ខ្មែរប៉ុស្ដិ៍ Close

បទវិភាគ៖ ល្បិចស៊ីឡាក របស់ទណ្ឌិត សម រង្ស៊ី ក្នុងការដណ្តើមអំណាច និងការសងសឹក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 38
បទវិភាគ៖ ល្បិចស៊ីឡាក របស់ទណ្ឌិត សម រង្ស៊ី ក្នុងការដណ្តើមអំណាច និងការសងសឹក បទវិភាគ៖ ល្បិចស៊ីឡាក របស់ទណ្ឌិត សម រង្ស៊ី ក្នុងការដណ្តើមអំណាច និងការសងសឹក

នៅពេលដែលបានឮដំណឹងថាស្ថាប័នរដ្ឋសភាជាតិ រៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដើម្បីបើកផ្លូវឱ្យអតីតអ្នកនយោបាយគណបក្សប្រឆាំង ដែលបានអនុវត្តខ្ជាប់ខ្ជួនតាមសាលដីការបស់តុលាការកំពូល មានសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញនោះ ទណ្ឌិត សម រង្ស៊ី បានប្រើល្បិចអូសទាញខ្លួនឱ្យចូលទៅក្នុងកញ្ចប់អតីតអ្នកនយោបាយដែលត្រូវបានតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំនោះដែរ។ តាមពិតអតីតអ្នកនយោបាយដែលត្រូវហាមឃាត់សិទ្ធិធ្វើនយោបាយទាំង១១៨រូប ដោយសារតែមានកំហុសក្បត់ជាតិ ហើយត្រូវបានតុលាការកំពូលចេញសាលដីកាស្ថាពរ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នោះ គ្មានឈ្មោះ ទណ្ឌិត សម រង្ស៊ី នៅក្នុងនោះទេ។ នរណាក៏ដឹងដែរថា ទណ្ឌិត សម រង្ស៊ី បានបាត់ឈ្មោះជាសមាជិក និងតួនាទីពីអតីតបក្សប្រឆាំងតាំងពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ មកម្ល៉េះ តាមរយៈការលាលែងដោយស្ម័គ្រចិត្ត ដែលទណ្ឌិតរូបនេះបានដាក់លិខិតលាលែងថា ការសម្រេចចិត្តរបស់ខ្លួនគឺដោយសារមូលហេតុផ្ទាល់ខ្លួន។ ដូច្នេះ ហើយដើម្បីជាស្ពានភ្ជាប់ឱ្យមានការលើកលែងទោសខ្លួនឯងដែរនោះ ទណ្ឌិត សម រង្ស៊ី ក៏បានប្រើ «ល្បិចស៊ីឡាក» ឱ្យក្រុមស្និតនឹងខ្លួនរៀបចំធ្វើសន្និសីទដ៏ចម្រូងចម្រាស់មួយនៅទីក្រុងអាត្លង់តា សហរដ្ឋអាមេរិក ដើម្បីជ្រើសតាំងខ្លួនជាប្រធានស្តីទីខ្មោចបក្សសង្គ្រោះជាតិ ដោយគ្មានការគាំទ្រពីក្រុម កឹម សុខា ទាំងគ្មានការអៀនខ្មាស់។

ជាក់ស្តែង ក្រោយតែងតាំងជាប្រធានស្តីទីទាំងបំពានភ្លាម ក្រុមគណៈកម្មការចំពោះកិច្ចដែលមានមនុស្ស ៥ រូប ដែលបានទទួលភារកិច្ចពីអតីតប្រធានគណបក្សខ្មោច និងមានការទទួលស្គាល់ពីអតីតគណៈកម្មការអចិន្រ្តៃយ៍ខ្មោចនោះ មិនបានចេញសេចក្តីប្រកាសទទួលស្គាល់តួនាទីថ្មីរបស់ទណ្ឌិត សម រង្ស៊ី នេះទេ ផ្ទុយទៅវិញ ទាំង កឹម មនោវិទ្យា ទាំង យ៉ែម បុញ្ញាឬទ្ធិ ដែលជាសមាជិកគណៈកម្មការចំពោះកិច្ចនោះ បានចោទប្រកាន់ទង្វើបំពានរបស់ទណ្ឌិត សម រង្ស៊ី នេះថាជាការធ្វើបក្សប្រហារថែមទៀត។ ដូច្នេះ តាមរយៈសន្និសីទ ២ ធ្នូ នៅអាត្លង់តានោះ គឺប្រៀបបានទៅនឹងឈ្នួនផ្ទុះមួយធ្វើឱ្យអ្នកគាំទ្រ ទណ្ឌិត សម រង្ស៊ី និងអ្នកគាំទ្រជនក្បត់ជាតិ កឹម សុខា មានការប៉ះសម្តីគ្នាយ៉ាងខ្លាំង ដែលបង្ហាញថា ក្រុម កឹម សុខា និងក្រុម សម រង្ស៊ី អំណេះតទៅលែងអាចធ្វើការជាមួយគ្នាបានទៀតឡើយ។

កន្លងមក ការតាំងខ្លួនជាប្រធានចលនាសង្គ្រោះជាតិរបស់ទណ្ឌិត សម រង្ស៊ី រយៈពេលជិត១ឆ្នាំមកនេះ មិនទទួលបាននូវលទ្ធផលអ្វីសូម្បីតែបន្តិច បើទោះបីជាទណ្ឌិតរូបនេះខំត្រាច់ចរទាំងគ្មានគោលដៅទៅបំភ្លៃសភាពការណ៍ពិតនៅកម្ពុជាលើឆាកអន្តរជាតិយ៉ាងណាក្តី គឺទទួលបរាជ័យយ៉ាងអាម៉ាស់។ ដើម្បីលុបលាងនូវភាពអាម៉ាស់នេះ ទណ្ឌិត សម រង្ស៊ី បានប្តូររូបភាពជាប្រធានចលនាសង្គ្រោះជាតិក្នុងល្បិចព្រួញមួយបាញ់បានសត្វពីរវិញម្តង បើទោះបីជាខ្លួនមិនមែនជាសមាជិកភាព និងគ្មានតួនាទីអ្វីនៅផ្ទៃក្នុងអតីតបក្សប្រឆាំងនេះក៏ដោយ។ ព្រួញទីមួយនោះគឺការធ្វើបក្សប្រហារដើម្បីដណ្តើមអំណាច និងសងសឹក ក្នុងការគ្រប់គ្រងក្រុមខ្លួនពីក្រុម កឹម សុខា មកវិញ។ ព្រួញទីពីរ គឺការភ្ជាប់ខ្លួនជាកញ្ចប់នៅក្នុងសមាសភាពក្រុមអតីតអ្នកនយោបាយដែលត្រូវហាមឃាត់សិទ្ធិធ្វើនយោបាយទាំង១១៨នាក់ ដែលត្រូវច្បាប់ហាមឃាត់ ដើម្បីអាចទទួលបានសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញជាមួយគេដែរ។

ដូច្នេះ «ល្បិចស៊ីឡាក» រាក់កំផែលរបស់ទណ្ឌិត សម រង្ស៊ី នៅពេលនេះត្រូវបានក្រុមលោក កឹម សុខា បកអាក្រាតយ៉ាងចាស់ដៃ។ ជាក់ស្តែង កូនស្រី កឹម សុខា គឺ កឹម មនោវិទ្យា បានបកស្រាយហេតុផលពីការធ្វើបក្សប្រហាររបស់ទណ្ឌិត សម រង្ស៊ី នៅពេលនេះ ដោយយកលេសថាការទទួលយកតំណែងស្តីទីនេះដើម្បីទាមទារ៥ចំណុចនោះ ជាការនិយាយឲ្យតែរួចពីមាត់។ នាងចោទប្រកាន់ទៀតថា ហេតុអីបានជាធ្វើសន្និសីទនេះទាំងទទឹងទិស រហូតដល់កើតបញ្ហា ទើបហៅឱ្យបង្រួបបង្រួមទៅវិញ?

ចំណែកលោក គង់ គាំ ដែលជាអតីតទីប្រឹក្សាជាន់ខ្ពស់របស់បក្សប្រឆាំងដែរនោះ ក៏បានបកអាក្រាតល្បិចរបស់ទណ្ឌិត សម រង្ស៊ី ដែរថា ការលើកឡើងទាំង៥ចំណុចរបស់ ទណ្ឌិត សម រង្ស៊ី គឺជាសារនយោបាយភូតកុហក់ និងបោកប្រាស់ប្រជាពលរដ្ឋ និងដើម្បីបិទបាំងទង្វើបក្សប្រហាររបស់ជនកំហូច សម រង្ស៊ី តែប៉ុណ្ណោះ ព្រោះតាមទិដ្ឋភាពច្បាប់ ខ្មោចបក្សសង្គ្រោះជាតិនឹងមិនអាចរស់ឡើងវិញបានជាដាច់ខាត ដោយសារតែសាលដីកាតុលាការកំពូលបានចេញរួចទៅហើយ ហើយរាជរដ្ឋាភិបាលមិនអាចបង្វែរកិច្ចការដែលតុលាការបានអនុវត្តរួចហើយនោះបានទេ។

ជារួម ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដោយរដ្ឋសភាជាតិនៅពេលនេះ គឺជាការបើកផ្លូវឈានទៅរកការបន្ធូរបន្ថយទោសសម្រាប់អ្នកដែលបានអនុវត្តត្រឹមត្រូវតាមសាលដីកាកន្លងមកតែប៉ុណ្ណោះ។ ចំណែកអ្នកដែលបំពានលើសាលដីកាតុលាការកំពូល គឺមិនមានការលើកលែងនោះទេ គឺមានតែការដាក់ទោសបន្ថែមប៉ុណ្ណោះ។ ដូច្នេះ «ល្បិចស៊ីឡាក» របស់ទណ្ឌិត សម រង្ស៊ី ដែលព្យាយាមភ្ជាប់ខ្លួនជាមួយក្រុមអតីតបក្សប្រឆាំងទាំង១១៨រូប ដែលត្រូវអាចផ្ដល់នីតិសម្បទាឲ្យចូលធ្វើនយោបាយនោះ គឺគ្មានសង្ឃឹមមានឈ្មោះទណ្ឌិតរូបនេះឡើយ។ គេនៅរង់ចាំមើលថា តើទណ្ឌិត ក្រឡិចក្រឡុចរូបនេះនៅមានល្បិចអ្វីខ្លះទៀត ដើម្បីកេងចំណេញពីក្រុមខ្លួនតទៅទៀត៕

ដោយ៖ ពង្ស សុក្រឹត្យ

អត្ថបទទាក់ទង