ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា បាននឹងខិតខំថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងទប់ស្កាត់អតិផរណា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 26
រាជរដ្ឋាភិបាលកម្ពុជា បាននឹងខិតខំថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងទប់ស្កាត់អតិផរណា រាជរដ្ឋាភិបាលកម្ពុជា បាននឹងខិតខំថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងទប់ស្កាត់អតិផរណា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុង ខិតខំខ្លាំងណាស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់កម្មករនិយោជិតតាមរយៈការតម្លើងប្រាក់ឈ្នួលអប្បបរមា ហើយអ្វីដែលរឹតតែសំខាន់ជាង នេះទៅទៀតនោះគឺខិតខំថែរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងទប់ស្កាត់ អតិផរណា។

លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលពុំមែនផ្តោត ទៅលើតែកំណើនប្រាក់ឈ្នួលរបស់កម្មករនិយោជិតមួយមុខនោះទេ អ្វីដែលជាសេចក្តីត្រូវការធំជាងនេះ រាជរដ្ឋាភិបាលត្រូវខិតខំរក្សា ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា ដើម្បីរក្សាកម្លាំងទិញដែល បានមកពីការតម្លើងប្រាក់បៀវត្សរបស់កម្មករនិយោជិត មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធរបស់យើង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា យើងខិតខំ ធ្វើយ៉ាងណាកុំឱ្យតម្លៃទំនិញនៅលើទីផ្សារឡើងលើសពីប្រាក់បៀវត្សដែលបានតម្លើង។ លោកបានបន្តថា ក្រៅពីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រាជរដ្ឋាភិបាលក៏ត្រូវខិតខំក្នុងការថែរក្សាការពារស្ថិរភាពនយោបាយផងដែរ៕

អត្ថបទទាក់ទង