តោះនាំគ្នាមកស្គាល់អ្នកបើកយន្តហោះវ័យក្មេង ២រូបរបស់កម្ពុជា ដែលបញ្ចប់ការហ្វឹកហាត់ត្រឹមតែ………..
ដើម្បីក្លាយជាអ្នកបើកបរយន្តហោះមួយរូប មិនមែនងាយស្រួលឡើយ ហើយក៏មិនមែនសុទ្ធតែគ្រប់គ្នាមានឱកាសនោះទេ។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ កូនខ្មែរវ័យក្មេងបំផុតពីររូបហើយ បានបញ្ចប់ការសិក្សាលើជំនាញបើកបរយន្តហោះ ទាំងមានអាយុតិចខ្លាំង។ ដូច្នេះសូមមកស្គាល់យុវជនទាំង២រូបនេះ៖
១. លឹមស្រេង សេដ្ឋាមុនី
Sabay សូមរំលឹកពីអ្នកបើកយន្តហោះវ័យក្មេងដំបូងបំផុតរបស់កម្ពុជា បានបញ្ចប់ការសិក្សាលើជំនាញបើកបរយន្តហោះ នៅសាលាដឮ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក ត្រឹមវ័យ១៩ឆ្នាំ និងបានបញ្ចប់ការហ្វឹកហ្វឺនបើកយន្តហោះខ្នាតធំ Airbus A320 ត្រឹមវ័យ២០ឆ្នាំនៅប្រទេសហ្វីលីពីន។ យុវជនរូបនោះគឺ លឹមស្រេង សេដ្ឋាមុនី បានទទួលភាពជោគជ័យដ៏ត្រចះត្រចង់តាំងពីឆ្នាំ២០១៧។
លឹមស្រេង សេដ្ឋាមុនី ធ្លាប់បានផ្ដល់បទសម្ភាសន៍មកកាន់ Sabay ថា ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យលើជំនាញបើកបរយន្តហោះមកពីសាលាមួយរបស់សហរដ្ឋអាមេរិក កាលពីចុងខែកញ្ញា ឆ្នាំ២០១៦ហើយនោះ សេដ្ឋាមុនីបានសម្រេចចិត្តបន្តការសិក្សាជាអ្នកបើកយន្តហោះបន្តទៀត នៅប្រទេសហ្វីលីពីន ដើម្បីមានសិទ្ធិក្នុងការបើកយន្តហោះខ្នាតធំ Airbus A320 ដែលខ្លួនធ្លាប់ស្រមៃតាំងពីតូច។
អ្នកបើកយន្តហោះវ័យក្មេងរូបនេះ បន្តទៀតថា មុនពេលសម្រេចក្ដីស្រមៃ ខ្លួនគិតថាហោចណាស់ក៏រយៈពេល៣ឆ្នាំដែរ ទើបអាចទទួលបានភាពជោគជ័យ ប៉ុន្តែឥឡូវត្រឹមតែ១ឆ្នាំកន្លះប៉ុណ្ណោះ ក៏អាចបើកយន្តហោះប្រភេទ Airbus A320 បាន។ សេដ្ខាមុនី ប្រាប់ថា ក្រោយបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិក ក្នុងខែ១១ ឆ្នាំ២០១៦ រូបគេក៏សម្រេចចិត្តបន្តការសិក្សានៅប្រទេសហ្វីលីពីនដើម្បីអាចបើកយន្តហោះ Airbus A320 ដែលត្រូវចំណាយលុយបង់ថ្លៃសាលារហូតដល់ខ្ទង់ម៉ឺនដុល្លារ។
លឹមស្រេង សេដ្ឋាមុនី ប្រាប់ទៀតថា ត្រឹមតែរយៈពេល៣ខែប៉ុណ្ណោះ ខ្លួនអាចបើកយន្តហោះខ្នាតធំនេះបាន ពោលគឺត្រឹមខែកុម្ភៈឆ្នាំ ២០១៧ សេដ្ឋាមុនីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយនាំមកនូវភាពជោគជ័យដ៏ត្រចះត្រចង់ដល់គ្រួសារ និងជាមុខមាត់សម្រាប់សង្គមជាតិ។ នៅពេលសួរថា តើមុនីមិនមានការភ័យខ្លាចទេពេលបើកយន្តហោះខ្នាតធំនេះ? មុនីប្រាប់ថា មិនមានភាពភ័យខ្លាចអ្វីទាំងអស់ព្រោះក្នុងនាមជាអ្នកបើកយន្តហោះគឺត្រូវមានស្មារតីរឹងមាំ និងការតាំងចិត្តខ្ពស់បំផុត។
បច្ចុប្បន្ននេះ សេដ្ឋាមុនី មានអាយុ២១ឆ្នាំហើយ ហើយក៏ជាពេលដែលត្រូវខិតខំបំផុតដើម្បីគ្រួសារ អនាគត ព្រមទាំងមុខមាត់ប្រទេសជាតិផងដែរ។
២. អ៊ុង សុខាណៃ
កាលពីថ្មីៗនេះ មានយុវជនម្នាក់ទៀត បានបញ្ចប់ការហ្វឹកហ្វឺន បើកយន្តហោះពីប្រទេសហ្វីលីពីន ត្រឹមអាយុ២០ឆ្នាំ។ អ៊ុង សុខាណៃ បានតស៊ូ ពុះពារ គ្រប់ឧបសគ្គរហូតសម្រេចក្ដីស្រមៃរបស់ខ្លួន ចង់ក្លាយជាអ្នកបើកបរយន្តហោះ។ មិនបានទម្លាយពីឈ្មោះសាលាដែលគេបានសិក្សាឡើយ ប៉ុន្តែសុខាណៃ លើកឡើងថា ការហ្វឹកហាត់គឺមានការយកចិត្តទុកដាក់ខ្ពស់បំផុត ទៅលើសិក្ខាកាម ដោយគិតជាចម្បងបំផុតនោះ គឺបញ្ហាសុវត្ថិភាព អំឡុងពេលដែលហ្វឹកហាត់។
ក្នុងនាមជាអ្នកបើកយន្តហោះម្នាក់មិនមែនជារឿងងាយស្រួលឡើយ ពិសេសពេលដែលស្ថិតក្នុងដំណាក់កាលកំពុងហ្វឹកហាត់ រូបគេបានឆ្លងកាត់ការលំបាកជាច្រើន។ អ្វីដែលសុខាណៃ លំបាកខ្លាំងនោះ គឺការផ្លាស់ប្ដូរម៉ាស៊ីនពី Single Engine ទៅ Twin Engine Aircraft ពេលកំពុងហោះហើរ។ ទោះយ៉ាងណាក៏ដោយ យុវជនរូបសង្ហានេះ បានបង្ហាញនូវអារម្មណ៍សប្បាយជាខ្លាំងក្នុងការទទួលបានចំណេះដឹងថ្មីៗ។
បន្ទាប់ពីបញ្ចប់ថ្នាក់ ATPL គោលដៅបន្ទាប់សុខាណៃ នឹងត្រឡប់មកកាន់ជាតិមាតុភូមិវិញ ដើម្បីបំពេញការងារតាមក្ដីស្រមៃតាំងបីតូចរបស់ខ្លួន៕
ប្រភព៖ Sabay News