ខ្មែរប៉ុស្ដិ៍ Close

ធនាគារជាតិនៃកម្ពុជា ពន្យល់អំពីគោលនយោបាយប្រើប្រាស់ប្រាក់យ័ន ដើម្បីទូទាត់ក្នុងទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និងចិនតែប៉ុណ្ណោះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 55
ធនាគារជាតិនៃកម្ពុជា ពន្យល់អំពីគោលនយោបាយប្រើប្រាស់ប្រាក់យ័ន ដើម្បីទូទាត់ក្នុងទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និងចិនតែប៉ុណ្ណោះ ធនាគារជាតិនៃកម្ពុជា ពន្យល់អំពីគោលនយោបាយប្រើប្រាស់ប្រាក់យ័ន ដើម្បីទូទាត់ក្នុងទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និងចិនតែប៉ុណ្ណោះ

មន្រ្ដីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ពន្យល់ និងបង្ហាញអំពីគោលនយោបាយប្រើប្រាស់ប្រាក់ យ័ន នៅកម្ពុជាក្នុងគោលដៅ ដើម្បីទូទាត់ក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិន ប៉ុណ្ណោះ ប៉ុន្ដែមិនមែនជាការជំរុញឱ្យយកប្រាក់យ័នចិន មកធ្វើចរាចរក្នុងប្រទេសកម្ពុជានោះឡើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នៅធនាគារជាតិ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ធនាគារជាតិមិនលើកទឹកចិត្ត ឱ្យមានការប្រើប្រាស់រូបិយប័ណ្ណរបស់ប្រទេសដទៃ សូម្បីតែ ប្រាក់ដុល្លារ ក្នុងប្រទេសកម្ពុជាឡើយ គឺធនាគារជាតិ បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុង ការជំរុញការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាឡើង។ លោកជំទាវបានបន្ដថា ការដាក់ឱ្យប្រើប្រាស់ប្រាក់យ័នរបស់ធនាគារជាតិ គឺជាការជំរុញសម្រាប់ការទូទាត់ពាណិជ្ជកម្ម ហើយសាធារណជនសូមកុំយល់ច្រឡំថា វាជាការដាក់ឱ្យចរាចរលុយយ័ន សម្រាប់ចាយវាយ នៅកម្ពុជា ដូចចរាចរលុយដុល្លារ ដែលនេះមិនមែនជាទិសដៅរបស់ធនាគារជាតិឡើយ។ លោកជំទាវបានអះអាងថា ទិសដៅរបស់ធនាគារជាតិ គឺការជំរុញការចាយវាយលុយរៀល ដែលជារូបិយប័ណ្ណរបស់ជាតិ។

លោកជំទាវបានបន្ថែមថា “យើងមិនសុំឱ្យប្រជាជនចិន ឬវិនិយោគិនប្រើលុយយ័ននៅកម្ពុជា ទេ ប៉ុន្ដែអ្វីដែលយើងចង់បានគឺឱ្យពួកគេប្រើយន់ក្នុងប្រព័ន្ធធនាគារ និងប្រតិបត្តិការឆ្លងកាត់ ព្រំដែន”។

លោកជំទាវបានចាត់ទុកថា ការប្រើប្រាស់លុយយ័នចិនក្នុងប្រព័ន្ធធនាគារ សម្រាប់ទូទាត់ ពាណិជ្ជកម្មនេះ ក៏បានជួយជំរុញដល់ប្រាក់រៀលផងដែរ។ ទន្ទឹមនេះ ពីមុនការទូទាត់ពាណិជ្ជ កម្មរវាងកម្ពុជា-ចិន ត្រូវប្រើប្រាស់ប្រាក់ដុល្លារ ដែលធ្វើឱ្យពាណិជ្ជករ អាជីវករ ប្រឈមហានិ ភ័យ នៃអត្រាការប្រាក់។

លោកជំទាវបានលើកឡើងថា “យើងកំពុងជំរុញឱ្យក្រុមហ៊ុនចិន និងកម្ពុជាធ្វើពាណិជ្ជកម្មជា ប្រាក់យ័ន និងប្រាក់រៀលដើម្បីជៀសវាងហានិភ័យដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូររូបិយប័ណ្ណ។ ចំពោះពាណិជ្ជករ ខ្មែរនាំចូលទំនិញពីប្រទេសចិនគួរបង់ជាប្រាក់យ័នហើយអាជីវកម្មចិន ដែល នាំចូលទំនិញពីកម្ពុជាគួរប្រើប្រាក់រៀល។”

“គោលនយោបាយនេះនឹងជួយបង្កើន ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកជារៀលនៅបរទេស។ ចំណែកការប្រើប្រាស់ប្រាក់យ័នចិននៅក្នុងការបង្កើត ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹង បង្កើនការប្រើរូបិយប័ណ្ណកម្ពុជាផងដែរ។”នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកជំទាវ ជា សិរី។

​សូមរម្លឹកថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ក្នុងវេទិកាស្ដីពីរូបិយប័ណ្ណយ័ន នៅកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយ ធនាគារចិនសាខាភ្នំពេញ (BOC) គឺវេទិកានេះ មានគោលបំណងបង្ហាញ និងពិភាក្សាអំពីការប្រើប្រាស់ប្រាក់យ័ន នៅក្នុងតំបន់អាស៊ាន និងកម្ពុជា ព្រមទាំងអត្ថប្រយោជន៍នៃប្រាក់យ័នចំពោះសេដ្ឋកិច្ច។

ក្នុងវេទិកានេះ ឯកឧត្តមស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បាន បង្ហាញការគាំទ្ររបស់ធនាគារជាតិនៃកម្ពុជាក្នុងការប្រើប្រាស់ប្រាក់យ័នតាមរយៈប្រព័ន្ធធនាគារ ដើម្បីសម្រួលដល់ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងទេសចរណ៍ជាដើម ឱ្យកាន់ តែមានប្រសិទ្ធភាព។

ឯកឧត្តមបានគូសបញ្ជាក់ថា កន្លងមក ធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យធនាគារ ប្រទេសចិនពីរ ធ្វើជាធនាគារផាត់ទាត់ប្រាក់យ័ន គឺ ធនាគារBOC និងធនាគារICBC និង ធនាគារពាណិជ្ជនៅកម្ពុជា១៣ផ្សេងទៀតធ្វើប្រតិបត្តិការជាប្រាក់យ័ន។ ឯកឧត្តមបានបន្ថែម ទៀតថា តាមរយៈនេះ វិនិយោគិន ពាណិជ្ជករ និងអ្នកទទួលចំណូលជាប្រាក់យ័ន អាចទូទាត់ ខ្ចី និងដាក់ប្រាក់បញ្ញើជាប្រាក់យ័ន ក្នុងប្រព័ន្ធធនាគារ ដែលអនុញ្ញាត ឱ្យធនាគារជាតិនៃ កម្ពុជា អាចគ្រប់គ្រងចរាចរប្រាក់យ័នបានល្អប្រសើរ និងរួមចំណែកជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ដែលមកពី ប្រទេសចិន។

យោងតាមធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា កាលពីឆ្នាំ២០១៧ កម្ពុជាបាននាំចូល ទំនិញពីប្រទេសចិនគិតជាទឹកប្រាក់ចំនួន៥.២ពាន់លានដុល្លារ ខណៈកម្ពុជានាំចេញទៅ ប្រទេសចិនចំនួន ៧៥៣លានដុល្លារ។ចំណែកនៅក្នុងវិស័យពាណិជ្ជកម្មការទូទាត់មានតម្លៃ ប្រមាណ១៣៥លានដុល្លារ ដែលត្រូវបានធ្វើឡើងដោយក្រុមហ៊ុនកម្ពុជា ខណៈដែលក្រុមហ៊ុនចិនបានបង់ប្រាក់យ៉ាងហោចណាស់៧០លានដុល្លារជាប្រាក់យ័នដល់ក្រុមហ៊ុនកម្ពុជា៕

អត្ថបទទាក់ទង