៥ ចំណុច រៀនភាសាអង់គ្លេសចេះលឿន ពីលោក ស៊ាង សុបញ្ញា (មានវីដេអូ)
ភ្នំពេញ៖ លោក ស៊ាង សុបញ្ញា បានចែករំលែកគន្លឹះសំខាន់ៗ ចំនួន៥ចំណុច ក្នុងការសិក្សាភាសាអង់គ្លេស ឲ្យចេះលឿន និងមានប្រសិទ្ធភាព។ គន្លឹះទាំង៥នោះ រួមមាន ទី១.ការបង្កើតទម្លាប់និយាយភាសាអង់គ្លេស ជាប្រចាំថ្ងៃ។ ទី២. ការអាន។ ទី៣.គឺអានតាមគេ។ ទី៤.ការហ្វឹកហាត់ខួរក្បាល ក្នុងការបង្កើតពាក្យ ឬឃ្លា និងទី៥. អនុវត្តបកប្រែភ្លាមៗ ឬបកប្រែប្រដេញដោយខ្លួនឯង។
លោក បញ្ញា នឹងពន្យល់លម្អិតពីគន្លឹះនីមួយៗ នៅក្នុងវីដេអូខាងក្រោម៖
លោក ស៊ាង សុបញ្ញា ជាកូនចៅអ្នកកំពង់ចាម ដែលបានចាប់ផ្ដើមរៀនភាសាអង់គ្លេស នៅពេលដែលលោកមកបន្តការសិក្សានៅសាកលវិទ្យាល័យ ក្នុងឆ្នាំ១៩៩៨។ ក្នុងរយៈពេល២ឆ្នាំដំបូង លោកបញ្ញា បញ្ជាក់ថា លោកប្រឹងប្រែងរៀនភាសាអង់គ្លេសខ្លាំងណាស់ ព្រោះលោកចង់បានអាហារូបករណ៍ទៅសិក្សានៅបរទេសនៅពេលនោះ ហើយអង់គ្លេស ជាភាសាអន្តរជាតិមួយដែលខ្វះមិនបានផងនោះ។
តាមរយៈការប្រឹប្រឹង លោកបញ្ញា បានអភិវឌ្ឍន៍សមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសជាបន្តបន្ទាប់។ លោកបានក្លាយជាគ្រូបង្រៀនភាសានេះ និងបន្ទាប់មកបានបង្រៀន ជាភាសាអង់គ្លេសនៅសាកលវិទ្យាល័យ។ ក្រោយមកនៅអំឡុងឆ្នាំ២០០៦ ពេលដែឡក្រុមការងារសាលាក្ដីខ្មែរក្រហមចូលមកកម្ពុជា លោកក៏ជាបុគ្គលទី១ ដែលបានធ្វើជាអ្នកបកប្រែ នៅទីនោះ មុននឹងជាប់អាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅអូស្ត្រាលី ពីឆ្នាំ២០០៨ ដល់២០០៩។
ជាមួយការវិវត្តទាំងនេះ លោក បញ្ញា បានចងក្រងរបៀបរៀនភាសាអង់គ្លេស ឲ្យមានប្រសិទ្ធភាពសម្រាប់អ្នកដែលនិយាយភាសាអង់គ្លេសតែមិនមែនជនជាតិដើម ជាពិសេសក្នុងប្រទេសដែលមិនប្រើប្រាស់ភាសាអង់គ្លេសប្រចាំថ្ងៃ។ គន្លឹះរៀនភាសាអង់គ្លេសឆាប់ចេះ និងមានប្រសិទ្ធភាពរបស់លោក ស៊ាង សុបញ្ញា មាន៥ ចំណុច។ ទី១.ការបង្កើតទម្លាប់និយាយភាសាអង់គ្លេស ជាប្រចាំថ្ងៃ។ ទី២. ការអាន។ ទី៣.គឺអានតាមគេ។ ទី៤.ការហ្វឹកហាត់ខួរក្បាល ក្នុងការបង្កើតពាក្យ ឬឃ្លា និងទី៥. អនុវត្តបកប្រែភ្លាមៗ ឬបកប្រែប្រដេញដោយខ្លួនឯង។
គន្លឹះទី១ ការបង្កើតទម្លាប់និយាយភាសាអង់គ្លេសរាល់ថ្ងៃ។ ចំណុចទី១ គឺលោកបានរៀបចំបញ្ជីកិច្ចការដែលលោកត្រូវធ្វើក្នុងមួយថ្ងៃៗ ហើយពេលមកដល់ផ្ទះ មុនចូលគេង លោកពិនិត្យមើលបញ្ជីកិច្ចការទាំងនោះឡើយវិញ ដោយមើលថាតើអ្វីដែលបានធ្វើហើយ អ្វីដែលមិនទាន់ធ្វើ ហើយខ្លួនបានរៀនអ្វីខ្លះពេញមួយថ្ងៃនោះ។ លោក បញ្ញា អះអាងថា ការបង្កើតទម្លាប់ប្រើភាសាអង់គ្លេសប្រចាំថ្ងៃដូច្នេះ ធ្វើឲ្យលោកអាចនិយាយបានដោយស្រួល។ ទន្ទឹមនឹងនោះ លោក បញ្ញា ក៏បានបង្កើតស្តាប់ចម្រៀងជាភាសាអង់គ្លេស ជាពិសេសការមើល ព័ត៌មានជាអង់គ្លេស ប្រមាណ១៥នាទីមួយថ្ងៃផងដែរ។
ចំណុចទី២ គឺការអាន។ ការអានពិតមានឥទ្ធិពល សម្រាប់លោកស៊ាង សុបញ្ញា។ ជាមួយគ្នានេះ គឺលោកតែងតែងអនុវត្តន៍ការនិយាយ សួរ និងឆ្លើយសំណួរតែម្នាក់ឯង ដូចជាគ្រូ បង្រៀនសិស្សិដូច្នោះដែរ។
ទី៣ គឺអានតាមគេ។ លោក បញ្ញា បានបញ្ជាក់ថា លោកចូលចិត្តស្ដាប់កម្មវិធី VOA Special English ។ ការពិតទៅ មិនត្រឹមតែជាការស្តាប់នោះទេ គឺលោក អាន និងរៀនបញ្ចេញសំឡេង តាមអ្នករាយការណ៍នោះ។ ជំហ៊ានបន្ទាប់គឺ លោកបញ្ញា អាន(បញ្ចូលសំឡេងខ្លួនឯង)ទៅក្នុងសេចក្តីរាយការណ៍នោះ។
ទី៤ ការហ្វឹកហាត់បង្កើតពាក្យ ឬឃ្លាថ្មី ប៉ុន្តែរក្សាអត្ថន័យដើមដដែល។ បើតាមលោក បញ្ញា ការធ្វើដូច្នេះគឺជាការហ្វឹកហាត់ខួរក្បាលឲ្យចេះបង្កើតពាក្យថ្មីបានលឿន។
ចំណុចចុងក្រោយ គឺការបកប្រែភ្លាម ឬបកប្រែប្រដេញ។ ការធ្វើដូច្នេះដូចហ្វឹកហាត់ការបង្កើតប្រយោគ ឲ្យត្រូវតាមក្រឹតក្រមវេយ្យាករណ៍របស់ភាសាអង់គ្លេស។ នេះជាការបញ្ជាក់របស់លោក ស៊ាង សុបញ្ញា៕
ប្រភពពី៖ គេហទំព័រព័ត៌មាន ថ្មីៗ