ខ្មែរប៉ុស្ដិ៍ Close

ចំណេះដឹងទូទៅ៖ ការពិតជនជាតិអាស៊ានយើងទេដែលជាអ្នកបានដើរជុំវិញពិភពលោកមុនគេ មិនមែនជនជាតិអឺរ៉ុបឡើយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ នគរគំនិត 41
ចំណេះដឹងទូទៅ៖ ការពិតជនជាតិអាស៊ានយើងទេដែលជាអ្នកបានដើរជុំវិញពិភពលោកមុនគេ មិនមែនជនជាតិអឺរ៉ុបឡើយ ចំណេះដឹងទូទៅ៖ ការពិតជនជាតិអាស៊ានយើងទេដែលជាអ្នកបានដើរជុំវិញពិភពលោកមុនគេ មិនមែនជនជាតិអឺរ៉ុបឡើយ

(ពិភពលោក)៖ មានមនុស្សច្រើនណាស់នៅលើពិភពលោកយើងនេះដែលយល់ច្រឡំថា លោក ហ្វ៊ែឌីណង់ ម៉ាសេឡង់ (Ferdinand Magelland) ជាអ្នកធ្វើដំណើរជុំវិញពិភពលោកមុនដំបុងគេបង្អស់នៅឆ្នាំ១៥២២ ប៉ុន្តែក្រោយមកស្រាប់តែមានឯកសារបញ្ជាក់ថា លោកមិនមែនជាអ្នកទទួលបានកិត្តិយសដ៏អស្ចារ្យនេះនោះឡើយ ព្រោះដោយសារជនជាតិព័រទុយកាល់រូបនេះបានស្លាប់នៅឆ្នាំ១៥២១ លើទឹកដីហ្វីលីពីនមុនបាត់ទៅហើយ។

ប្រហែលភាគច្រើនមានតែជនជាតិម៉ាឡេទេដែលដឹងថា អ្នកដែលបានដើរជុំវិញពិភពលោកមុនដំបូងគេបង្អស់ គឺជាអ្នកណា? ហើយថែមទាំងដឹងអំពីការប្រកាសថា លោក ម៉ាសេឡង់ ជាអ្នកបានដើរជុំវិញពិភពលោកនោះ គឺគ្រាន់តែជាការលើកមុខឱ្យពួកអឺរ៉ុប ពិសេសគឺជនជាតិអេស្ប៉ាញ និងព័រទុយកាល់តែប៉ុណ្ណោះ។

អាកា ហ៊ែនរី ដឺ ប្ល៊ែក (Aka Henry de Black) ប្រហែលជាគ្មានអ្នកស្គាល់នោះទេ ប៉ុន្តែប្រសិនបើហៅថា អង់រិក (Enrique of Malacca) ច្បាស់ជាមានអ្នកស្គាល់ច្រើន គឺគាត់នេះហើយដែលបានដើរជុំវិញពិភពលោកមុនដំបូងគេបង្អស់ គ្រាន់តែថា កាលណោះ គ្មានពួកអឺរ៉ុបណារំឭក ឬនិយាយអំពីស្នាដៃរបស់គាត់នោះឡើយ ដោយសារតែគាត់មិនមែនជាជនជាតិអឺរ៉ុប ហើយមានឋានៈថោកទាបទៀតផង។

អង់រិក ថ្វីដ្បិតជាជនជាតិអាស៊ីអាគ្នេយ៍ ប៉ុន្តែលោកបានក្លាយទាសកររបស់ជនជាតិព័រទុយកាល់ ដែលបានយកលោករួមជាមួយទាសករដទៃទៀតទៅលក់នៅលើទឹកដីម៉ាឡាកា (ប្រទេសម៉ាឡេស៊ី បច្ចុប្បន្ន)។ គ្មានអ្នកណាដឹងពីស្រុកកំណើតរបស់ អង់រិក នៅទីណានោះឡើយ គាត់ត្រូវបានពួកចោរសមុទ្រស៊ូម៉ាត្រាចាប់យកទៅធ្វើជាទាសករតាំងតែពីតូច។ គាត់ត្រូវបានគេនាំទៅដល់ប្រទេសហ្វីលីពីន ហើយក្រោយមកក៏បាននាំទៅលក់នៅប្រទេសម៉ាឡេស៊ីទៀត។

* រឿងហេតុវាយ៉ាងដូច្នេះ៖

នៅឆ្នាំ១៥១៨ លោក ម៉ាសេឡង់ បានចេញដំណើរតាមសំពៅពីប្រទេសព័រទុយកាល់ ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក វាងទ្វីបអាហ្វ្រិកជិតមួយជុំ និងបន្តហួសទៅកាន់មហាសមុទ្រឥណ្ឌា ចូលទៅដល់ទឹកដីម៉ាឡាកា ហើយក៏បានជួបនឹង អង់រិក ក្នុងផ្សារលក់ទាសករមួយនៃអាណាចក្រម៉ាឡាកា។ លោក ម៉ាសេឡង់ ហាក់មាននិស្ស័យជាមួយទាសករ អង់រិក ណាស់ ហើយក៏បានទិញយកទាសករជនជាតិអាស៊ីអាគ្នេយ៍ម្នាក់នេះ ដើម្បីយកមកបម្រើការងារធុរៈនានានៅលើសំពៅ និងជាអ្នកបកប្រែរបស់លោក ម៉ាសេឡង់ ផងដែរ ហើយពួកគេក៏បានបកក្រោយត្រលប់ទៅទីក្រុងលីស្បោន (Lisbon) ប្រទេសព័រទុយកាល់វិញ។។

បន្ទាប់មក នាយ អង់រិក ក៏បានដើរតាមលោក ម៉ាសេឡង់ ដែលជាចៅហ្វាយរបស់ខ្លួនគ្រប់ទិសទី ជាមួយនឹងការខិតខំព្យាយាមធ្វើដំណើរជុំវិញពិភពលោកផងដែរ ដែលចាប់ផ្ដើមពីឆ្នាំ១៥១៩។ ការចាប់ធ្វើដំណើរលើកនេះ គឺលោក ម៉ាសេឡង់ មិនបានធ្វើដំណើរតាមផ្លូវចាស់ ដែលចេញពីមហាសមុទ្រអាត្លង់ទិក ឆ្ពោះទៅកាន់មហាសមុទ្រឥណ្ឌានោះទេ ពោលគឺក្រុមសំពៅរបស់លោកបានចេញដំណើរពីប្រទេសព័រទុយកាល់ឆ្ពោះទិសខាងលិចតាមមហាសមុទ្រអាត្លង់ទិក កាត់ជ្រោយខាងត្បូងប្រទេសអាហ្សង់ទីន ឈីលី នៃទ្វីបអាមេរិកខាងត្បូង ទៅកាន់មហាសមុទ្រប៉ាស៉ីហ្វិកវិញ។ រីឯក្រុមសំពៅរបស់លោក ម៉ាសេឡង់ ដែលចេញដំណើរពីប្រទេសព័រទុយកាល់នោះ មានចំនួនប្រាំគ្រឿង ក្នុងនោះក៏មានសំពៅ «វិចតូរីយ៉ា» ដ៏ល្បីឈ្មោះផងដែរ។

នៅពេលធ្វើដំណើលរទៅដល់ប្រទេសហ្វីលីពីន នាឆ្នាំ១៥២១ លោក ម៉ាសេឡង់ ក៏បានអស់ជីវិតមុនបាត់ទៅ ប៉ុន្តែក្រុមដើរសំពៅជាមួយលោកក៏នៅតែបន្តដំណើរទៅមុខទៀត ដោយតំណែងមេដឹកនាំក្រុមត្រូវធ្លាក់ទៅលើលោក សេបាស្ទៀន ដែលកាណូ (Sebastian del Cano) ប៉ុន្តែនាយ អង់រិក មិនបានបន្តដំណើរពីហ្វីលីពីនទៅដល់អឺរ៉ុបវិញនោះទេ។

មូលហេតុនេះ គឺកើតឡើងដោយសារក្រោយលោក ម៉ាសេឡង់ បានស្លាប់ទៅ សេបាស្ទៀន ដែលកាណូ បានសន្យាថានឹងដោះលែង អង់រិក ឱ្យមានសេរីភាពវិញ ពោលគឺលែងជាទាសករដូចមុនទៀតហើយ។ ប៉ុន្តែ សេបាស្ទៀន បែរជាក្បត់សន្យាជាមួយ អង់រិក, ហើយ អង់រិក ក៏បានលួចរត់ចេញពីក្រុមសំពៅរបស់ សេបាស្ទៀន បាត់ទៅ។ បន្ទាប់ពីនោះមក គ្មានអ្នកណាដឹងពីដំណឹងរបស់លោក អង់រិក នោះឡើយ។

នៅពេលទៅដល់អេស្ប៉ាញ ជនមិនប្រកាន់សច្ចៈ សេបាស្ទៀន ក៏បានទទួលនូវកេរ្តិ៍ឈ្មោះកិត្តិយសល្បីល្បាញថា ជាមនុស្សដំបូងគេដែលជិះសំពៅជុំវិញពិភពលោក ក្នុងដំណើរផ្សងព្រេងតែមួយលើកប៉ុណ្ណោះ។ លោក សេបាស្ទៀន ត្រូវបានព្រះចៅអធិរាជអេស្ប៉ាញផ្ដល់រង្វាន់ជាអាវធំមួយ ដែលមានសញ្ញាផែនដី ព្រមទាំងចារឹកអក្សរថា «អ្នកជាមនុស្សដំបូងដែលនាំយើងធ្វើដំណើរជុំវិញពិភពលោក»។

ទោះបីជាយ៉ាងនេះក្ដី អាកា ហ៊ែនរី ដឺ ប្ល៊ែក ឬ អង់រិក គឺជាវីរបុរសនៃតំបន់អាស៊ីអាគ្នេយ៍តែម្នាក់គត់ ដែលបានធ្វើដំណើរជុំវិញពិភពលោកមុនគេបង្អស់ ពោលគឺរាប់តាំងពីលោកត្រូវចោរសមុទ្រស៊ូម៉ាត្រាចាប់នាំទៅហ្វីលីពីន ចេញពីហ្វីលីពីនទៅម៉ាឡាកា ហើយបន្តពីម៉ាឡាកាទៅប្រទេសព័រទុយកាល់ ចេញពីព័រទុយកាល់ទៅមហាសមុទ្រប៉ាស៉ីហ្វិក ហើយក៏បានទៅដល់ហ្វីលីពីនវិញនៅឆ្នាំ១៥២១ មុនការរត់គេចពីពួកមនុស្សគ្មានសច្ចៈក្បត់សន្យា សេបាស្ទៀន។

សរុបមកវិញ លោក ម៉ាសេឡង់ ខ្វះតែចម្ងាយពីហ្វីលីពីនមកម៉ាឡេស៊ីប៉ុណ្ណោះ លោកនឹងធ្វើដំណើរបានមួយជុំផែនដីហើយ ចំណែកលោក សេបាស្ទៀន ថ្វីដ្បិតធ្វើដំណើរបានមួយជុំផែនដីនៅឆ្នាំ១៥២២ ក៏ពិតមែន ប៉ុន្តែនៅតែសម្រេចក្រោយលោក អង់រិក ដដែល ពីព្រោះ អង់រិក ធ្វើបានសម្រេចមុននៅឆ្នាំ១៥២១៕