាត់ព្រំដែនអន្តរជាតិ ជាកំពង់ផែ ជាព្រលានយន្តហោះ តំបន់សេដ្ឋកិច្ចពិសេស ការដឹកជញ្ជូនទំនិញ អ្នកដំណើរបានលឿនឆាប់រហ័សប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

ទាក់ទងនឹងការសាងសង់ផ្លូវនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រាបជូនបងប្អូនជនរួមជាតិថា សម្រាប់គម្រោងវិនិយោគផ្លូវល្បឿនលឿននេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានខ្ចីលុយពីមិត្តចិនទេ គឺជាការវិនិយោគរបស់ក្រុមហ៊ុនចិនសុទ្ធសាធ តាមរូបភាពសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ «BOT» ហើយក្រុមហ៊ុន មិនបានទាមទារនូវការធានាឥណទានពីរាជរដ្ឋាភិបាលកម្ពុជាឡើយ ដោយសារក្រុមហ៊ុនមានជំនឿលើរាជរដ្ឋាភិបាល និងជឿជាក់លើសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច និងសុវត្ថិភាពនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាក៏មិនបានផ្តល់ដីឱ្យក្រុមហ៊ុនធ្វើផ្លូវទេ ផ្ទុយទៅវិញ ក្រុមហ៊ុនបានផ្តល់ថវិកាឱ្យរាជរដ្ឋាភិបាលដើម្បីទិញដីសម្រាប់សាងសង់ផ្លូវ ដោយក្រុមហ៊ុនសុំមានសិទ្ធិធ្វើអាជីវកម្មផ្លូវនៅក្នុងរយៈពេលកំណត់ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ៕

អត្ថបទទាក់ទង