ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ

(កំពង់ធំ)៖ នារសៀលថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈ
អចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ថោង ខុន, ឯកឧត្តម ថោ ជេដ្ឋា, ឯកឧត្តម នាង ផាត, ឯកឧត្តម សួស យ៉ារ៉ា, លោកជំទាវ កុយ ពិសី, លោកជំទាវ ឃួន ឃុនឌី, ឯកឧត្តម ស៊ុំ សន្និសិទ្ធ, លោកជំទាវ សាយ សំអាត, ឯកឧត្តម នួន ផារ័ត្ន, ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ប្រធាននិងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ-សង្កាត់ ព្រមទាំងគណៈកម្មាធិការគណបក្សខេត្ត ស្រុក ក្រុង។
ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្ត ក៏ដូចជាក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ និងកងកម្លាំងទាំងអស់ ដែលបានរៀបចំនិងចូលរួមគាំទ្រព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» នាពេលថ្មីៗកន្លងមកនេះបានយ៉ាងអធិកអធម ដោយរក្សាបាននូវសន្តិសុខ និងសណ្ដាប់ធ្នាប់ល្អ ដើម្បីផ្តល់នូវភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ធំ ដោយរួមទាំងអ្នកដំណើរឆ្លងកាត់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយព្រឹត្តិការណ៍នេះក៏បានជួយលើកមុខមាត់ខេត្តកំពង់ធំឱ្យកាន់តែបានខ្ពង់ខ្ពស់ឡើងជាលំដាប់ផងដែរ។
ឯកឧត្តម វង្សី វិស្សុត ក៏បានថ្លែងការកោតសរសើរចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានចុះជាប់ជាមួយនឹងប្រជាជន និងបានបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយសហថាមពល និងប្រទាក់ក្រឡាគ្នា ក្នុងការចូលរួមដោះស្រាយបញ្ហាជីវភាពប្រជាជននៅមូលដ្ឋាន ក៏ដូចជាសំណូមពរ និងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន។ ទន្ទឹមនេះ ក្រុមការងារតាមវិស័យនានា ក៏សម្រេចបាននូវលទ្ធផលការងារជាច្រើនផងដែរ ហើយជាក់ស្តែង ដូចជា៖ បានរៀបចំផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោយរួមទាំងគម្រោងវិនិយោគសាធារណៈ និងការងារជួសជុលថែទាំងផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត, ការរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ, និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការស្វែងរកទីផ្សារផលិតផល, ការដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជន និងការផ្តល់មេធាវីការពារក្តីជូនប្រជាជន ព្រមទាំងការជួសជុលនិងស្ថាបនាផ្លូវបានជាច្រើនខ្សែ តាមសំណូមពររបស់ប្រជាជន ដោយក្រុមការងារចល័តអន្តរាគមន៍ពិសេសរបស់ក្រុមការងារ។ ឯកឧត្តមបានបន្តថា កិច្ចខិតខំប្រឹងប្រែងជាអង្គតែមួយ និងមានសាមគ្គីភាព និងឯកភាពផ្ទៃក្នុងរឹងមាំរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសមិទ្ធផលការងារជាច្រើនដែលសម្រេចបាន គឺជាចលនការថ្មីមួយប្រកបដោយក្តីសង្ឃឹមជឿជាក់ ក្នុងការសម្រេចបាននូវចក្ខុវិស័យប្រែក្លាយខេត្តកំពង់ធំឱ្យទៅជាមូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ជាពិសេសដើម្បីត្រៀមខ្លួនឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ខាងមុខ។
បន្ទាប់ពីអង្គប្រជុំបានស្តាប់របាយការណ៍របស់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ និងក្រោយពីការចូលរួមមតិយោបល់យ៉ាងផុលផុសរួចមក ឯកឧត្តម វង្សី វិស្សុត បានផ្ដល់ការណែនាំដល់ក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ បន្តរួមកម្លាំងគ្នាជាកម្លាំងសរុប ប្រកបដោយថាមវន្ត ដើម្បីបន្តអនុវត្តនូវការដ្ឋានជាយុទ្ធសាស្ត្រទាំង ៣ របស់ក្រុមការងារ គឺទី១. ការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជនពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ, ប្រាក់ចំណូល, ការងារ, ការប្រកបអាជីវកម្ម និងមុខរបរផ្សេងៗ ដោយរួមទាំងការធ្វើកសិកម្ម និងវិស័យផ្សេងទៀតក្រៅពីកសិកម្ម, ការបង្កើនគុណភាព និងប្រសិទ្ធភាព នៃសេវាសាធារណៈគ្រប់ប្រភេទ ដូចជា សេវាសន្តិសុខសណ្តាប់ធ្នាប់, សេវាយុត្តិធម៌, សេវាអប់រំ, សុខាភិបាល, រដ្ឋបាល និងសេវាពាក់ព័ន្ធអាជីវកម្ម, ធុរកិច្ច និងប្រព័ន្ធសង្គម ព្រមទាំងបន្តដោះស្រាយបញ្ហាសមធម៌ និងយុត្តិធម៌សង្គម ទី២. ការកសាង និងពង្រឹងគណបក្ស តាមរយៈការពង្រឹងការដឹកនាំនៅគ្រប់ថ្នាក់, ការធ្វើជាគំរូល្អ និងការរៀបចំប្រព័ន្ធការងារ និងរបៀបរបបការងារ ទន្ទឹមនឹងការជំរុញកសាងសមាជិកគណបក្សបន្ថែម ទាំងបរិមាណនិងគុណភាព ដោយផ្តោតជាពិសេសលើយុវជន និង ទី៣. ការទប់ស្កាត់រាល់ឧបាយកលទុច្ចរិត ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន ទន្ទឹមនឹងការធ្វើការងារសាធារណៈមតិ និងប្រតិកម្មរហ័សចំពោះការញុះញង់និងការមួលបង្កាច់នានា។
ទន្ទឹមនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់ការណែនាំដល់ក្រុមការងារត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្តលើកិច្ចការអាទិភាពមួយចំនួន ដូចជា៖ ការបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព, ការបន្តការងារចុះបញ្ជីបង្ហើយដើម្បីចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៥, ការងារចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីបោះឆ្នោតដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥, ការពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់កម្រិតនៅមូលដ្ឋាន, ការពង្រឹង និងការកសាងពង្រីកសមាជិកបក្ស, ការរៀបចំ និងពង្រឹងអង្គការចាត់តាំងយុវជនគណបក្ស ឱ្យក្លាយជាកម្លាំងស្រួច និងឈានមុខ, ការពង្រឹងរបៀបរបបការងារ ជាពិសេសរបបប្រជុំ និងរបបរាយការណ៍, ការកៀរគរ និងការពង្រឹងការងារគ្រប់គ្រងនិងចាត់ចែងធនធានហិរញ្ញវត្ថុ, ការពន្លឿនការសាងសង់ និងជួសជុលទីស្នាក់ការគណបក្សនៅមូលដ្ឋាន និងការងារឃោសនាអប់រំ ព្រមទាំងការរៀបរយបងប្អូនដែលទើបបានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាឱ្យបានល្អប្រសើរ។
នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម វង្សី វិស្សុត ក៏បានប្រកាសផ្តល់ការឧបត្ថម្ភជាថវិកាបដិភាគសម្រាប់ គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំចំនួន ២០ ម៉ឺនដុល្លារអាម៉េរិក សម្រាប់រយៈពេល ៤ឆ្នាំ និង បន្តផ្តល់ការឧបត្ថម្ភប្រេងចំនួន ១ម៉ឺនលីត្របន្ថែមទៀត ដើម្បីបន្តគាំទ្រដល់ប្រតិបត្តិការទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ព្រមទាំងឧបត្ថម្ភថវិកាសម្រាប់ការកាត់អាវយុវជនគណបក្សចំនួន ៥០០០ អាវផងដែរ។