ខ្មែរប៉ុស្ដិ៍ Close

ចំណេះដឹងទូទៅ៖ នៅសម័យអាណានិគម តើបារាំងដណ្ដើមឡាវពីសៀមបានដោយរបៀបណា?

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០ នគរគំនិត 12
ចំណេះដឹងទូទៅ៖ នៅសម័យអាណានិគម តើបារាំងដណ្ដើមឡាវពីសៀមបានដោយរបៀបណា? ចំណេះដឹងទូទៅ៖ នៅសម័យអាណានិគម តើបារាំងដណ្ដើមឡាវពីសៀមបានដោយរបៀបណា?

(ឥណ្ឌូចិន)៖ ក្រោយពេលអាណាចក្រឡានឆាងបែកខ្វែកជា៣នគរ ទឹកដីលាវទាំងមូលបានធ្លាក់នៅក្រោមការត្រួតត្រារបស់សៀមអស់រយៈពេល ១១៥ឆ្នាំ គឺចាប់ពីគ្រិស្ដសករាជ ១៧៧៨-១៨៩៣ ប៉ុន្តែចាប់ពីចុងសតវត្សរ៍ទី១៩ រហូតដល់ពាក់កណ្ដាលសតវត្សរ៍ទី២០ ប្រទេសលាវដដែលនេះក៏បានក្លាយជាដែនដីអាណានិគមរបស់ចក្រពត្តិបារាំងវិញ។

ជុំវិញព្រឹត្តិការណ៍នេះ Fresh News Plus សូមលើកឡើងត្រឹមតែរយៈពេលដែលលាវធ្លាក់ក្រោមការត្រួតត្រារបស់សៀម រហូតដល់ក្លាយជាដែនដីអាណានិគមរបស់បារាំងប៉ុណ្ណោះ ដែលមានសេចក្ដីដូចតទៅ៖

នៅគ្រិស្ដសករាជ ១៧៧៨ ព្រះចៅតាក់ស៉ីន (១៧៣៤-១៧៨២) នៃក្រុងធនបុរីរបស់សៀម បានលើកទ័ពមកវាយដណ្ដើមយកប្រទេសលាវទាំងមូល ដែលកំពុងបែកបាក់ជា៣នគរ គឺនគរហ្លួងព្រះបាង នៅភាគខាងជើង នគរវាំងចន្ទន៍ នៅភាគកណ្ដាល និងនគរចម្ប៉ាស័ក នៅភាគខាងត្បូង។ នៅពេលវាយយកលាវបានសម្រេចហើយនោះ ព្រះចៅតាក់ស៉ីនបានដាក់នគរនេះជានគរចំណុះ និងតម្រូវឱ្យបញ្ជូនគ្រឿងបណ្ណាការ សួយសារអាករមកឱ្យសៀមជាប្រចាំឆ្នាំ។ ប្រទេសសៀម នៅចុងរជ្ជកាលព្រះចៅតាក់ស៉ីន ក៏បានប្ដូររាជធានីពីក្រុងធនបុរីទៅក្រុងរតនគោសិន្ទវិញ ដែលជាក្រុងទេពមហានគរ ឬក្រុងបាងកកបច្ចុប្បន្ន។

រហូតដល់រជ្ជកាលព្រះចៅសៀម ណាងក្លាវចៅយូហួ រាមាទី៣ (១៧៨៨-១៨៥១) នគរលាវដែលដឹកនាំដោយព្រះចៅអនុវង្ស (១៧៦៧-១៨២៨) បានព្យាយាមរើបម្រាស់ចេញពីអំណាចត្រួតត្រារបស់សៀម ប៉ុន្តែជាអកុសលចលនារំដោះជាតិនេះបែរជាទទួលបរាជ័យទៅវិញ ហើយព្រះចៅក្រុងរតនគោសិន្ទ ក៏បានលើកទ័ពទៅកម្ទេចក្រុងវាំងចន្ទន៍របស់លាវឱ្យរាបដូចកន្ទេល ហើយបានចាប់ព្រះអង្គអនុវង្សយកមកឃុំនៅក្រុងរតនគោសិន្ទ។

ខណៈដែលនរគសៀមកំពុងត្រួតត្រាប្រទេសលាវដដែលនេះ ក្រុងវាំងចន្ទន៍ក៏ស្រាប់តែរងនូវការលុកលុយពីសំណាក់កងទ័ពមហាឆេងរបស់ចិន រហូតទទួលបានជ័យជម្នះ និងគ្រប់គ្រងប្រទេសលាវជំនួសសៀមបានមួយរយៈ។

ប្រទេសសៀមកាលណោះ សោយរាជ្យដោយព្រះចៅមហាចុឡាលង្ករណ៍ រាមាទី៥ (១៨៥៣-១៩១០)។ ដោយឃើញមហាឆេងហ៊ានលូកថ្លើមដណ្ដើមប្រទេសលាវពីខ្លួនយ៉ាងដូច្នេះ ព្រះអង្គក៏បានបញ្ជាឱ្យមេទ័ពម៉ឺនប្រាចាក់សិល្បៈ ខុម លើកទ័ពទៅបោះជំរុំនៅភាគខាងជើងនគរលាវ និងឡើងទៅកម្ចាត់កងទ័ពមហាឆេងពីរាជធានីក្រុងវាំងចន្ទន៍ និងពួកដែលរត់ទៅខេត្តសៀងខ្វាងឱ្យបរាជ័យយ៉ាងដំណំ។ ក្រោយព្រឹត្តិការណ៍នេះ នគរសៀមក៏បានគ្រប់គ្រងនគរលាវបន្តរហូតដល់គ្រិស្ដសករាជ ១៨៩៣ ទើបអំណាចចក្រភពមួយនេះប្រឈមនឹងវិបត្តិថ្មីមួយទៀត នោះគឺការប៉ះទង្គិចជាមួយអាណានិគមបារាំងនៅឥណ្ឌូចិន។

នៅគ្រិស្ដសករាជ ១៨៥៨ ពួកអាណានិគមបារាំងបានចាប់ផ្ដើមចាប់អារម្មណ៍ និងគិតចង់ពង្រីកអំណាចចូលមកកាន់ដែនដីទន្លេមេគង្គ ដោយបានបញ្ជូនលោក អង់រី មូហ៊ូត (អ្នករកឃើញប្រាសាទអង្គរឡើងវិញ) ឱ្យធ្វើដំណើរតាមដងទន្លេមេគង្គ ដើម្បីរកវិធីចូលមកធ្វើជំនួញជាមួយប្រទេសចិនខាងត្បូង ក្នុងគោលបំណងប្រជែងជាមួយអាណានិគមអង់គ្លេស ដែលចូលត្រួតត្រាភូមានាពេលជាមួយគ្នានោះ។

មុននឹងចូលកាន់កាប់ប្រទេសលាវ ចក្រពត្តិបារាំងបានត្រួតត្រាដែនដីកម្ពុជាក្រោម និងប្រទេសកម្ពុជាទាំងមូលនៅគ្រិស្ដសករាជ ១៨៦៣ ហើយបានត្រួតត្រាលើប្រទេសវៀតណាមទាំងមូលនៅគ្រិស្ដសករាជ ១៨៨៣។

ចំពោះប្រទេសលាវមិនអាចគេចចេញពីចង្កូមអាណានិគមធំៗទាំងនេះបានឡើយ ព្រោះបើគេចទៅខាងលិចនឹងជួបសៀម បើគេចទៅខាងកើត ឬខាងត្បូង នឹងជួបបារាំងដែលកំពុងត្រួតត្រាកម្ពុជា និងវៀតណាម ហើយបើគេចទៅខាងជើងអាចនឹងជួបអង់គ្លេស ដែលកំពុងត្រួតត្រាភូមា និងផ្នែកខ្លះនៃមហាឆេង។ ប៉ុន្តែនៅចុងបញ្ចប់ប្រទេសលាវក៏បានធ្លាក់នៅក្រោមការត្រួតត្រារបស់បារាំង។

នយោបាយយោធាដ៏សំខាន់មួយដែលបារាំងដណ្ដើមលាវពីកណ្ដាប់ដៃសៀម គឺដោយសារនាសម័យនោះ បារាំងដាក់ស្ថានអគ្គកុងស៊ុលរបស់ខ្លួនប្រចាំនៅរាជធានីក្រុងបាងកក ដែលមានលោក ស្សង់ មារី អូហ្គូស ប៉ាវី (Jean Marie August Pavi) ជាអគ្គកុងស៊ុល។ នៅពេលទទួលបានព័ត៌មានពីលោក អង់រី មូហ៊ូត អំពីដែនដីប្រទេសលាវរួចហើយ បារាំងបានបញ្ជាឱ្យអគ្គកុងស៊ុល ប៉ាវី ដែលប្រចាំការនៅបាងកកនោះចាប់ផ្ដើមធ្វើការ។

លោក ប៉ាវី បានបញ្ជាឱ្យកងទ័ពជើងទឹកបារាំងបិទផ្លូវនាវាចរណ៍នៅឈូងសមុទ្រសៀមទាំងអស់ ដើម្បីមិនឱ្យមានសកម្មភាពពាណិជ្ជកម្ម និងយោធាជើងទឹកឡើយ។ បារាំងធ្វើយ៉ាងដូច្នេះ គឺក្នុងគោលបំណងបង្ខំឱ្យព្រះរាជវាំងក្រុងបាងកក ប្រគល់ប្រទេសលាវឱ្យខ្លួនដាក់អាណានិគមវិញ។

ខណៈនោះ សៀមបានរត់ទៅសុំជំនួយពីចក្រភពង់គ្លេស ដែលកំពុងដាក់អាណានិគមលើប្រទេសភូមា ប៉ុន្តែមិនបានផលដូចចិត្តសោះឡើយ ទើបនៅគ្រិស្ដសករាជ ១៨៩៣ ព្រះចៅមហាចុឡាលង្ករណ៍ ព្រមចុះសន្ធិសញ្ញាប្រគល់ប្រទេសលាវដែលនៅខាងឆ្វេងទន្លេមេគង្គឱ្យបារាំងគ្រប់គ្រងវិញ៕


ប្រភព៖ FreshNews