លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ស្នើឱ្យបារាំងពិនិត្យឡើងវិញ ចំពោះការបោះឆ្នោតប្រឆាំងការនាំចេញអង្ករកម្ពុជាទៅលក់នៅទីផ្សារអឺរ៉ុប
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើសុំឱ្យភាគីបារាំង ត្រួតពិនិត្យឡើងវិញ ចំពោះការបោះឆ្នោតយល់ស្របជាមួយបណ្តាប្រទេសចំនួន១៨ទៀត ដែលប្រឆាំងការនាំចេញអង្កររបស់កម្ពុជាទៅលក់នៅទីផ្សារអឺរ៉ុប។ ការស្នើឱ្យភាគីបារាំងពិនិត្យឡើងវិញនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសទទួលជួបជាមួយលោក ស៊ីលវ៉ាំង វ៉ាសឺម៉ង់ (Sylvain WAERMAN) អនុប្រធានរដ្ឋសភាបារាំង នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្តថា ប្រទេសអ៊ីតាលី ជាប្រទេសមួយដែលលក់អង្ករនៅក្នុងសហគមន៍អឺរ៉ុបប្រជែងជាមួយអង្កររបស់កម្ពុជា ប៉ុន្តែមិនសូវទទួលបានការគាំទ្រពីសំណាក់ប្រជាជននៅក្នុងបណ្តាប្រទេសអឺរ៉ុបដូចអង្កររបស់កម្ពុជានោះទេ។ ដូច្នេះហើយប្រទេសអ៊ីតាលី សូមឱ្យសហគមន៍អឺរ៉ុប ហាមមិនឱ្យអង្ករកម្ពុជាដាក់លក់នៅក្នុងសហគមន៍អឺរ៉ុប ប៉ុន្តែច្រើនឆ្នាំមកហើយបណ្តាប្រទេសនៅអឺរ៉ុប មិនយល់ស្របតាមអ៊ីតាលី រហូតទៅគៀងគរបានប្រទេសអេស្ប៉ាញ ហើយនៅដើមខែធ្នូ ឆ្នាំ២០១៨ ដោយមានការប្រជុំក្នុងក្របខ័ណ្ឌ EU តើគួរឱ្យនាំអង្ករកម្ពុជាទៅទីផ្សារអឺរ៉ុប ឬមិនគួរនាំចូល។
សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ ប្រតិភូកម្ពុជាដែលដឹកនាំដោយលោក សុខ ពុទ្ធិវុធ ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា និងតំណាងរបស់ក្រសួងពាណិជ្ជកម្ម ជាមួយមេធាវីបរទេសការពារក្តីអង្ករកម្ពុជា បានអញ្ជើញទៅដល់ទីស្នាក់ការកណ្តាលសហគមន៍អឺរ៉ុប (EU) នាទីក្រុងប្រ៊ុសសែល ប្រទេសប៊ែលហ្សិក ដើម្បីការពារអង្ករកម្ពុជា ករណី EU ប្រុងដកការលើកលែងពន្ធ លើការនាំចូលអង្ករពីកម្ពុជា។ បន្ថែមលើការងារនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានចូលជួបស្ថានទូតសំខាន់ៗនៅកម្ពុជាដើម្បីតវ៉ា និងស្នើឱ្យប្រទេសទាំងនោះគាំទ្រកម្ពុជាផងដែរ។
សហព័ន្ធស្រូវអង្ករកម្ពុជាចាត់ទុកថា ប្រសិនបើការដាក់វិធានការរបស់អឺរ៉ុបលើអង្ករកម្ពុជាសម្រេចនេះ មិនត្រឹមតែប៉ះពាល់ដល់អ្នកនាំចេញអង្ករ និងកសិករកម្ពុជាទេ ក៏នឹងប៉ះពាល់ដល់អ្នកនាំចូល និងអ្នកបរិភោគខ្លួនឯងនៅអឺរ៉ុបផងដែរ ព្រោះតំលៃអង្ករនាំចូលសហគមអឺរ៉ុបនឹងឡើងខ្ពស់ជាងមុនបន្ទាប់ពីបូកបញ្ជូលតម្លៃពន្ធដោយកម្ពុជាក៏បានទទួលព័ត៌មានពីឈ្មួញទិញអង្ករនៅអឺរ៉ុបជាច្រើននាក់ គេបានត្អូញត្អែរ និងព្រួយបារម្ភប្រសិនបើ EU សម្រេចដាក់ពន្ធនាំចូលអង្ករពីកម្ពុជាក្នុងពេលឆាប់ៗមែននោះនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពួកគេផងដែរ៕
អត្ថបទ៖ សាវឿន