ខ្មែរប៉ុស្ដិ៍ Close

ទាហាន​កម្ពុជា​ចំនួនប្រមាណ​ ១១៥, ០០០ នាក់ បាន​ស្លាប់​នៅក្នុង​សមរភូមិ អំឡុងសង្គ្រាម​លោក​លើក​ទី​១

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨ ឯកសារ 56
ទាហាន​កម្ពុជា​ចំនួនប្រមាណ​ ១១៥, ០០០ នាក់ បាន​ស្លាប់​នៅក្នុង​សមរភូមិ អំឡុងសង្គ្រាម​លោក​លើក​ទី​១ ទាហាន​កម្ពុជា​ចំនួនប្រមាណ​ ១១៥, ០០០ នាក់ បាន​ស្លាប់​នៅក្នុង​សមរភូមិ អំឡុងសង្គ្រាម​លោក​លើក​ទី​១

កាលពី ១០០ឆ្នាំ​មុន នៅពេល​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី១ បារាំង​ដោយ​ដើរ​តាម​ប្រទេស​អង់គ្លេស បានធ្វើការ​ជ្រើសរើស​កងទ័ព​ពី​ប្រទេស​ក្រោម​អាណានិគម​របស់​ខ្លួន។ នៅ​ឆ្នាំ១៩១៦ អាជ្ញាធរ​បារាំង នៅ​ឥណ្ឌូចិន​បាន​ផ្តល់​កងពល​ជនជាតិ​ដើម​សម្រាប់​សង្គ្រាម​នៅ​អឺរ៉ុប។ ក្នុង​ចំណោម​កងទ័ព​ស្ម័គ្រចិត្ត ៥ម៉ឺន​នាក់ ដែល​ចេញ​ពី​តំបន់​ឥណ្ឌូចិន ចំនួន​ភាគច្រើន​គឺជា​ជនជាតិ​វៀតណាម​។ ប៉ុន្តែ​កម្ពុជា​ត្រូវ​បាន​ស្នើឲ្យ​ផ្តល់​កង​ថ្មើរជើង ​និង​កម្មករ​ចំនួន ២,៥០០នាក់​ ដើម្បី​បម្រើ​ការនៅ​លេណដ្ឋាន​បន្ទាយ​ និង​រោងចក្រ​នៅ​បារាំង។ ការ​អំពាវនាវ​នេះ​ត្រូវ​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ព្រះបរមរាជវាំង ដោយ​ព្រះមហាក្សត្រ ស៊ីសុវត្ថិ ទ្រង់​បាន​គង់​ជា​ប្រធាន​គណៈកម្មាធិការ​ជ្រើសរើស​កងទ័ព​ស្ម័គ្រចិត្ត។ ព្រះអង្គ​បាន​ប្រកាស​ថា៖ «​សមាជិក​រាជវង្ស ក្រសួង មន្រ្តីរដ្ឋាភិបាល​គ្រប់​ជាន់​ថ្នាក់ ប្រជាជន​កម្ពុជា​ទាំងអស់ និង​ព្រះកុរណា​ខ្ញុំ មាន​ក្តីស្រឡាញ់​ស្មោះស្ម័គ្រ​ចំពោះ​បារាំង​ដោយ​គ្មាន​ព្រំដែន»។

យុទ្ធនាការ​ឃោសនា​ខ្លាំងក្លា បាន​ចាប់ផ្តើម​។ សេចក្តី​ជូន​ដំណឹង​បាន​បិទ​ផ្សាយ​នៅ​តាម​ភូមិ​ ដែល​ផ្សព្វផ្សាយ​អត្ថប្រយោជន៍​ដែល​អ្នក​ស្ម័គ្រចិត្ត​ទទួល​បាន​ពី​មន្រ្តី​រាជការ​បារាំង ព្រះអង្គ​ម្ចាស់​ផ្សេងៗ​និង​ថែម​ទាំង​ព្រះមហាក្សត្រ​ផ្ទាល់ បាន​ចុះ​ទៅ​ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត។ ប៉ុន្តែ យោងតាម Forest បន្ទាប់ពី​រយៈពេល​៣​ខែ មាន​អ្នក​ស័្មគ្រចិត្ត​តែ ​២,២៩៥នាក់ ប៉ុណ្ណោះ ហើយក្នុង​នោះ ​៥០៨​នាក់ ​ត្រូវ​បាន​បញ្ជូន​មក​វិញ បន្ទាប់ពី​គេ​ច្បាស់​ថា ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចូលរួម​ក្នុង​ជួរ​កងទ័ព​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន។ ក្នុង​ចំណោម​នោះ ​១,០០៨ នាក់​ ត្រូវ​បាន​ចាត់​ទុក​ថា ស័ក្តិសម សម្រាប់​បម្រើ​យោធា ប៉ុន្តែ ​២០នាក់ ​ទៀត​បាន​ស្លាប់​ក្នុង​អំឡុង​ពេល​ហ្វឹកហាត់ និង ៣៤០នាក់​ ទៀត​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ជួរ​កងទ័ព។

នៅ​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​១៩១៦ កងវរសេនា​តូច​កម្ពុជា​ទី​១ ដែល​ជា​ទាហាន​ស្ម័គ្រចិត្ត​ឥណ្ឌូចិន នា​សតវត្សរ៍​ទី​២០ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង ដោយ​មាន​ការ​ជូនដំណើរ​ពី​ក្រុម​មនុស្ស​ជាច្រើន​នៅ​កំពង់ផែ​។ នៅពេល​ទៅ​ដល់ Marseille ពួកគេ​បាន​ជិះ​រថភ្លើង​ទៅ​បន្ទាយ​ទាហាន​នៅ​ភាគ​ខាង​កើត​នៅ Fre’jus ដើម្បី​ទទួល​ការ​បណ្តុះបណ្តាល​ក្បួន​យោធា​។ ខណៈ​ប្រជាជន​ដែល​មិន​ចេះ​អក្សរ និង​គ្មាន​ការ​អប់រំ​មាន​ការ​ភ័យខ្លាច​បារាំង ពួកគេ​ត្រូវ​បាន​ធ្វើឲ្យ​មាន​អារម្មណ៍​ដូច​នៅ​ស្រុក​កំណើត​របស់​ខ្លួន​ដែល​នៅក្នុង​បន្ទាយ​ទាហាន​នោះ​តាមរយៈ​ការ​ផ្តល់​ឲ្យ​នូវ​ត្រីឆ្អើរ នំបញ្ចុក និង​ប្រហុក​។ នេះ​បើ​តាម​អ្នក​ប្រវត្តិសាស្រ្ត​ដែល​បាន​កត់ត្រា។

ខណៈ Baudoin និង​មន្រ្តី​អាណានិគម​បារាំង​ដទៃៗ​ទៀត កាលពី​ដំបូង​មាន​ការ​ខកចិត្ត​ដោយសារ​ពួកគេ​គិត​ថា ទាហាន​កម្ពុជា ខ្វះ​សេចក្តី​ក្លាហាន ប៉ុន្តែ​នៅ​ទីបំផុត ទាហាន​កម្ពុជា​ត្រូវ​បាន​សរសើរ​ចំពោះ​ភាព​ក្លាហាន​នៅលើ​សមរភូមិ។ ទាហាន​កម្ពុជា​ជាច្រើន​បាន​បម្រើ​ជា​កងទ័ព​ការពារ​តំបន់​នៅក្នុង​ប្រទេស​បារាំង​និង Macedonia។ ប៉ុន្តែ​អ្នក​ដទៃ​ទៀត បាន​ឃើញ​កងទ័ព​ជួរ​មុខ​ខ្មែរ‑វៀតណាម​នៅ​រណសិរ្ស​លោក​ខាង​លិច នៅ​សមរភូមិ Verdun នៅ​ភ្នំ Vosges នៃ Alsace និង Chemins des Dames នៅ Aisne។ ទាហាន​កម្ពុជា​ក៏​បាន​ប្រយុទ្ធ​នៅ​ភាគ​ខាង​ជើង​នៃ Salonika ផង​ដែរ​។

  • Tully បានសរសេរ​ថា កងទ័ព​ឥណ្ឌូចិន ត្រូវ​បាន​និយាយ​ជាពិសេស​ថា ក្លាហាន​ក្នុង​អំឡុង​ការ​ល្បាត​នៅ​លេណដ្ឋាន​។ «​ការ​សន្និដ្ឋាន​ចៀស​មិន​រួច​គឺ​ថា ពួកគេ​ត្រូវ​បាន​ឃើញ​ថា មាន​សេចក្តី​ក្លាហាន​ជាង​ទាហាន​អឺរ៉ុប​»។
  • លិខិត​មួយ នៅ​ខែ​តុលា ឆ្នាំ​១៩១៨ ពី Baudoin ទៅ​គ្រួសារ​ទាហាន​ស្ម័គ្រចិត្ត​ឈ្មោះ នួន ដែល​មកពី​ខេត្ត​ព្រៃវែង ដែល​ត្រូវ​បាន​សម្លាប់​នៅ​ថ្ងៃ​ទី​២៨ កក្កដា នៅ​ជួរ​មុខ​នៅ Alsace និង​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​មេដាយ Croix de Guerre ដោយ​បាន​លើក​ឡើង​អំពី​ភាព​ក្លាហាន​របស់​គាត់។ លិខិត​នោះ​សរសេរ​ថា​៖«​គាត់​ជា​ទាហាន​ក្លាហាន​ម្នាក់ ដែល​នៅ​តែ​ក្លាហាន​នៅ​ក្រោម​ការ​ទម្លាក់​គ្រាប់បែក​ខ្លាំងក្លា»។ «​គាត់​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​បំពេញ​ភារកិច្ច​»​។
  • Tully មន្រ្តី​បារាំង​ម្នាក់​ក្នុង​ខេត្ត​ព្រៃវែង បាន​សរសេរ​ទៅ Baudoin ថា​៖ «​ម្តាយ​អាយុ ៤៧ ឆ្នាំ​នេះ ធ្វើ​ស្រែ​លើ​ដីស្រែ​តូចៗ​ចំនួន​បី​។ ពួកគាត់​រស់នៅ​ក្នុង​ភាព​លំបាក​ណាស់ ដូច្នេះ ខ្ញុំ​បាន​ផ្ញើ​ប្រាក់​ឲ្យ​ពួកគាត់​ចំនួន ៣០ piastres»។ Tully បាន​កត់សម្គាល់​ថា សមរភូមិ​មួយ​នៅក្នុង​បរិយាកាស ដែល​មាន​ភ្លៀង​និង​ព្យុះ​នៅ​តំបន់ Verdun ទាហាន​កម្ពុជា​ជាច្រើន​ត្រូវ​បាន​សរសើរ​ថា​មាន​សេចក្តី​អង់អាច​ក្លាហាន​។
  • ទាហាន​កម្ពុជា​ម្នាក់​ឈ្មោះ ប៊ូ ត្រូវ​បាន​រងរបួស​ចំក្បាល ប៉ុន្តែ​មិន​ព្រម​ចាកចេញ​ពី​ការ​ប្រយុទ្ធ​ហើយ​បាន​ទទួល​នូវ​មេដាយ​អំពី​ភាព​ក្លាហាន​របស់​គាត់។ បើ​ទោះបី​ជា​ចំនួន​ទាហាន​កម្ពុជា ដែល​ស្លាប់​នៅក្នុង​ការ​បម្រើ​បារាំង​នៅក្នុង​សង្គ្រាម​នោះ​មិន​ត្រូវ​បាន​គេ​ដឹង​ក៏ដោយ ក៏​គេ​បាន​ប៉ាន់​ប្រមាណ​ថា ទាហាន​កម្ពុជា​ចំនួន​១១៥ ០០០ នាក់ ក្នុង​ចំណោម​ទាហាន​អាណានិគម​សរុប ៥៤៥ ០០០ នាក់​បាន​ស្លាប់​នៅក្នុង​សមរភូមិ​គឺ ២០​ភាគរយ​។ អ្នក​ដែល​បាន​ត្រឡប់​មក​ផ្ទះ​វិញ បាន​យក​ត្រឡប់​មក​ជាមួយ​នូវ​មេដាយ​និង​ប័ណ្ណសរសើរ និង​ប្រាក់​សោធន និង​ការ​លើកលែង​ពន្ធ និង​សម្បទាន​ដី​ដោយ​មិន​គិត​ថ្លៃ​និង​ការ​គាំពារ​សុខភាព​។

អានបន្ថែម

ប្រភព៖SPKT LIV