ដូណាល់ ត្រាំ មិនជឿថារុស្ស៊ីជាអ្នកលូកលាន់កិច្ចការបោះឆ្នោតអាមេរិកនោះឡើយ ខណៈស្ថាប័ន FBI និងក្រុមស៊ើបការណ៍សម្ងាត់អាមេរិកជឿថា គឺរុស្ស៊ី
ហ្វាំងឡង់៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខការពាររុស្ស៊ីពីការចោទប្រកាន់ពាក់ព័ន្ធនឹងការលូកដៃចូល ក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ នៅក្នុងបរិបទដែល FBI និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកជាច្រើនទៀតសុទ្ធតែជឿថា រុស្ស៊ីជាអ្នកនៅពីក្រោយការលូកលាន់នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។
លោក ត្រាំ បានបង្កការភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីជំនួបមួយស្មើជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់ អស់រយៈពេលជាង ២ម៉ោង នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយលោកផ្ទាល់បានសម្ដែងការប្រឆាំងជំទាស់ នឹងទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក ហើយថាគ្មានហេតុផល ឬភស្ដុតាងណាមួយចោទប្រកាន់លើទីក្រុងម៉ូស្គូថា ជាអ្នកលូកលាន់ក្នុងកិច្ចការ បោះឆ្នោតអាមេរិកនោះឡើយ។
ចំណែកឯលោក ពូទីន ក៏បានបដិសេធដែរថា រុស្ស៊ីមិនដែលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ សហរដ្ឋអាមេរិកនោះទេ។ លោក ដូណាល់ ត្រាំ ថ្លែងបែបនេះនៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថា តើលោកជឿជាក់លើទីភ្នាក់ងារស៊ើបការណ៍សំងាត់ របស់លោក ឬក៏លោកពូទីន។ «ប្រធានាធិបតីរុស្ស៊ី ពូទីន និយាយថាមិនមែនរុស្ស៊ីនោះទេ ហើយខ្ញុំក៏មើលមិនឃើញថា មានភស្ដុតាង ឬហេតុផលណាមួយថា រុស្ស៊ីជាធ្វើវាបោះដែរ»។ នេះគឺជាចម្លើយតបរបស់លោក ត្រាំ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក បានសន្និដ្ឋានថា រុស្ស៊ីជាអ្នកនៅពីក្រោយការលូកដៃចូលក្នុងកិច្ចការបោះឆ្នោតអាមេរិក ដើម្បីជួយឱ្យលោក ដូណាល់ ត្រាំ ផ្ដួលលោកស្រី ហ៊ីលឡារី គ្លីនតុន។ មួយវិញទៀតកាលពីប៉ុន្មានថ្ងៃមុន រដ្ឋអាជ្ញាពិសេសអាមេរិកបានចោទប្រកាន់មន្រ្តីរុស្ស៊ី ១២រូប ជុំវិញការលូកលាន់ចូលកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦ ហើយទាំងអំពាវនាវឱ្យលោក ត្រាំ លុបចោលជំនួបជាមួយលោក ពូទីន ទៀតផង៕