សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ថ្លែងអំណរគុណលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលបានមានប្រសាសន៍លម្អិត ពាក់ព័ន្ធនឹងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានចេញលិខិតថ្លែងអំណរគុណ ចំពោះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលបានមានប្រសាសន៍យ៉ាងលម្អិត ក្នុងការពន្យល់ណែនាំបន្ថែមទៀត ដល់បងប្អូនកម្មករនិយោជិតពាក់ព័ន្ធនឹងការអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍នៃប្រកាសលេខ ៤៤៣ ស្ដីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ដែលចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការី នៅស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ។
នៅក្នុងលិខិតថ្លែងអំណរគុណរបស់ខ្លួន សមាគមរោចក្រកាត់ដេរនៅកម្ពុជា បានបង្ហាញក្តីសង្ឈឹមយ៉ាងមុតមាំថា ប្រសាសន៍ពន្យល់ណែនាំដ៏មានសារៈសំខាន់នេះ នឹងធ្វើឱ្យបងប្អូនកម្មករនិយោជិតរបស់យើង បានយល់ច្បាស់អំពីលក្ខខណ្ឌហិរញ្ញវត្ថុរបស់រោចក្រ និងបានយល់ច្បាស់ពីគោលការណ៍ច្បាប់ ដែលត្រូវអនុវត្ត ដែលនាំឱ្យចៀសវាងបាននូវការទាមទារមិនសមស្របនានា ក្រោមការញុះញង់របស់សហជីព និងសកម្មជនទុច្ចរិតមួយចំនួនតូច។ ប្រសាសន៍នេះក៏បានលើកកម្ពស់ស្មារតី និងជំនឿចិត្តរបស់បងប្អូនកម្មករនិយោជិត លើការងាររបស់ពួកគេ លើម្ចាស់រោងចក្រ ក៏ដូចជាលើរាជារដ្ឋាភិបាលផងដែរ ។
បន្ថែមពីលើនេះទៀត ប្រសាន៍ដ៏មានតម្លៃនេះ បានបង្ហាញនូវការយកចិត្តទូកដាក់របស់រាជរដ្ឋាភិបាលដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខលើការបង្កើតឱ្យមានបរិយាកាសវិនិយោគទូទៅមួយកាន់តែប្រសើរ បើនិយាយជារួម និងលើការធ្វើឱ្យមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងសន្តិភាពនៅកន្លែងការងារ ដែលជាលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ស្ថិរភាពផលិតកម្ម សំដៅធានាបាននូវការផ្គត់ផ្គង់ទំនិញទាន់ពេលវេលា ដល់អ្នកបញ្ជាទិញ៕
ខាងក្រោមនេះ ជាសេចក្ដីថ្លែងអំណរគុណរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា៖