ខ្មែរប៉ុស្ដិ៍ Close

ទីបំផុត! តុលាការសម្រេចបន្តឃុំខ្លួនលោក កឹម សុខា រយៈពេល៦ខែទៀត ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំឡើយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 51
ទីបំផុត! តុលាការសម្រេចបន្តឃុំខ្លួនលោក កឹម សុខា រយៈពេល៦ខែទៀត ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំឡើយ ទីបំផុត! តុលាការសម្រេចបន្តឃុំខ្លួនលោក កឹម សុខា រយៈពេល៦ខែទៀត ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំឡើយ

(ត្បូងឃ្មុំ)៖​ ទីបំផុត! ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេល០៦ខែទៀតតាមនីតិវិធី ដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំនោះឡើយ។

សាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមបើកសវនាការជំនុំជម្រះ ឬអាចហៅថាសវនការតូចមួយ នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ដើម្បីសម្រេចថា ពន្យារពេលឬបន្តឃុំខ្លួនលោក កឹម សុខា បន្តទៀតបន្ទាប់ពីការពន្យារពេលឃុំខ្លួនលើកទី១ជិតដល់ថ្ងៃកំណត់ ដោយសារតែកាលពីខែមីនា ឆ្នាំ២០១៨នោះ សាលាដំបូង​រាជធានី​ភ្នំពេញ​ បានសម្រេចបន្តឃុំខ្លួន លោក កឹម សុខា ជាបណ្តោះអាសន្នរយៈពេល៦ខែទៀតម្តងរួចទៅហើយ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមចំពោះបទល្មើសរបស់លោក។

សវនាការនៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំនេះ ដឹកនាំដោយ ចៅក្រមជំនុំជម្រះ លោក គី ប្ញទ្ធី ហើយមានលោក សៀង សុខ ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ។ មេធាវីទាំង០៤នាក់ ដែលការពារក្តីឲ្យលោក កឹម សុខា ក៏មានវត្តមានក្នុងសវនាការក្នុងពន្ធនាគារនេះផងដែរ។

សូមបញ្ជាក់ថា ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពីយប់អាធ្រាត្រឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ​«ក្បត់​ជាតិ»​។ លោកត្រូវបានតុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ​ខេត្ត​ត្បូងឃ្មុំ ក្រោមការចោទ​ប្រកាន់​ពីបទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ។

បើតាមក្រមព្រហ្មទណ្ឌកម្ពុជា សន្ទិដ្ឋិភាពជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ឆ្នាំ​ដល់៣០​ឆ្នាំ។

ការចាប់ខ្លួន លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយនូវវីដេអូរបស់លោក ដែលសារភាពអំពីការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាអំពើក្បត់ជាតិ៕

អត្ថបទទាក់ទង