ខ្មែរប៉ុស្ដិ៍ Close

មកយល់ដឹងពីទីផ្សារលំនៅដ្ឋាននៅកម្ពុជា នាពេលបច្ចុប្បន្ន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 36
មកយល់ដឹងពីទីផ្សារលំនៅដ្ឋាននៅកម្ពុជា នាពេលបច្ចុប្បន្ន មកយល់ដឹងពីទីផ្សារលំនៅដ្ឋាននៅកម្ពុជា នាពេលបច្ចុប្បន្ន

កាលពីទសវត្សរ៍មុន អ្នកវិនិយោគអន្តរជាតិបានសម្លឹងមើលមកកម្ពុជាក្នុងរូបភាពខុសពីបច្ចុប្បន្ន។ ពេលនោះបានចាប់ផ្តើមគំរោងវិនិយោគរបស់ខ្លួន ដោយផ្តោតលើប្រជាជនជាអ្នកមានប្រាក់ច្រើននៅក្នុងស្រុក និងជនបរទេសចូល​មកកាន់ប្រទេ​សនេះ ប៉ុន្តែពេលនេះអ្វីៗបានចាប់ផ្តើមប្រែប្រួលហើយ ដោយសារស្ថានភាពអ​ចលនទ្រព្យ ពិសេសខុនដូថ្លៃបានស្ថិតក្នុងសភាពទ្រឹងនៅក្នុងទីផ្សារ ដែលទើបនឹងងើបឡើងមួយនេះ។

ឥឡូវនេះអ្នកវិនិយោគ និងអ្នកជំនាញសុទ្ឋតែបានចង្អុលបង្ហាញថា ទីផ្សារនេះកំពុងមានការប្រែប្រួលហើយ ព្រោះចំនួនខុនដូប្រណីតកំពុងផ្គត់ផ្គង់លើសតម្រូវការជាក់ស្តែង ប៉ុន្តែទីផ្សារលំនៅដ្ឋាន ពិសេសខុនដូសម្រាប់ប្រជាជនមានជីវភាពទាប និងមធ្យម បាននិងកំពុងហុចផលច្រើនដល់អ្នកវិនិយោគ ស្របពេលតម្រូវការកំពុងកើនឡើងនៅក្នុងក្រុមប្រជាជន ដែលមានប្រាក់ចំណូលមធ្យកំពុងកើនឡើង។

លោកឧកញ៉ា សៀ រិទ្ឋី អគ្គនាយកក្រុមហ៊ុន World Bridge Land ដែលបានបោះទុន១០០លានដុល្លារ វិនិយោគលើលំនៅដ្ឋាននៅជាយក្រុងភ្នំពេញ ដោយផ្តោត​លើ​អ្នកមានប្រាក់ចំណូលទាប និងមធ្យមបានថ្លែងថា លោកវិនិយោគគំរោងនេះ ដើម្បីជួយប្រជាជនឲ្យមានលទ្ឋភាព មានលំនៅដ្ឋានសមរម្យសម្រាប់ស្នាក់នៅ ដោយមិនគិតពីប្រាក់ចំណេញជាធំនោះទេ ព្រោះបើគិតពីប្រាក់ចំណេញជាធំ លោកនឹងមិនវិនិយោគគំរោងនេះទេ។

លោកបន្តថា “ខ្ញុំចង់ជួយប្រជាជនឲ្យមានលំនៅដ្ឋានសមរម្យសម្រាប់រស់នៅ បើខ្ញុំចង់យកប្រាក់ចំណេញច្រើន ខ្ញុំនឹងសាងសង់ខុនដូនៅកណ្តាលក្រុងហើយ”។​

លោកឧកញ៉ារូបនេះ បានវិនិយោគដោយជោគជ័យនូវអាគារខុនដូ The Bridge និងគំរោង The PeAk ជាមួយក្រុមហ៊ុន Oxley Holding ដែលមានមូលដ្ឋា​ននៅប្រទេសឹង្ហបុរី ក្នុងតំលៃទុនវិនិយោគជិត១០០០លានដុល្លារ ដើម្បីចាប់យក​អតិថិជនជាអ្នកមានប្រាក់ចំណូលខ្ពស់ ជាលទ្ឋផលគំរោងរបស់លោកជោគជ័យ ព្រោះរហូតមកទល់ពេលនេះខុនដូ The Bridge លក់អស់១០០ភាគរយហើយ ហើយគំរោងខុនដូ និងសណ្ឋាគា Shagri-la ក៏លក់បានជោគជ័យផងដែរ។

នាយកផ្នែកទីផ្សារនៃបុរី VIP លោកយ៉ែន សុខលីនបានលើកឡើងស្រដៀងគ្នាថា ប្រជាពលរដ្ឋប្រមាណ៨០ភាគរយ ដែលទើបចូលមកកាន់ក្រុងភ្នំពេញ ពួកគេមិន​ទាន់មានលំនៅដ្ឋានតម្លៃសមរម្យទេ។ ដោយមើលឃើញមូលហេតុនេះហើយ ទើបលោកសម្រេចចិត្តវិនិយោគបុរី VIP ដោយផ្តោតលើអ្នកមានជីវភាំមធ្យម និងក្រោមមធ្យម ដែលផ្ទះលក់ក្នុងតម្លៃសមរម្យមួយគឺចាប់ពី២៥០០០ដល់ជាង៤០០០០ដុល្លារ​អាមេរិក។

លោកបន្តថា “យើងមានសុទិដ្ឋិនិយម យើងជឿជាក់ថាទីផ្សារលំនៅដ្ឋានតម្លៃសមរម្យនៅតែមានតម្រូវការខ្ពស់ពីអតិថិជន”។

អ្នកនាងអាន សុធីតានាយិកាក្រុមហ៊ុន CBRE CAMBODIA បានថ្លែងថា ទីផ្សារនេះកំពុងវិវត្តន៍មកកាន់ប្រជាជនថ្នាក់កណ្តាល ព្រោះតំលៃខុនដូសម្រាប់ក្រុមប្រជាជនថ្នាក់កណ្តាល អាចឲ្យអតិថិជនក្នុងស្រុកអាចទទួលយកបាន ព្រោះនាពេល​អនាគតប្រជាជនក្នុងស្រុកនឹងរស់នៅតាមខុនដូកាន់តែច្រើន។អ្នកនាងបន្តថា កន្លងមកអ្នកអភិវឌ្ឍន៍ បានផ្តោតការសាងសង់លើខុនដូលំដាប់ប្រណីត ដែលកំពុងមាននិន្នាការកើនឡើងលើសតម្រូវការរួចទៅហើយ។

អ្នកនាងបន្តថា “ខ្ញុំគិតថាអ្នកអភិវឌ្ឍន៍គួរផ្តោតលើខុនដូសម្រាប់ប្រជាជនថ្នាក់កណ្តាល ព្រោះចំនួនប្រជាជនមានជីវភាពកម្រិតមធ្យមមានចំនួនច្រើន ជាមូលដ្ឋាន​ទីផ្សាររឹងមាំសម្រាប់ធានានិរន្តរភាពវិស័យនេះ”។អ្នកនាងបន្ថែមថា “ការអភិវឌ្ឍប្រ​សិនជាធ្វើឡើងត្រូវទីផ្សារ មានតំលៃសមស្រប មានគុណភាពល្អពិតជាល្អប្រសើរ ប៉ុន្តែអ្វីជាហានិភ័យគឺការដាក់ផលិតផលមិនត្រូវចំណែកទីផ្សារ”។

រដ្ឋាភិបាលបានទទួលស្គាល់ពីបញ្ហានេះរួចទៅហើយ ក្នុងពេលវិស័យនេះកំពុង​មានល្បឿនរីកចំរើនយឺតយ៉ាវជាងមុន។

លោកវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ទីផ្សារអចលនទ្រព្យនៅតែបន្តរីកចំរើន ដោយស្ថិរភាព មិនកាត់បន្ថយបាននូវហានិភ័យហើយ ដោយសារអ្នកវិនិយោគបានងាកមកកាន់ទីផ្សារ សម្រាប់ប្រជាជនថ្នាក់កណ្តាល ស្របពេលការលក់លំនៅដ្ឋានតាមបុរីនានាបានធ្លាក់ចុះ ប៉ុន្តែតំលៃលំនៅដ្ឋាន​នៅតាបបុរីនិមួយៗនៅតែកើនឡើង។

ស្របពេលជាមួយគ្នានេះ គំរោងយក្សមួយស្ថិតនៅខាងមុខស្តាតអូឡាំពិកគឺគំរោង Olympia CITY ក៏បានប្រកាសពីការកាត់បន្ថយកំពស់អាគារខ្ពស់បំផុតក្នុងគំរោងនេះ ពី៦៥ជាន់មក៤៥ជាន់ និងកាត់បន្ថយអាគារមួយទៀតពីកំពស់៤៥ជាន់មកនៅត្រឹម៣៨ជាន់ផងដែរ។

លោកម៉េង ចំរើនប្រធានគំរោង Olympia CITY បានថ្លែងថា ការកាត់បន្ថយកំពស់អាគារនេះ ដោយសារស្ថានភាពទីផ្សារមិនអំណោយផល ដែលធ្វើឲ្យក្រុមហ៊ុនបារម្ភពីការលំបាកក្នុងការប្រមូលធនធានត្រលប់មកវិញ។

ទោះជាយ៉ាងណា ការបារម្ភនិងទិន្នន័យវិនិយោគជាក់ស្តែងហាក់ផ្ទុយគ្នាដូចមេឃនិងដី ជាក់ស្តែងទុនវិនិយោគក្នុងវិស័យនេះ កាលពីឆ្នាំ២០១៦មានទំហំរហូតដល់​៨៥៣៤​លាន​ដុល្លារ​អាមេរិក កើន​ឡើង​១៥៥,៦៨​ ភាគរយ​ធៀប​រយៈពេល​មួយ​ឆ្នាំ​ ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥​ ជាកំណើនមួយដែលអ្នកជំនាញក្នុងវិស័យនេះ​សុទ្ឋតែមានការភ្ញាក់ផ្អើល និងបានលើជាសំណួរថា តើទឹកប្រាក់ប៉ុន្មានពិតប្រាកដដែលបានហូរចូលមកប្រទេសនេះ។

​តាម​ការ​កំណត់​និយមន័យ​របស់​ធនាគារ​ពិភពលោក​បាន​បង្ហាញ​ថា ប្រជា​ពល​រដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ចន្លោះ​ពី​១.០៤៥ ដល់​៤.១២៥​ ដុល្លារ​ក្នុង​មួយ​ឆ្នាំ ត្រូវ​ចាត់​ចូល​ជា​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​ និងប្រជាជន​មាន​ប្រាក់​ចំណូ​ល​ចន្លោះ​ពី៤.១២៥​ ដល់​១២.៧៤៦ ​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ត្រូវ​ចាត់​ចូល​ជា​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​ មធ្យម​កម្រិត​ខ្ពស់ និង​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​ក្នុង​មួយឆ្នាំ​ច្រើន​ជាង​១២.៧៤៦​ដុល្លារ ត្រូវបាន​គេ​ចាត់​ចូល​ជា​ប្រជាជន​មាន​ប្រាក់​ចំណូ​ល​ខ្ពស់។

ក្រុមហ៊ុនក្នុងស្រុកមួយ ទំនងជាបានចាប់យកឳកាសទីផ្សារខុនដូសម្រាប់ប្រ ជា​ជនមានប្រាក់ចំណូលមធ្យមមុនគេ និងមើលឃើញទីផ្សារនេះសម្រាប់គំរោង​វិនិយោគរបស់ខ្លួន។

លោកទុយ ប៊ុន អគ្គនាយក​ទទួល​បន្ទុក​ផ្នែក​បច្ចេកទេស​នៃ​ក្រុមហ៊ុន​លំនៅឋាន L កម្ពុជា​ភ្នំពេញ ដែលបានសាងសង់ខុនដូសម្រាប់ប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យមនៅទីតាំងខុសៗគ្នាជាច្រើនបាន​ថ្លែង​ថា ការ​វិនិយោគ​ខុនដូ​របស់​ក្រុមហ៊ុន​លោ​ក​ដែល​ផ្តោត​លើ​ប្រជាជន​ថ្នាក់​កណ្តាល ដោយ​សារ​ហេតុ​ផល​ចំនួន​ពីរ ទី១ ទីតាំង​របស់​លោក​មិន​អាច​ទាក់ទាញ​អ្នក​មាន​ប្រាក់​ច្រើន និង​ទី​ ២ ផ្តោត​លើ​ប្រជាជន​មាន​ជីវភាព​មធ្យម ដែល​ប្រជាជន​ក្នុង​ស្រទាប់​នេះ​មាន​ចំនួន​ច្រើនជាង​ទីផ្សារ​សម្រាប់​អ្នក​ មាន​ជីវភាព​ធូរធារ​។

ខុនដូL​បាន​លក់​ចាប់​ពី​តម្លៃ៤ ​ដល់​៨​ម៉ឺន​ដុល្លារ​អាមេរិក អាស្រ័យ​លើ​ចំនួន​បន្ទប់ និង​ជាន់​និមួយៗ​។

លោក​ទុយ ប៊ុនបានបន្ត​ថា​“​ប្រជាជនកម្ពុជានឹង​អាច​រស់នៅ​ខុន​ដូ​ច្រើន​នា​ពេល​អនាគត តាមទីកន្លែងការងារដែលពួកគេធ្វើការ ហេតុនេះទើបក្រុមហ៊ុនបាន​ផ្តល់​ការ​បង់​រំលស់​នូវ​លក្ខ​ខណ្ឌ​សមស្រប ដែល​អតិថិជន​មាន​ប្រាក់​ចំណូល​មធ្យម​អាច​មាន​លទ្ធ​ភាព​បង់​បាន”។

លោក​បន្ត​ថា​ “​ការ​វិនិយោគ​ខុនដូ​របស់​យើង​ធ្វើ​ឡើង​ សម្រាប់​គ្រួសារ​តូច ព្រោះ​​បន្ទប់​មាន​ទំហំ​ចាប់​ពី​៣០ ​ម៉ែត្រ ទៅ​៥០​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ ដូច្នេះ​គ្រួសារ​ដែល​មាន​សមាជិក​ត្រឹម​៣​នាក់ ជា​ការ​សមស្រប​ក្នុង​ការ​រស់នៅ​ខុន​ដូ​បែប​នេះ​”។

ទំហំគ្រួសារកម្ពុជាកាន់តែមានការបង្រួមតូចពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសនេះ ព្រោះយោងតាម​ការ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​របស់​ក្រសួង​សុខាភិបាលបាន​រក​ឃើញ​ថា អត្រា​មាន​កូន​​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​កម្ពុជា ​ជា​មធ្យម​បាន​ថយ​ចុះ​ពី៣នាក់កាល​ពី​ឆ្នាំ​២០១០ មក​នៅ​ត្រឹម​២,៧០​នាក់​នៅ​ឆ្នាំ​២០១៤​៕

អត្ថបទទាក់ទង