ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរអប្សរាយកដើមគ្រញូងដែលចោរលួចកាប់ទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 98

ហេតុការណ៍មួយបានកើតឡើង ដោយជនមិនស្គាល់មុខបានលួចកាប់ដើមគ្រញូងមួយដើម ស្ថិតក្នុងរមណីយដ្ឋានអង្គរ។ ភ្លាមៗ ក្រោយទទួលបានដំណឹងពីអាជ្ញាធរមូលដ្ឋាន អាជ្ញាធរជាតិអប្សរា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងបានសម្រេចដកហូត ដឹកជញ្ជូនឈើដែលចោរកាប់ផ្ទួលនោះ មករក្សាទុកនៅទីមានសុវត្ថិភាព។

កូនឈើគ្រញូងមួយដើម ត្រូវបានជនមិនស្គាល់មុខ បានលួចកាប់នៅយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសាស្រ្ដភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។ ប្រជាពលរដ្ឋដែលបានដឹងហេតុការណ៍នេះ បានផ្តល់ដំណឹងភ្លាមៗទៅអាជ្ញាធរជាតិអប្សរាដើម្បីអន្តរាគមន៍ និងទប់ស្កាត់មិនឱ្យមានការដឹកជញ្ជូនចេញ។

បុគ្គលិកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា លោក ស៊ិន ពិសី បានឱ្យដឹងថា បន្ទាប់ពីមានការសម្របសម្រួលពីភាគីពាក់ព័ន្ធ គ្រញូងដែលគេលួចកាប់នោះ បានយកទៅរក្សាទុកនៅស្នាក់ការតំបន់ការពារឧទ្យានអង្គររបស់មន្ទីបរិស្ថានខេត្តសៀមរាប នៅថ្ងៃទី១០ ខែសីហា។ លោករម្លឹកថា ក្រោយដឹងហេតុការណ៍នៅយប់ថ្ងៃទី៨មកនោះ ភាគីពាក់ព័ន្ធបានសហការយ៉ាងយកចិត្តទុកដាក់ ដោយបានប្រើកម្លាំងយាមត្បាតជាប់រហូត ព្រោះបារម្ភខ្លាចក្រុមជនខិលខូចចូលមកដឹកជញ្ជូនឈើដែលកាប់រួច។

បើតាមការបញ្ជាក់របស់លោក ស៊ិន ពិសី ដដែល គ្រញូងដែលត្រូវគេលួចកាប់នោះមានទំហំមិនធំប៉ុន្មានទេ គឺមានមុខកាត់ជិត ៤តឹក ឯបណ្តោយជាង ២ម៉ែត្រប៉ុណ្ណោះ (កន្លែងដែលមានតម្លៃ)។ លោកបន្ថែមថា ភូមិសាស្រ្ដដែលជនមិនស្គាល់មុខលួចកាប់នោះ គឺចុះពីផ្លូវកៅស៊ូប្រមាណ ១០ម៉ែត្រប៉ុណ្ណោះ តែវានៅដាច់ឆ្ងាយពីផ្ទះអ្នកភូមិបន្ដិច ណាមួយយប់ដែលកាប់នោះ មានភ្លៀងធ្លាក់ពេញមួយយប់ផងដែរ ដែលជាឱកាសសម្រាប់ក្រុមអ្នករកស៊ីគ្រញូង៕

អត្ថបទទាក់ទង