ទំព័រ Facebook (Fresh News) របស់បណ្តាញព័ត៌មាន Fresh News ត្រូវបានជនអនាមិក លួចយកទៅគ្រប់គ្រង
ទំព័រ Facebook (Fresh News) របស់បណ្តាញព័ត៌មាន Fresh News ត្រូវបានជនអនាមិក លួចយកទៅគ្រប់គ្រង នៅព្រឹកព្រលឹម ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ហើយបង្ហោះព័ត៌មានមិនត្រឹមត្រូវប្រមាថដល់ថ្នាក់ដឹកនាំ។ នៅពេលនេះ ក្រុមការងារបច្ចេកទេសរបស់ Fresh News បានកំពុងដោះស្រាយបញ្ហានេះ ។
ភ្លាមៗបន្ទាប់ពីមានក្រុមជនអនាមិកចូលលួចទៅគ្រប់គ្រងទំព័រហ្វេសប៊ុក Fresh news ភ្លាម ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានបញ្ចេញប្រតិកម្មព្រមៗគ្នា ថា ទង្វើនេះបង្កឡើងដោយក្រុមងងឹត ដែលមានចេតនាចង់បង្កចលាចលក្នុងសង្គមខ្មែរ ជាពិសេស គឺបង្ហាញនូវការឃុតឃិតគ្នារបស់ក្រុមប្រឆាំងជាមួយជនទុច្ចរិតក្នុងការប្រមាថមកលើថ្នាក់ដឹកនាំប្រទេសកម្ពុជា។
អ្នកប្រើប្រាស់បណ្តាញសង្គម បានសរសេរថា ៖
ក្រុមជនងងិត នៅតែចិញ្ចឹមចិត្តក្នុងគោលដៅប្រមាថមេដឹកនាំកម្ពុជា និងបំផ្លាញស្ថិរភាពជាតិរបស់ប្រជាជនតាមគ្រប់រូបភាពនិងគ្រប់មធ្យោបាយ។
សូម្បីទំព័រ Facebook សារព័ត៌មាន ក៏គេជ្រៀតលួចចូល ប្រែក្លាយ មធ្យោបាយសារព័ត៌មាន ដើម្បីប្រើប្រាស់ជា «គ្រាប់ដ៏ពិសពុលនិងគ្រោះថ្នាក់» បាញ់ប្រហារមកលើកម្ពុជាយ៉ាងអសីលធម៌បំផុត។
ថ្ងៃនេះ ពួកជនងងិត បានចូលលួចទំព័រ Facebook Fresh News ហើយពេលចូលបានភ្លាម គឺគេបង្កើតសារក្នុងចេតនាធ្វើឲ្យចលាចលសង្គមភ្លាម។ ក៏ប៉ុន្តែ បំណងអាក្រក់ អំពើប្រមាថនេះ គឺគ្មានប្រសិទ្ធិទេ ហើយពួកជនងងិតទៅវិញទេ ដែលជួបចលាចលក្នុងក្រុមរបស់ខ្លួន ហើយខ្លះកំពុងរត់យកប្រាស់អាយុយ៉ាងពិតប្រាកដ។ កុំចង្អុលទៅអ្នកដទៃ ហើយអស់លោកទទួលយកបណ្តាសារ និងកម្មផលពិតនៅក្នុងជាតិនេះបន្តបន្ទាប់ចុះ។
សូមអង្គភាពសារព័ត៌មាន បន្តមានការប្រុងប្រយ័ត្នខ្ពស់ ហើយសូមមហាជនកុំជឿលើព័ត៌មានប្រឌិត និងព័ត៌មានបំពុល៕