ទស្សនៈមិត្តអ្នកអាន៖ សម្ព័ន្ធភាពក្រុមអាវស និងអាវលឿង បែកខ្ទេច ដូចកែវទឹក
បន្ទាប់ពីបាត់មុខមួយរយៈ ក្រោយរងភាពអាម៉ាស់ពីបរាជ័យក្នុងផែនការ៩វិច្ឆិកា លោក អេង ឆៃអ៊ាង ចាប់ផ្តើមតឹងសរសៃក ដាក់គូបដិបក្ខរបស់ខ្លួនឡើងវិញ ដោយបានទាត់ចោលនូវរាល់ការបញ្ចេញមតិទាំងឡាយរបស់អតីតមន្ត្រីជាន់ខ្ពស់អតីតបក្សសង្គ្រោះជាតិកូតា កឹម សុខា សូម្បីតែសម្តីលោក កឹម សុខា ផ្ទាល់ដែលជាអតីតប្រធានបក្ស ក៏បុរសងុបល្បែងស៊ីសងតាំងពីនៅស្រុកខ្មែរធ្លាយដល់អាមេរិករូបនេះ ចាត់ទុកថា ឥតបានការដែរ។
លោក អេង ឆៃអ៊ាង ដែលគេដឹងជាទូទៅថា យកកាស៊ីណូធ្វើជាស្នាក់ការបក្ស បាននិយាយជាមួយវិទ្យុបារាំងថា ពាក្យសម្តីរបស់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមានកញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា លោក យ៉ែម បុញ្ញរិទ្ធ លោក ហ៊ីង សុខសាន្ត និងលោក ប៉ា ងួនទៀង។ល។ រួមទាំងអតីតតំណាងរាស្ត្រអូស្ត្រាលីលោក ហុង លីម ជាដើមថាជាសម្តីរបស់មនុស្ស៣-៤នាក់ ឥតយកជាការ។ លោក អេង ឆៃអ៊ាង ដែលគេផ្តល់គោរមងារថាជា “បុរសញៀនល្បែង” បានចាត់ទុកការអត្ថាធិប្បាយរបស់ក្រុម កឹម សុខា និយមថា ជាសម្តីរបស់បុគ្គលដែលនិយាយក្នុងបណ្តាញសង្គមមិនផ្លូវការ គ្មានបានការ ហើយមិនអាចតំណាងឲ្យបក្សសង្គ្រោះជាតិបានទេ មានន័យថា អាចយកជាផ្លូវការបានទាល់តែជាសេចក្តីថ្លែងការណ៍របស់ខ្មោចបក្សសង្គ្រោះជាតិ។
ការលើកឡើងបែបនេះ វាហាក់បីដូចជាខ្មោចបក្សសង្គ្រោះជាតិ ជាកម្មសិទ្ធិផ្តាច់មុខរបស់ អេង ឆៃអ៊ាង និងបក្ខពួកក្រុម សម រង្ស៊ី និយមដូច្នោះដែរ។ ប៉ុន្តែលោក អេង ឆៃអ៊ាង មិនគួរឆាប់ភ្លេចទេថា អតីតគណបក្សសង្គ្រោះជាតិបង្កើតឡើងដោយការច្របាច់បញ្ចូលគ្នារវាងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា និងគណបក្សសមរង្ស៊ី របស់លោក សម រង្ស៊ី ឬក៏ អេង ឆៃអ៊ាង ចង់ផាត់លោក កឹម សុខា និងក្រុម កឹម សុខា និយមចេញ បានជាមួយរយៈពេលចុងក្រោយនេះ លែងលើកស្លាក សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ តែបែរជាជំនួសវិញដោយពាក្យស្លោក “ខ្ញុំជា សម រង្ស៊ី”។
ចេតនាទុច្ចរិតនេះ ត្រូវបានក្រុម កឹម សុខា និយមបកអាក្រាតលើបណ្ដាញសង្គមថា មេឧទ្ទាម សម រង្ស៊ី បាននិងកំពុងព្យាយាមទាត់លោក កឹម សុខា ចោលតាមរយៈការជំរុញឲ្យសកម្មជន និងអ្នកគាំទ្រលើកបដា “ខ្ញុំ ជា សម រង្ស៊ី” ខណៈ សម រង្ស៊ី កំពុងតែកៀងគរអ្នកគាំទ្ររាប់ទាំងកុមារមិនទាន់ដឹងក្ដីផងឲ្យលើកបដា “ខ្ញុំ ជា សម រង្ស៊ី “។ ល្បិចរបស់ សម រង្ស៊ី ដែលបានព្យាយាមធ្វើកន្លងមក និងកំពុងធ្វើនាពេលបច្ចុប្បន្ន បានបង្ហាញបំណងកាន់តែច្បាស់ពីចេតនាទាត់លោក កឹម សុខា ចោល និងចោទលោក កឹម សុខា ថា ជាជនលក់ក្បាល។
ក្រុម កឹម សុខា និយមបានបញ្ជាក់ថា តាមធម្មតាក្រុមលោក សម រង្ស៊ី តែងលើកបដា “សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ” ដើម្បីបង្ហាញប្រាប់អ្នកគាំទ្រថា ខ្លួនជាអ្នកជំរុញការរួបរួម ប៉ុន្តែពេលនេះហេតុអ្វីបានជាក្រុមលោក សម រង្ស៊ី បំបាត់ឈ្មោះ កឹម សុខា ចោល លើកតែឈ្មោះ សម រង្ស៊ី បែបនេះ។
កន្លងមកការលើកឈ្មោះ កឹម សុខា-សម រង្ស៊ី ជាមនុស្សតែមួយ គឺគ្រាន់តែជាយុទ្ធសាស្រ្តកៀរគរអ្នកគាំទ្រអតីតខ្មោចបក្សសង្រ្គោះជាតិឲ្យមើលឃើញថា ក្រុមលោក សម រង្ស៊ី មានស្មារតីស្មោះត្រង់នឹងសម្ព័ន្ធភាព មិនបែកបាក់ ដើម្បីស្អំទឹកចិត្ត ឬបង្កើតទំនុកចិត្តដល់អ្នកគាំទ្រស្មារតីរួបរួម “កឹម សុខា-សម រង្ស៊ី ជាមនុស្សតែមួយ” ជាកម្លាំងគាំទ្រគណបក្សសង្រ្គោះជាតិ។
លុះក្រោយពីអ្នកគាំទ្រសង្កេតឃើញថា លោក សម រង្ស៊ី ពិតជាមនុស្សស្មោះត្រង់ និងមានចេតនារួបរួមតាមបំណងអ្នកគាំទ្រពិតមែន ពួកអ្នកគាំទ្រក៏ត្រឡប់ជាសង្ស័យ ហើយមានមន្ទិលលើខាងលោក កឹម សុខា តាមរយៈព័ត៌មានវាយប្រហារដែលបង្កើតដោយក្រុម សម រង្ស៊ី ដែលលាបពណ៌ថា កូនចៅលោក កឹម សុខា ជាដង្កូវក្នុងសាច់ ពួកលក់ក្បាល ឬអាយ៉ង ហ៊ុន សែន ជាដើម។ បន្ទាប់មកធ្វើឲ្យអ្នកគាំទ្រដាក់មន្ទិលសង្ស័យលើលោក កឹម សុខា តែម្តង នេះហៅថា ផែនការ “កាត់ឫសមុន រំលំដើមក្រោយ” នោះហើយគឺជាពេលវេលាដែលលោក សម រង្ស៊ី ត្រូវតែធីបឈ្មោះ ឬកម្ទេចលោក កឹម សុខា ចោល ដោយចាប់ផ្តើមបង្កើតរូបារម្មណ៍អ្នកគាំទ្រឲ្យនឹកតែឈ្មោះ សម រង្ស៊ី រួចបញ្ចូលសារឲ្យឃើញថា មានតែលោក សម រង្ស៊ី ជាមនុស្សស្មោះត្រង់ ហើយពួកគេបន្តសកម្មភាពលាបពណ៌ ប្រឌិតរឿងបង្កាច់បង្ខូច ដាក់មន្ទិលសង្ស័យលើលោក កឹម សុខា ថា ជាអាយ៉ង ហ៊ុន សែន ឬថា លោក កឹម សុខា ត្រូវគេទិញបានហើយ។ សកម្មភាពទាំងនេះក្រុមការងារលោក សម រង្ស៊ី នឹងធ្វើជាបន្តបន្ទាប់ជាលក្ខណៈបណ្តាញនៅតាមហាងកាហ្វេ ឬហាងបាយដែលមានមនុស្សចូលបរិភោគច្រើន និងបណ្តាញឃោសនាផ្សេងទៀត ដើម្បីឲ្យកម្លាំងគាំទ្រលោក កឹម សុខា ចុះខ្សោយ។
កន្លងមកគេបានលឺ និងឃើញសារសំងាត់ជាច្រើនរបស់លោក សម រង្ស៊ី ឆ្លើយឆ្លងជាមួយមនុស្សជំនិតរបស់លោក និយាយអំពីការរៀបចំកលល្បិចលាបពណ៌មូលកាច់ និងធ្វើឲ្យលោក កឹម សុខា ជាប់គុក ឬក៏ត្រូវបិទសិទ្ធិធ្វើនយោបាយ ដើម្បីឲ្យប្រជាប្រិយភាពត្រូវបាត់បង់ ហើយប្រជាពលរដ្ឋស្អប់លោក កឹម សុខា ងាកទៅគាំទ្រតែ សម រង្ស៊ី ម្នាក់ ក្នុងនាមជាអ្នកនយោបាយប្រឆាំង។
ផ្ទុយទៅវិញ ចំណែកឯក្រុម កឹម សុខា និយម ក៏កំពុងរៀបចំខ្លួនចាកចេញពីសម្ព័ន្ធភាពក្លែងក្លាយនេះដែរ។ ជាក់ស្តែងមនុស្សជំនិតៗរបស់លោក កឹម សុខា តែងបានបដិសេធជានិច្ចដោយមិនយកខ្លួនទៅបៀតនោះឡើយនូវរាល់ផែនការសកម្មភាពនានា ដែលដាក់ចេញដោយក្រុម សម រង្ស៊ី និយម ដូចជាយុទ្ធនាការ៩វិច្ឆិកាជាដើម។ យុទ្ធនាការ៩វិច្ឆិកានេះ មិនត្រឹមតែក្រុម កឹម សុខា មិនចូលរួមទេ ក៏ប៉ុន្តែកញ្ញា កឹម មនោវិទ្យា តំណាងឲ្យលោក កឹម សុខា ថែមទាំងបានចំអកឲ្យលោក សម រង្ស៊ី និងបក្ខពួកថា គ្រាន់តែចង់ល្បីលើសារព័ត៌មាន ដើម្បីកុំឲ្យគេភ្លេចមុខប៉ុណ្ណោះ ឬចង់ល្បីខុសរឿង ពីព្រោះនរណាក៏ដឹងដែរថា លោក សម រង្ស៊ី ជាមនុស្សកំសាកខ្លាំងណាស់ ខ្លាចគុកបំផុត។
ថ្មីៗនេះទៀតសោត លោក មុត ចន្ថា មនុស្សជំនិតបំផុតរបស់លោក កឹម សុខា បានប្រកាសជាសាធារណៈថា លោក កឹម សុខា មិនបានមានទំនាក់ទំនងអ្វីជាមួយនឹងលោក សម រង្ស៊ី នោះទេ។ ការប្រកាសទាត់ចោលទំនាក់ទំនងនេះ ទំនងលោក មុត ចន្ថា មិនចង់ឲ្យលោក សម រង្ស៊ី តោងកន្ទុយក្បិនលោក កឹម សុខា ខណៈសំណុំរឿងលោក កឹម សុខា ត្រូវបានតុលាការបិទបញ្ចប់ការស៊ើបសួរ ហើយបញ្ជូនសំណុំរឿងទៅជំនុំជម្រះក្តីនាពេលខាងមុខ។
ជារួម សម្ព័ន្ធភាពក្លែងក្លាយដែលមានតែឈ្មោះរវាងគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ី កើតឡើងដោយការចាប់បង្ខំរបស់បរទេស នៅទីបំផុតទៅបានរង្គោះរង្គើបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរមិនអាចផ្សះផ្សាគ្នាបាន ប្រៀបដូច កែវទឹកដែលធ្លាក់ចុះពីលើអាគារជាន់ទី៧ មកដល់ដីបែកខ្ទេច មិនអាចផ្គុំជារូបរាងដើមឡើងវិញបានឡើយ ហើយរង់ចាំតែថ្ងៃប្រកាសជាផ្លូវការចែកចានចែកឆ្នាំងគ្នារៀងៗខ្លួនប៉ុណ្ណោះ៕
ដោយ៖ សុខ សុវណ្ណ