លិខិតមិត្តអ្នកអាន៖ តើសម្តីប្រកាសរបស់ កឹម សុខា នូវពាក្យ «ឈ្នះក៏ចាញ់ ចាញ់ក៏ចាញ់» ជាទ្រឹស្តីអហិង្សាឬ?
កាលពីព្រលប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នេះទំព័រហ្វេសប៊ុករបស់ «អ្នកនយោបាយតុកាហ្វេ» បានបង្ហោះនូវវីដេអូមួយ បង្ហាញនូវការប្រៀបធៀបនៃប្រវត្តិបដិវត្តន៍ពណ៌នៅប្រទេសយូហ្គោស្លាវីដែលបានទម្លាក់លោកប្រធានាធិបតីស្លូបូដាន មីឡូសូវីក ពីតំណែងក្រោយពីបក្សប្រឆាំងនៅប្រទេសយូហ្គោស្លាវីបានចាញ់ការបោះឆ្នោត និងសកម្មភាពបដិវត្តន៍ពណ៌នៅកម្ពុជាដែលបក្សប្រឆាំងបានចាញ់ការបោះឆ្នោតដែរ តែគម្រោងនៃបដិវត្តន៍ពណ៌នេះត្រូវទទួលបរាជ័យទៅវិញយ៉ាងអាម៉ាស់ ហើយផែនការសម្ងាត់នៃបដិវត្តន៍ពណ៌នេះត្រូវបានបែកធ្លាយដោយសារសម្តីសារភាពដោយផ្ទាល់របស់លោក កឹម សុខា។
ក្រោយពីបានមើលវីដេអូនេះរួចមក ខ្ញុំមានអារម្មណ៍ព្រឺសម្បុរគីង្គក់ និងគិតក្នុងចិត្តថា បើកុំតែផែនការនេះត្រូវបានបង្រ្កាបបានទាន់ពេល កុំអីពេលនេះប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងភាពវឹកវរដោយសង្គ្រាមស៊ីវិលសារជាថ្មីជាក់ជាមិនខាន ព្រោះអ្វីៗដែលលោក កឹម សុខា បាននិយាយគឺសុទ្ធតែត្រូវបានអនុវត្ត កំពុងអនុវត្ត និងបន្តអនុវត្តទៅតាមផែនការជាដំណាក់ៗស្ទើរតែដូចទាំងស្រុងទៅនឹងអំពើហិង្សា និងសកម្មភាពបដិវត្តន៍ពណ៌នៅក្នុងវីដេអូនៅប្រទេសយូហ្គោស្លាវី។
ដូច្នេះ ការនាំខ្លួនជនជាប់ចោទ កឹម សុខា មកធ្វើការជំនុំជំរះនៅពេលនេះ គឺពិតស័ក្តិសមនឹងអំពើដែលគាត់បានប្រព្រឹត្តនូវបទឧក្រិដ្ឋព្រហ្មទណ្ឌក្បត់ជាតិនេះបំផុត។
ចំណុចដែលខ្ញុំចាប់អារម្មណ៍បំផុតនៅក្នុងវីដេអូនោះគឺអ្វីៗដែល «អ្នកវិភាគនយោបាយតុកាហ្វេ» ចង់លើកមកបញ្ជាក់គឺសុទ្ធតែជាសកម្មភាពនៃការផ្លាស់ប្តូររបប និងផ្លាស់ប្តូរអំណាចដោយអំពើហិង្សា និងមិនមែនតាមបែបប្រជាធិបតេយ្យដោយការបោះឆ្នោតនោះឡើយ។ ផ្ទុយមកវិញ រាល់សម្តីរបស់លោក កឹម សុខា នៅក្នុងអង្គសវនាការគឺគាត់នៅតែប្រកែកថាការតស៊ូដណ្តើមអំណាចរបស់គាត់គឺធ្វើតាមបែបអហិង្សា មិនយកខ្មែរណាជាសត្រូវ ប៉ុន្តែ សម្តីរបស់លោក កឹម សុខា នៅក្នុងវីដេអូ ដែលអ្នកវិភាគនយោបាយតុកាហ្វេ បានយកមកបង្ហាញគឺជាសម្តីញុះញង់ បង្កឱ្យមានហិង្សាក្នុងន័យដើម្បីផ្តួលរំលំយ៉ាងពិតប្រាកដ។ ខ្ញុំសូមដកស្រង់សម្តីទាំងនេះមកបង្ហាញជូនខ្លះៗដូចតទៅ៖
នៅថ្ងៃទី២៤ ខែមេសា មុនការបោះឆ្នោតឆ្នាំ២០១៣ នោះទៅទៀត លោក កឹម សុខា បានគំរាមជាមុនរួចស្រេចទៅហើយថា «ឆ្នាំ២០១៣នេះគណបក្សកាន់អំណាចបច្ចុប្បន្នឈ្នះក៏ចាញ់ ចាញ់ក៏ចាញ់»។ បន្ទាប់មកទៀត ក្រោយពីលទ្ធផលបោះឆ្នោតបានបង្ហាញថាបក្សប្រឆាំងចាញ់ការបោះឆ្នោត អតីតគណបក្សប្រឆាំងបានប្រើលេសថាមានការបន្លំសន្លឹកឆ្នោតដើម្បីទម្លាក់រដ្ឋាភិបាល ហើយពេលនោះលោក កឹម សុខា បានប្រកាសដោយក្រអឺតក្រទមថា «យើងត្រូវការទម្លាក់អ្នកចេញហើយ….ហ៊ុន សែន អើយចុះចេញទៅ…..ដូរមិនដូរ ដូរ…..បើដាក់ជណ្តើរឱ្យចុះមិនចុះ អង្រួនឱ្យចុះ…..។ល។» ។ តើសារនយោបាយដែលលោក កឹម សុខា បានស្រែកយ៉ាងអាក្រោកនៅតាមដងផ្លូវ និងនៅទីលានធ្វើបាតុកម្មទាំងនោះគឺជាសារអហិង្សាដូចការប្រកែកនៅក្នុងសវនាមែនឬ? គឺពិតជាមិនមែន។
ជាការពិតហើយ នៅក្នុងអង្គសវនាការ ការប្រកែកមិនព្រមទទួលកំហុសវាគឺជាសិទ្ធិរបស់ជនជាប់ចោទ និងមេធាវីរបស់ជនជាប់ចោទក្នុងការនិយាយភូតកុហក ដោះសារ ដើម្បីដោះបន្ទុក។ ដូចគ្នានេះដែរ សារជាតិរបស់ចោរ មិនដែលសារភាពថាខ្លួនជាចោរនោះទេ។ ប៉ុន្តែ នៅក្នុងអង្គសវនាការ ការសម្រេចសេចក្តីថាត្រូវមានទោស ឬគ្មានទោស គឺពិតជាផ្អែកទៅលើភស្តុតាង សាក្សី និងសកម្មភាព ថាតើមានភាពស៊ីសង្វាក់គ្នាជាមួយសកម្មភាពជាក់ស្តែងរបស់ជនជាប់ចោទដែរឬទេ? ប៉ុន្តែ តាមរយៈការធ្វើសវនាការចំនួន៧លើកកន្លងមកនេះ គេសង្កេតឃើញថាក្រៅពីភស្តុតាងដែលបានដាក់ដោយមេធាវីដើមបណ្តឹងដែលមានទាំងវីដេអូឃ្លីប និងឯកសាររហូតដល់ចំនួន៣ វ៉ាលីសធំៗនោះ រួមទាំងភស្តុតាងរឹងមាំបន្ថែមបន្ទុកដោយខ្លួនឯងរបស់ជនជាប់ចោទផងនោះ គឺប្រហែលជាពិបាកនឹងគេចផុតពីការជាប់ទោសមិនខានឡើយ។ ហើយអ្វីដែលលោក កឹម សុខា បានព្យាយាមកែខ្លួនលាងជម្រះនូវអំពើក្បត់ជាតិរបស់ខ្លួននៅពេលនេះគឺការបន្តកុហក និងបោកប្រាស់ប្រជាពលរដ្ឋខ្មែរជុំវិញការអនុវត្តទ្រឹស្តីនយោបាយអហិង្សាក្នុងគោលដៅសម្រេចបំណងការធ្វើបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋអំណាចរបស់ខ្លួនដដែល៕
ដោយ៖ ពង្ស សុក្រឹត្យ