ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «កូវីដ-១៩ ញែកដាច់ពីគ្នាស្រឡះរវាងអ្នកជួយ និងអ្នកបំផ្លាញខ្មែរ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២ ខែឧសភា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 26
លិខិតមិត្តអ្នកអាន៖ «កូវីដ-១៩ ញែកដាច់ពីគ្នាស្រឡះរវាងអ្នកជួយ និងអ្នកបំផ្លាញខ្មែរ» លិខិតមិត្តអ្នកអាន៖ «កូវីដ-១៩ ញែកដាច់ពីគ្នាស្រឡះរវាងអ្នកជួយ និងអ្នកបំផ្លាញខ្មែរ»

ខណៈពេលដែលអាជ្ញាធររដ្ឋាភិបាលនិងសមត្ថកិច្ចគ្រប់ប្រភេទនិងក្រុមគ្រូពេទ្យបានបូជាកម្លាំងកាយចិត្ត បានលះបង់ពេលវេលានិងការជួបជុំគ្រួសាររបស់ខ្លួនទាំងស្រុងដោយនាំគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ក្រោមកម្តៅថ្ងៃ ក្រោមទឹកភ្លៀង ដោយមិនគិតអំពីការនឿយហត់ ក្រុមមួយទៀតដែលមានឈ្មោះជាខ្មែរដែរ តែបែរជាធ្វើ នយោបាយបែបឧទ្ទាមចង់ឃើញខ្មែរឆ្លងរោគរាតត្បាតដ៏កាចសាហាវនិងស្លាប់ដោយកូវីដ ១៩ ទៅវិញ។

ដើម្បីមើលឲ្យធ្លុះអំពីចរិតនយោបាយរបស់ខ្មែរមួយក្រុមនោះ យើងត្រូវតែក្រឡេកថយក្រោយបន្ទិចសិន៖ នៅពេលដែលកូវីដ-១៩ មិនទាន់ឆ្លងរាលដាលដល់កម្ពុជា ឬក៏ចាប់ផ្តើមមានតិចតួចដោយសារតែ រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន បានទប់ស្កាត់តាមរយៈវិធានការ នានាតាមដំណាក់ កាលជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធិភាពនិងជោគជ័យ ក្រុមនយោបាយឧទ្ទាមក្រៅច្បាប់បែរជានាំគ្នា «បកស្រាយថា មកពីខ្មែរមានហ្សែនពូជអ្នកអង្គរមិនឆ្លងកូវីដទេ»

សារនយោបាយនេះមិនគ្រាន់តែគ្មានលក្ខណៈវិទ្យាសាស្ត្រទាល់តែសោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កប់ន័យធ្វើឲ្យប្រជាជនខ្មែរបាត់ការប្រុងប្រយ័ត្ន ព្រោះសង្ឃឹមថាខ្លួនមានឈាមខ្មែរអង្គរមិនឆ្លងកូវីដ-១៩ នោះទេ។

ក្រោយមកទៀត នៅពេលដែលរដ្ឋាភិបាលស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងដើម្បីយកមកចាក់ជូនពលរដ្ឋខ្មែរ ក្រុមនេះបែរជា «នាំគ្នាចំអកឡយឡឺយថា មិនទាន់ដល់ពេលត្រូវគិតគូរអំពីវ៉ាក់សាំងទេ»

ពេលដែលវ៉ាក់សាំងជំនួយរបស់ចិន, ជំនួយពីយន្តការកូវ៉ាក់និងវ៉ាក់សាំងដែលកម្ពុជា បានបញ្ជាទិញដោយខ្លួនឯងបានមកដល់ជាបន្តបន្ទាប់ ហើយត្រូវបានចាក់ជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលជាក្រុមអាទិភាព «ក្រុមនេះបែរជានាំគ្នាឃោសនា បន្ទុចបង្អាក់កុំឲ្យពលរដ្ឋខ្មែរចាក់វ៉ាក់សាំងដោយឃោសនាថា វ៉ាក់សាំងចិនចាក់សម្លាប់ពលរដ្ឋខ្មែរ» ដោយពួកគេបានបង្កើតព័ត៌មានប្រឌិតគ្រប់បែបយ៉ាងដើម្បីបំភិតបំភ័យខ្មែរ កុំឲ្យទៅទទួលការចាក់វ៉ាក់សាំងចិន។

ប៉ុន្តែទីបំផុត នៅពេលដែលដឹងខ្លួនថាមិនអាចទប់សន្ទុះប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបាន និងនៅពេលដឹងថា អ្វីដែលក្រុមខ្លួនបានធ្វើ គឺផ្ទុយស្រឡះពីនិន្នាការពិភពលោក «ស្រាប់តែពួកគេបែរ មកក្រឡាស់សម្តីថាវ៉ាក់សាំងចិនល្អ អាចទុកចិត្តបាន គ្មានគ្រោះថ្នាក់ ហើយអំពាវនាវពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំង»។ ការអំពាវនាវបែបនេះទៀតសោត ក៏មានបង្កប់ដោយគំនិតញុះញង់ពលរដ្ឋអោយទៅដណ្តើមវ៉ាក់សាំងផងដែរ។ ប៉ុន្តែ ជាសំណាងល្អដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតំលៃដឹងជាមុននិងបានទប់ស្កាត់បានទាន់ពេលវេលា

បន្ទាប់មកទៀត នៅ ពេលដែលការឆ្លងចូលសហគមន៍ផ្ទុះឡើងបន្តបន្ទាប់ចំនួន៣លើក ពិសេស លើកចុង ក្រោយគឺព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈដែលផ្ទុះឡើងជាទ្រង់ទ្រាយធំហើយដែលបង្ខំឲ្យរដ្ឋាភិបាលចាត់វិធានការបិទខ្ទប់ ពួកគេបែរជាឃោសនាថាជា «កូវីដនយោបាយ» ទៅវិញ។ «គោលដៅរបស់ពួកគេគឺកុំឲ្យពលរដ្ឋខ្មែរជឿថា មានឆ្លងកូវីដ ដោយបំភ្លៃថា ការបិទខ្ទប់នេះដោយសាររដ្ឋាភិបាលទប់ខ្លាចពលរដ្ឋបះបោរដូច នៅភូមា»

បច្ចុប្បន្ន នៅពេលដែលវិធានការបិទខ្ទប់កំពុងត្រូវបានអនុវត្តដើម្បីកាត់ផ្តាច់ខ្សែចំលងរបស់រោគរាតត្បាតកូវីដ ១៩ ពួកគេនិយាយថា «ជាវិធានការតឹងតែងពេកហើយញុះញង់ឲ្យពលរដ្ឋកុំគោរពវិធានការរបស់រដ្ឋនិងញុះញង់ឲ្យពលរដ្ឋងើបបះបោរក្នុងហេតុផល រឿងខ្វះស្បៀង បើទោះជាអាជ្ញាធរ រដ្ឋាភិបាលបានត្រៀមស្បៀងរួចរាល់និងចែកជូនជាបន្តបន្ទាប់ដល់ពលរដ្ឋដែលខ្វះខាតក្នុងតំបន់បិទខ្ទប់ហើយក៏ដោយ»

សូមកត់សម្គាល់ទៀតថា ក្នុងកំឡុងពេលនៃការផ្ទុះកូវីដ ១៩ ក្រុម នយោបាយឧទ្ទាមនេះបានបង្កើតព័ត៌មានក្លែងក្លាយច្រើនណាស់ក្នុងគោលដៅបង្កចលាចលសង្គមដើម្បីឲ្យប្រជាពលរដ្ឋខ្មែរភ្លេចកូវីដ-១៩ ហើយមានឆ្លងច្រើននិងស្លាប់ច្រើនដើម្បីគ្រាន់បានអោយពួកគេមានលេសបន្ទោសរដ្ឋាភិបាល។

តាមរយៈសកម្មភាពជាក់ស្តែងខ្លះៗ ដូចបាន រៀបរាប់ខាងដើម យើងអាចចោទជាសំណួរថា «តើក្រុមធ្វើនយោបាយបែបឧទ្ទាមទាំងនោះបានជួយអ្វីខ្លះដលប្រជាជនខ្មែរក្នុង ពេលដែល ប្រទេសជាតិជួបប្រទះកូវីដ-១៩? គឺគ្មានទាល់តែសោះ» ។មិនត្រឹមតែមិនបានជួយអ្វីសោះតែប៉ុណ្ណោះទេ ប៉ុន្តែក្រុម នេះថែមទាំងបាននិងកំពុងបង្កនិងបង្កើតជាឧបសគ្គដល់ដំណើរ ការជួយសង្គ្រោះខ្មែរដែលរៀបចំដោយរដ្ឋាភិបាលរបស់លោក ហ៊ុន សែនថែមទៀតផង។

នេះហើយដែលខ្មែរហៅថា «មិនបានជួយចូកជួយចែវ បែរជាយកជើងរាទឹក» ។ តើនយោបាយបែប នេះបានផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ជាតិ? «មិនត្រឹមតែគ្មានប្រយោជន៍នោះទេ ប៉ុន្តែ គឺជានយោបាយបំផ្លាញជាតិសុទ្ធសាធ»

សូម្បីតែអ្នកដែលមិនបានជួយអ្វីសោះហើយឱបដៃឈរមើល ក៏គង់នៅតែល្អគ្រាន់បើជាងក្រុម នយោបាយឧទ្ទាមនេះដែរ។ ស្ថានភាពដុនដាប ត្រដរខ្យល់ដែលក្រុម នេះកំពុងជួបប្រទះសព្វថ្ងៃនេះ គឺជាលទ្ធផលដែលស្តែងចេញពីនយោបាយបំផ្លាញខ្មែរនេះឯង ដោយពួកគេយកជាតិ និងប្រជាជនខ្មែរធ្វើជាឧបករណ៍និងជាចំណាប់ខ្មាំងដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួន។

សរុបមកវិញ ចុងក្រោយនេះ ចាប់តាំងពីប្រទេសជាតិជួបគ្រោះទឹកជំនន់ធំ និងជួបវិបត្តិកូវីដ-១៩ «ប្រជាពលរដ្ឋខ្មែរពិតជាអាចបែងចែកដាច់ស្រឡះពីគ្នាដោយគ្មានមន្ទិលសង្ស័យឡើយរវាងអ្នកណាជាអ្នកជួយខ្មែរពិតប្រាកដ និងថាតើអ្នកណាជាអ្នកបំផ្លាញខ្មែរ។

សូមកត់សម្គាល់ថា ក្នុងពិភពលោកបច្ចុប្បន្ន ការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ មានមធ្យោបាយសំខាន់តែ២យ៉ាងគត់ដែលគ្រប់ប្រទេសអនុវត្ត៖

  1. គឺការបិទខ្ទប់ជាភាសា អង់គ្លេសថា Lockdown ដើម្បីកាត់ផ្តាច់ខ្សែចម្លងរបស់មេរោគ ដោយគេតម្រូវឲ្យប្រជាពលរដ្ឋត្រូវនៅមួយកន្លែងនិងត្រូវអនុវត្តការពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសង្គម។
  2. គឺការចាក់ វ៉ាក់សាំងដើម្បីធ្វើឲ្យមានភាពស៊ាំទៅនឹងមេរោគ។

វិធីទាំង២នេះត្រូវបាន រដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងអនុវត្តដោយការយកចិត្តទុកយ៉ាងខ្លាំងនិងក៏ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ វិធានការបិទខ្ទប់កំពុងឈានទៅគ្រប់គ្រងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈក្នុងពេលឆាប់ៗនេះ ខណៈដែលការចាក់វ៉ាក់សាំងក៍កំពុងប្រព្រឹត្តទៅយ៉ាងសកម្មជាពិសេសក្នុងតំបន់ក្រហម។ យោង តាមរបាយការណ៍ថ្នាក់តំបន់ កម្ពុជាឈរលំដាប់ទី២ បន្ទាប់ពីសិង្ហបូរីដែលបានចាក់វ៉ាក់សាំងច្រើនជាងគេជូនដល់ពលរដ្ឋរបស់ខ្លួន។ នេះគឺជាលទ្ធផល ដែលបានមកពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះប្រជាជនខ្មែរពីសំណាក់រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន។ ចំណែកឯក្រុម នយោបាយឧទ្ទាមក្រៅច្បាប់បាននិងកំពុងបន្តនយោបាយយកជើងរាទឹកដើម្បីបំផ្លាញខ្មែរដោយគ្មានកែប្រែឡើយ។

ប៉ុន្តែ ក្នុងកំណត់ត្រាជាង២០ឆ្នាំកន្លងមកនេះបានបញ្ជាក់យ៉ាងច្បាស់ថា រាល់ឧបាយកលរបស់ក្រុមនេះតែងតែទទួលបជ័យជានិច្ច ដោយសារតែការធ្វើ «នយោបាយឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ» និង «នយោបាយដុតអោយខ្លោចរោជអោយឆៅ»

ប្រជាពលរដ្ឋខ្មែរពិតជាមិនត្រូវការក្រុម នយោបាយបំផ្លាញជាតិបែបនេះឡើយ ហើយផ្ទុយទៅវិញ ប្រជាពលរដ្ឋខ្មែរត្រូវការអ្នកដឹកនាំដែលដឹងសុខទុក្ខពលរដ្ឋនិងជួយពលរដ្ឋគ្រប់ពេលវេលាជាពិសេសក្នុងគ្រាមានអាសន្ន៕

ដោយ:អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង