ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់២នៅកម្ពុជា ងាកមកផលិតម៉ាស់ ខណៈតម្រូវការកើនឡើង
យ៉ាងហោចណាស់ មានក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ចំនួនពីរដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងភ្នំពេញ បានងាកមកផលិតម៉ាស់បន្ថែម ស្របពេលដែលតម្រូវការទីផ្សារម៉ាស់កំពុងកើនឡើង។ ក្រុមហ៊ុនទាំងពីរនោះ គ្រោងនឹងដំណើរការផលិតម៉ាស់ក្នុងរង្វង់ពី២ម៉ឺនទៅ៨ម៉ឺនម៉ាស់ក្នុង១ថ្ងៃ ដោយចាប់ផ្តើមពីចុងខែមេសានេះ ខណៈដែលក្រុមហ៊ុនចំនួនពីរផ្សេងទៀត ក៏ទើបទទួលបានភ្លើងខៀវពីរដ្ឋាភិបាលកម្ពុជាដើម្បីផលិតម៉ាស់ ចាប់ពីចុងខែមេសា និងពាក់កណ្តាលឆ្នាំ២០២០នេះដែរ ស្របពេលដែលតម្រូវការម៉ាស់កំពុងកើនឡើង។
រោងចក្រកាត់ដេរសម្លៀកបំពាក់ទាំងពីរខាងលើនេះ ទី១.គឺក្រុមហ៊ុន Roo Hsing Garment Co.LTD ដែលមានទីតាំងស្ថិតនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងក្រុមហ៊ុន Global Apparel Textile (Cambodia) Manufacturing LTD ដែលមានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមហ៊ុនទាំងពីរនេះ គឺជាក្រុមហ៊ុនវិនិយោគលើរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានកម្មករចន្លោះពី១ពាន់ទៅ២ពាន់នាក់ ទើបនឹងបានស្នើសុំទៅរដ្ឋាភិបាលកម្ពុជា បន្ថែមមុខសញ្ញាផលិតម៉ាស់ ដោយក្នុងមួយថ្ងៃក្រុមហ៊ុន Roo Hsing Garment គ្រោងនឹងផលិតឲ្យបានចន្លោះពី៦ទៅ៨ម៉ឺនម៉ាស់។ ចំណែកឯក្រុមហ៊ុន Global Apparel Textile (Cambodia) Manufacturing LTD វិញ គ្រោងនឹងផលិតម៉ាស់ឲ្យបាន២១៦០០ម៉ាស់នៅក្នុងមួយថ្ងៃ។ ក្រុមហ៊ុនទាំងពីរនេះ នឹងចាប់ផ្តើមដំណើរការផលិត ចាប់ពីចុង ខែមេសា នេះតទៅ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។
ដោយឡែក ក្រៅពីក្រុមហ៊ុនទាំងពីរខាងលើនេះ ក្រុមហ៊ុនចំនួនពីរផ្សេងទៀត ក៏ទើបទទួលបានភ្លើងខៀវពីរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការផលិតម៉ាស់សម្រាប់នាំចេញផងដែរ។ ក្នុងនោះ ក្រុមហ៊ុន HK Burltex ដែលមានទីតាំងស្ថិតនៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានទុនវិនិយោគជាង៣លានដុល្លារ គ្រោងនឹងផលិតម៉ាស់ឲ្យបាន៦០ម៉ឺនម៉ាស់នៅក្នុងមួយថ្ងៃ ចាប់ពីចុងខែមេសានេះតទៅ។ ចំណែកឯក្រុមហ៊ុនមួយទៀត ឈ្មោះ Andersen Industries ដែលមានទីតាំងនៅស្រុកអង្គស្នួល ខេត្តកណ្តាល ក៏គ្រោងនឹងធ្វើការផលិតម៉ាស់ ឲ្យបាន១ម៉ឺនម៉ាស់ក្នុងមួយថ្ងៃ ចាប់ពីពាក់កណ្តាលឆ្នាំ២០២០នេះតទៅ។
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ក្រៅពីក្រុមហ៊ុនថ្មីៗទាំង៤ខាងលើនេះ កម្ពុជានៅមានរោងចក្រផលិតម៉ាស់ដ៏ធំមួយទៀតស្ថិតនៅក្នុងខេត្តព្រះសីហនុ។ ក្រុមហ៊ុនខាងលើនេះ ជាក្រុមហ៊ុនផលិតម៉ាស់សុទ្ធសាត និងបានដំណើរការតាំងពីមុនមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩នេះទៅទៀត។ បើតាមលោក សុខ ចិន្តាសោភា ក្រៅពីនេះ កម្ពុជាក៏នៅមានក្រុមហ៊ុនផលិតសំភារៈពេទ្យ ដូចជា ខោ អាវ និងមួក ស្ថិតនៅក្នុងខេត្តកំពង់ចាម និងក្រុងបាវិតខេត្តស្វាយរៀងផងដែរ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ដោយឡែក ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ មកទល់ពេលនេះ កម្ពុជាបានត្រៀមរោងចក្រផលិតម៉ាស់ខ្លួនឯងរួចហើយ ដែលចាប់ពីពេលនេះទៅ កម្ពុជាអាចផលិតម៉ាស់បានជាង១លាន២សែនម៉ាស់ ហើយនឹងបង្កើនសមត្ថភាពផលិតអោយបានច្រើនថែមទៀត៕ RFI