ចិន ថាបរទេស មិនគួរជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះទេ
លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិន បាននិយាយថា បរទេសមិនគួរជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក្រោយការបោះឆ្នោតនោះទេ។ ការថ្លែងនេះ ធ្វើឡើងក្នុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នៅក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅសិង្ហបុរី។
ការលើកឡើងរបស់ Wang Yi ខាងលើនេះ គឺបន្ទាប់ពីមានប្រទេសមួយចំនួន បានរិះគន់ការបោះឆ្នោតនៅកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី២៩កក្កដា ២០១៨ ថា គ្មានភាពសេរី ត្រឹមត្រូវ យុត្តិធម៌ មិនតំណាងឱ្យឆន្ទៈប្រជាពលរដ្ឋខ្មែរ និងមិនអាចទទួលយកបានឡើយ។
ជាមួយគ្នានេះ លោក Wang Yi ក៏បានអបអរសាទរកម្ពុជា ដែលបានរៀបចំការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ហើយបានសន្យាថា ចិននឹងបន្តជួយកម្ពុជា ក្នុងការរក្សាស្ថិរភាព និងការអភិវឌ្ឍ។
សូមបញ្ជាក់ដែរថា ក្នុងជំនួបនេះ ភាគីទាំង២ បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ចិន និងបញ្ហាតំបន់ និងអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោក ប្រាក់ សុខុន នៅលើទំព័រហ្វេសប៊ុករបស់លោក នៅក្រោយជំនួបនេះ៕
ប្រភព៖ ខ្លីៗ