ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាផ្តល់ជំនួយវ៉ាក់សាំងជាង ១លានដូសទៅកាន់ប្រទេសមីយ៉ាន់ម៉ា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 127
កម្ពុជាផ្តល់ជំនួយវ៉ាក់សាំងជាង ១លានដូសទៅកាន់ប្រទេសមីយ៉ាន់ម៉ា កម្ពុជាផ្តល់ជំនួយវ៉ាក់សាំងជាង ១លានដូសទៅកាន់ប្រទេសមីយ៉ាន់ម៉ា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment), Rongwing Garment និងរោងចក្រ DNQIAN TEXTILE CAMBODIA លោកបានថ្លែងថា នៅពេលនេះកម្ពុជាកំពុងតែបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ចំនួន ១លានដូសបន្ថែមទៀត និងសឺរាំងចំនួន ១លាន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានភាពធូរស្បើយ ហើយរាជរដ្ឋាភិបាលមានវ៉ាក់សាំងកូវីដ១៩ ក្នុងស្តុកច្រើន ជាហេតុធ្វើរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពផ្តល់វ៉ាក់សាំង និងសម្ភារវេជ្ជសាស្ត្រផ្សេងៗទៅកាន់បណ្តាប្រទេសនានា ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺឆ្លងសកលនេះ។ បើតាមលោកនាយករដ្ឋមន្ត្រី ការផ្តល់វ៉ាក់សាំងកូវីដ១៩ ដល់ប្រទេសមីយ៉ាន់ម៉ា នេះជាកាយរិកាមនុស្សធម៌សុទ្ធសាធ ដែលកម្ពុជាបានជួយទៅដល់បណ្តាប្រទេសក្នុងតំបន់ទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ១៩។

គួររំលឹកថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានផ្ដល់អំណោយមនុស្សធម៌ ជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងសម្ភារៈវេជ្ជសាស្ដ្រ ជូនដល់បណ្ដាប្រទេសជិតខាង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រួមមាន៖ ប្រទេសឡាវចំនួន ៤លើក មីយ៉ាន់ម៉ា ៤លើក ទីម័រខាងកើត នេប៉ាល់ និងប្រទសវៀតណាម។

ការផ្ដល់វ៉ាក់សាំងរបស់កម្ពុជា ជូនប្រទេសសមាជិកអាស៊ាននេះ គឺជាការបង្ហាញនូវសមានចិត្តមនុស្សធម៌ សប្បុរសធម៌របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រជាជនកម្ពុជា ចំពោះសុខមាលភាពប្រជាពលរដ្ឋនៃប្រទេសជិតខាងគ្នា ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ជាពិសេសសំដៅការលើកកម្ពស់ផ្នែកសុខមាលភាពកាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ កម្ពុជានឹងបន្តចែករំលែកសាមគ្គីភាពរវាងប្រទេស ដែលជាសមាជិកអាស៊ាន ទាំងការងារ និងយុទ្ធសាស្រ្តក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ទាំងសម្ភារៈ និងបរិក្ខារវេជ្ជសាស្រ្តផងដែរ៕

អត្ថបទទាក់ទង